Top Mobile Banner

លទ្ធផលបន្ទាប់ពីជជែកដេញដោល ហារីស – ត្រាំ តើការស្ទង់មតិវាយតម្លៃយ៉ាងដូចម្តេច?

​​អឺរ៉ុប ថ្ងៃទី១៧កញ្ញា២០២៤
ជជែកដេញដោល របស់បេក្ខជនប្រធានាធិបតី ឌណល ត្រាំ តទល់នឹង កាម៉ាឡា ហារីស កាលពីថ្ងៃទី១០កញ្ញាកន្លងទៅ បានទាក់ទាញទូរទស្សនិកជនចំនួន៦៧លាននាក់ ឲ្យចូលមកមើលកម្មវិធីមួយនេះ គឺជាការងាកមកយកចិត្តទុកដាក់រឿងនយោបាយ ច្រើនជាងកាលពីជជែកដេញដោល ជោ បាយដិន នឹង ឌណល ត្រាំ កាលពី២ខែមុន ។ ការចាប់អារម្មណ៍ដំបូងបង្អស់ បន្ទាប់ពីការជជែកដេញដោល បានចប់ទៅភ្លាម យោបល់អ្នកកាសែតជាទូទៅបានភ្លឺភ្នែកថា«កាម៉ាឡាបានឈ្នះ» ក្នុងការប្រកួតដណ្តើមការទុកចិត្តពីអ្នកបោះឆ្នោត តែលោកត្រាំបានថ្លែងនៅចំពោះមុខអ្នកកាសែត ភ្លាមៗបន្ទាប់មកថា«ក្នុងការជជែកដេញដោលនោះ លោកធ្វើបានប្រសើរណាស់» តែអ្នកកាសែតបានបង្ហាញថា«គេពុំបានជឿយ៉ាងដូច្នោះនោះទេ»… ស្អែកព្រឹកឡើង ក៏និយាយផ្ទុយមកវិញ!ថា«លោកជាអ្នករងគ្រោះ ពីព្រោះអ្នកកាសែត ABC អយុត្តិធម្មចំពោះរូបលោកខ្លាំងណាស់ ។
កាម៉ាឡា ហារីស បេក្ខនារីគណបក្សប្រជាធិបតេយ្យ ចូលទៅចាប់ដៃ ឌណល ត្រាំ បេក្ខជន គណបក្សសាធារណរដ្ឋ ពេលប្រកួតសម្តី
កាម៉ាឡា ហារីស នៅរក្សា«គម្លាតឈ្នះ»របស់ខ្លួនបានរហូតមកដល់ថ្ងៃនេះ ការស្ទង់មតិចុងក្រោយ បានឲ្យកាម៉ាឡា ៤៨% ទល់នឹង ឌណល ត្រាំ ៤៥,៤% នេះគឺនៅ៧សប្តាហ៍មុនពេលបោះឆ្នោត ថ្ងៃទី៥វិច្ឆិការខាងមុខ។
មានរដ្ឋខ្លះ ដែលគេហៅថារដ្ឋដែលផ្លាស់ប្តូរមិនទៀង(Swing states)គឺបេក្ខជនអាចយកឈ្នះ ឬក៏ទៅជាចាញ់ នៅលើតែរដ្ឋទាំងនោះ ដែលមានទាំងអស់ចំនួន៧រដ្ឋ, ការស្ទង់មតិឲ្យ កាម៉ាឡា ហារីស ឈ្នះនៅ៤រដ្ឋ គឺនៅ ផែស៊ីវេនា មីឈីគ្ហន់ វីកុងស៊ីង នឹង ណេវ៉ាដា រីឯ ឌណល ត្រាំ នាំមុខនៅ៣រដ្ឋ គឺ រដ្ឋអារីហ្សូណា ជ័រជ្យា នឹង ការ៉ូឡាយណាខាងជើង ។ ថ្វីត្បិតតែឃើញថា កាម៉ាឡាឈ្នះក្នុងកំរឹត១,៣ពិន្ទុនៅរដ្ឋណេវ៉ាដា ឬក៏ត្រាំឈ្នះបាន១,២ពិន្ទុនៅរដ្ឋអារីហ្សូណាក្តី ពិន្ទុនោះនៅក្នុងចន្លោះភណ្ឌច្រឡំនៅឡើយ ដូច្នេះមិនទាន់ចាត់ទុកថានរណាឈ្នះឬចាញ់ បាននៅឡើយទេ។
គេនៅចាំបាននៅឡើយថា កាលពីឆ្នាំ២០១៦ នៅក្នុងការបោះឆ្នោត ត្រាំ ទល់នឹង ហ៊ីឡារី គ្លីងតុន លោកស្រី គ្លីងតុន បានឈ្នះឆ្នោត៣លានសន្លឹកលើស ឌណល ត្រាំ ប៉ុន្តែ ត្រាំបែរជាឈ្នះឆ្នោតទៅវិញ ដោយសារតែប្រព័ន្ធបោះឆ្នោត គេរើស«ដំណាងប្រចាំរដ្ឋ»(Delegues)នៅក្នុងរដ្ឋនិមួយៗ នោះឯង ដូច្នេះបេក្ខជនត្រូវយកឈ្នះបាន«ដំណាងរដ្ឋ» ឲ្យបានចំនួនលើសពី២៧០នាក់ សារ៉ុបនៅទូទាំងប្រទេស (សារ៉ុបគឺ៥៣៨នាក់) ទើបប្រកាសថា«ឈ្នះ»បាន ។
នៅឯនាយសមុត្រ សហភាពអឺរ៉ុប ជាអង្គការកាពារអឺរ៉ុប ហៅថា«អូតង់» គេធ្លាប់ឆ្លងវិបត្តិដ៏អាក្រក់ជាច្រើន កាលពីជំនាន់រដ្ឋបាលលោក ឌណល់ ត្រាំ ដូច្នេះគេពុំទាន់ ភ្លេចនៅឡើយទេនាពេលនេះ ដូចជានៅពេលដែលអាមេរីកប្រកាសដកខ្លួនចេញពីអឺរ៉ុប ចេញពីកម្មវិធីបរិដ្ឋាន ដកចេញពីការទប់ស្កាត់កំដៅផែនដី …ដើម្បីយកខ្លាំងតែម្នាក់ឯង, គេមិនចង់ឃើញ ត្រាំ ត្រឡប់មកកាន់សេដ្ឋវិមានម្តងទៀតទេ ដូច្នេះពួកគេសប្បាយចិត្តនឹងឃើញ កាម៉ាឡា ឈ្នះ ។ ចំណែកប្រធានាធិបតី ពូទីន ប្រធានាធិបតីនៃប្រទេស រុស្សីវិញ ប្រកាសគាំទ្រ កាម៉ាឡា ហារីស ទៅវិញដែរ តែមិនគាំទ្របក្ខពួកខាង ឌណល ត្រាំ ដូចគ្រាមុនៗ ទេ ។ នៅសហរដ្ឋអាមេរីក គេអាចបោះឆ្នោតបានច្រើនយ៉ាង មានអ្នកបោះឆ្នោតដោយ«ផ្ញើរសម្លេង»ក៏បាន គេអាចបោះឆ្នោតរបៀបនេះ ចាប់តាំងពីថ្ងៃទី៦កញ្ញានេះទៅហើយ(សន្លឹកឆ្នោតផ្ញើរសម្លេងនោះ អាចឡើងដល់ចំនួន៧០%នៃអ្នកទៅបោះឆ្នោត) ឬក៏ទៅបោះឆ្នោតដោយផ្ទាល់ខ្លួនក៏បាន នៅថ្ងៃទី៥ វិច្ឆិកា ២០២៤តែ ម្តង ៕
ព័ត៌មានទាក់ទង