ដោយ ខ្មែរប៉ុស្តិស.រ.អា
ឡូវែល, ថ្ងៃទី៥តុលា២០២៤
តាំងពីជាង២សប្តាហ៍មកហើយ ដែលប្រជាពលរដ្ឋឡូវែលបណ្តាក់គ្នា ទៅវត្តនានាដែលនៅជុំវិញក្រុង ដើម្បីប្រគេនចង្ហាន់ហើយឩទ្ទិសផលបុណ្យកុសល ទៅជូនបុព្វបុរស ជីដូនជីតា មាតាបីតា មាមីង ជាអ្នកមានគុណ ក្រែងលោកបានលាចាកលោកនេះទៅហើយ ពុំបានទទួលសម្បត្តិសួគ៍ បែរជាទៅលំបាកវេទនា នាឯឋាននរកទៅវិញ នេះជាជំនឿតៗគ្នាមកពីអតីតកាល របស់ខ្មែរយើង។
នៅវត្តអារាមប្រមាណ៥ នៃតំបន់ប្តុំក្រុងឡូវែល ដ៏សម្បូរជនជាតិខ្មែររស់នៅ មានវត្ត«ត្រៃរតនារាម»ដែលខ្មែរឡូវែល ទៅធ្វើបុណ្យ បានកើតមុនគេឆែមស្វឺត ដោយព្រះគ្រូចៅអធិការ សៅ ឃន, នឹងបន្តរមក មានវត្ត«ពន្លឺពុទ្ធចក្រ»វត្ត«ឡូវែល»នឹងវត្ត«អង្គរ»ដែលឋិតនៅក្នុងឡូវែលតែម្តង, វត្តផ្សេងទៀតក្បែរឡូវែលដែរគឺវត្ត«សាមគ្គី..»ឋិតនៅធីងបូរ៉ូ ។ ព្រះសង្ឃមិនបានអនុញ្ញាត្តិឲ្យចេញទៅក្រៅវត្តនាឱកាសនេះទេ គេហៅថា«ចូលវស្សា» គឺលោកត្រូវនៅចាំទទួលគ្រួសារពុទ្ធបរិស័ទ ដែលបានដាក់វេនគ្នា ចំនួន១៥ថ្ងៃ គេហៅថា«កាន់បិណ្ឌ» ដែលលើកគ្នាមកប្រគេងចង្ហាន់ នឹងប្រគេនទេយ្យទាននានា មានស្បង់ចីវរ អង្គរស្បៀង នឹងមានទានធូប ជាបរិក្ខាចាំបាច់គ្រប់យ៉ាង សម្រាប់ព្រះសង្ឃ អាចប្រារព្ធពិធីសាសនានៅក្នុងវត្តនិមួយៗបាន សម្រាប់រយៈពេល១ឆ្នាំទៅមុខ ។ ដូច្នេះនៅថ្ងៃគម្រប់ទី១៥ នៃខែតុលានោះ គេនាំគ្នាប្រារព្ធរួមគ្នា ពិធីបុណ្យ«ភ្ជុំបិណ្យ»ពេញមួយថ្ងៃ ។ បន្ទាប់ពីថ្ងៃភ្ជុំនោះទៅ ព្រះសង្ឃត្រូវនៅគង់ចាំវស្សាបន្តរ២ខែទៀត ដើម្បីហាត់រៀនធម្មផង នឹងឲ្យពុទ្ធបរិស័ទ រៀបចំដង្ហែរ«កឋិនទាន»ចូលវត្ត ដើម្បីជាការឱបត្ថម្ភសម្ភារៈ នឹងបរិក្ខាចាំបាច់ សម្រាប់ព្រះសង្ឃប្រើប្រាស់ក្នុងវត្តផង។
នៅថ្ងៃពិធី«បុណ្យភ្ជុំបិណ្ឌ»នោះ គេឃើញមនុស្សម្នា អ៊ូអរនាំគ្នាទៅវត្ត ដៃមានយួរស្រាក់មានដាក់ម្ហូប មានខ្លឹនឈ្ងុយឆ្ងាញ់ ជញ្ជូនមកដោយញាតិញោម ក្នុងសំលៀកបំពាក់ទំនៀមទំលាប់ខ្មែរដ៏ស្រស់ស្អាត ហើយទទួលយ៉ាងរាក់ទាក់ ដោយព្រះសង្ឃ អាចារ្យវត្ត នឹងបាសកជើងវត្ត គេរមែងឭសម្លេងជូនពរ សម្លេងសូត្រធម៍ យ៉ាងរងំ។ បុណ្យភ្ជុំបិណ្ឌនេះ ជាបុណ្យក្នុងសាសនាព្រះពុទ្ធ«ថេរវាទ»ដ៏មានប្រជាប្រីយភាព នៅប្រទេសកម្ពុជា នឹងនៅឡូវែលនេះផងដែរ។
ព្រះតេជគុណ មី ឡែម ចៅអធិការវត្តអង្គរ វត្តដែលកើតក្រោយគេ នៅទីដ៏ស្ងប់ស្ងាត់ក្បែរមាត់ទឹកដ៏តូចច្រឡឹងមួយ មានសង្ឃដីការពីពិធិបុណ្យភ្ជុំបិណ្ឌនោះថា«ពុទ្ធបរិស័ទនាំគ្នាយកចង្ហាន់ប្រគេងព្រះសង្សនៅថ្ងៃផ្ជុំនោះ ក្នុងបំណង នាំគ្នារំលឹកគុណទៅដល់មាតាបីតា ជីដូនជីតា ដែលបានចែកឋានទៅហើយនោះ… ទាំងអស់គ្នាជឿថាផលបុណ្យដែលកើតពីចិត្តសទ្ធាទាំងឡាយ នឹងបញ្ជូនម្ហូបអាហាដ៏បរិបូណ័នោះ ទៅដល់មាតាបីតា ឬជីដូនជីតា នឹងបុព្វបុរស់គែបានជាមិនខានឡើយ…. បើតាមអ្នកប្រតិបត្តិវិបស្សនាវិញ ពុំមានជំនឿយ៉ាងជាក់ច្បាស់ ថាំបុណ្យកុសលទាំងឡាយនោះ នឹងទៅដល់បុព្វបុរស ឬក៏មិនដល់នោះទេ ដោយហេតុថា ពុំមាននរណាម្នាក់ មានបញ្ញ្ញញាណខ្ពង់ខ្ពស់ ក្នុងព្រះពុទ្ទសាសនា ជាអង្គព្រះអរហន្ថ ឬក៏អង្គព្រះអរហត្ត នៅឡើយទេ»…នៅលើសំនួរថា មាននរកប្រែត ដែលអាចជាបុព្វបុរស នៃពុទ្ធបរិស័ទ មកស៊ីបាយបោះ នៅពេលភ្ជុំបិណ្យ នៅះជាអ្វីទៅ? ព្រះតេជគុណ មី ឡែម តបថា«នោះ ជាមនុស្សគេអាចមើលឃើញ រីឯអមនុស្ស យើងមើលមិនឃើញទេ យើងក៏មិនអាចនិយាយថាមាន អមនុស្ស មកទទួលបាយបោះយើងបានដែរ ទានទាំងឡាយដែលពុទ្ធបរិស័ទធ្វើទៅហើយ របែងបានទៅដល់ញាតិ បើមិនឆ្ងាយក៏ជិតដែរ បើមិនបានមួយក៏បានទៅដល់មួយទៀត ពីព្រោះញាតិដែលបាត់បង់ជីវិតទៅហើយនោះ មានចំនួនច្រើនអាណែកកប្បកា» ។ សំនួរជាបន្តរស្តីពី ទស្សនៈប្រែត នឹង បីសាច មានប្រទេសខ្លះ ដែលកាន់សាសនាថេរវាទដូចខ្មែរយើងដែរ បានបញ្ឈប់ប្រារព្ធពិធីបុណ្យភ្ជុំបិណ្យ រួចទៅហើយ តើហេតុអ្វី? ព្រះអង្គ មី ឡែមានសង្ខដីកាបន្តរថា«ចុទិបដិសន្ធិ មនុស្សដែលស្លាប់ទៅ ទៅកើតនៅទីដទៃ ប្រែរូបជាសត្វផ្សេង តាមគម្ពិបុរាណនិយាយថា ប្រេតគឺជាអរូបីយ ដែលមករកយើងឲ្យជួយ គេមើលយើងឃើញ យើងមើលគេមិនឃើញវិញទេ តែយើងបែរជាខ្លាចក៏មាន តែតាមពិតទៅមិនដែលនរណាមានយកភស្តុតាងណាមកបង្ហាញបានទេ អាត្មាយល់ថា យើងជួបជុំគ្នាធ្វើបុណ្យនេះ គឺជាសទ្ធាខ្លាំងណាស់ដែលមានបំណងរួមគ្នា ផ្សាយនូវមេត្តាធម៌ ជួយដល់សព្វសត្វ ដែលមានទុក្ខទោសដូច្នោះ…ចំណែកឯប្រទេសដែលឈប់ប្រារព្ធបុណ្យភ្ជុំបិណ្យ មានប្រទេសថៃ ប្រទេសភូមា ប្រទេសស្រីលង្ការ (ប្រទេសឡាវ មិនដឹងទេ).».។
ម្ហូបអាហារដ៏បរិបូរណ៍នឹងធ្វើដ៏ប្រណិត សម្រាប់ជាចង្ហាន់ប្រគេនព្រះសង្ឃ ក៏ក្នុងបំណងឱទ្ទិសឲ្យទៅដល់បុព្វបុរស ជាអ្នកមានគុណទាំងឡាយ ដែលបានបរិច្ចាកទៅដល់អ្នកដែលចែកឋានទៅហើយ ជាការសម្តែងទឹកចិត្តនឹករលឺកដឹងគុណពីកូនចៅ នៃគន្លងព្រះពុទ្ទសាសនាខ្មែរ ដែលនៅមានជីវិតនៅឡើយ។
ចង្ហាន់ដែលកូនចៅទាំងអស់ បានប្រគេនចំពោះព្រះសង្ឃនោះ គឺជាទានសម្តែងនូវសទ្ធាជ្រះថ្លារបស់កូនចៅ សង្ឃឹមថានឹងបានបូជាតាមឱទ្ទិសតាមមេត្តាធម៍ ឲ្យបានទៅជាកុសល ជូនដល់មាតាបីតាជីដូនជីតាជាបុព្វបុរសដូចក្តីបំណង។ រីឯកូនចៅវិញ ក៏បានទទួលនូវផលបុណ្យ ទទួលបាននូវភាពរីករាយក្នុងចិត្ត ដោយបានសងគុណមនុស្សជាទីស្រឡាញ់របស់ខ្លួនបានសម្រេច ។ រីឯវត្តអារាមទាំងឡាយវិញ ក៏បានទទួលនូវការឩបត្ថម្ភយ៉ាងសមរម្យ ពីសំណាក់«ទាន»របស់ពុទ្ធបរិស័ទ ជាបច្ច័យផងនឺងជាសម្ភារៈផង ឲ្យអាចមានដំណើរការ ជា«ទីសក្ការៈរបស់ប្រជាជន»ក្នុងតំបន់តូចមួយ នៃសហរដ្ឋអាមេរីកថែមទៀត ៕