Top Mobile Banner

ព្រះរាជា​ខ្មែរ​ប្រារព្ធ​ទិវា​គ្រង​រាជ្យសម្បត្តិ​ ក្នុង​របប​ដែល​អ្នកប្រាជ្ញ​ហៅថា​រស់រាន​ដោយ​ប្លន់​អំណាច

ដោយ ឌឹ ខេមបូឌា ដេលី
ប្រទេស​កម្ពុជា ប្រារព្ធ​ពិធី​គ្រង​រាជ្យសម្បត្តិ​ខួប ២០​ឆ្នាំ​នៃ​ព្រះករុណា​ព្រះបាទ សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី យ៉ាង​អធិកអធម​ជាង​រាល់​ឆ្នាំ ដែល​មាន​រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៨ ដល់​ថ្ងៃទី​៣០ ខែ​តុលា ឆ្នាំ​២០២៤ ខណៈ​ក្រុម​អ្នក​ឃ្លាំមើល​សង្គម​ថា​ព្រះអង្គ​ជា​ក្សត្រ​រងគ្រោះ​មួយ​ព្រះអង្គ​ដែល​ត្រូវ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន ចាប់​ទុក​ជា​ចំណាប់ខ្មាំង​ក្នុង​ការ​ប្រើប្រាស់​អំណាច​តាម​ទំនើង​ចិត្ត​របស់​គាត់ ដើម្បី​បំផ្លាញ​ប្រជាធិបតេយ្យ។

នៅ​ក្នុង​ព្រះរាជ​ពិធី​ខួប ២០​ឆ្នាំ​នៃ​ការ​ឡើង​គ្រង​រាជ្យសម្បត្តិ​នៃ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ថ្នាក់ដឹកនាំ​កំពូលៗ​នៅ​ប្រទេស​កម្ពុជា​មាន​ទាំង​ប្រធាន​ព្រឹទ្ធសភា ប្រធាន​រដ្ឋសភា នាយករដ្ឋមន្ត្រី និង​មន្ត្រី​ជាន់ខ្ពស់​ផ្សេងៗ​ទៀត ព្រមទាំង​រាជវង្សានុវង្ស​ផង​ដែរ​ក្នុង​ពិធី​សាសនា​នៅ​ឯ​ព្រះបរមរាជវាំង។

គណៈកម្មការ​រៀបចំ​បុណ្យ​ជាតិ-អន្តរជាតិ បាន​ណែនាំ​ឲ្យ​រាជធានី-ខេត្ត​រៀបចំ​តាំង​ព្រះ​បរម​ឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ តុបតែង​លម្អ​ភ្លើង​បំភ្លឺ ទង់ជាតិ ទង់​សាសនា បដា​ពាក្យ​ស្លោក ជាដើម ព្រមទាំង​មាន​កម្មវិធី​ចុះ​សួរ​សុខទុក្ខ​អ្នកជំងឺ​តាម​មន្ទីរពេទ្យ កុមារ​កំព្រា ជន​ពិការ និង​ចាស់​ជរា​ដែល​គ្មាន​ទីពឹង។

នៅ​ថ្ងៃទី​២៩ ខែ​តុលា មាន​ព្រះ​រាជពិធី​ថ្វាយ​ព្រះពរ​នៅ​ក្នុង​ព្រះបរមរាជវាំង ហើយ​នៅ​ថ្ងៃទី​៣០ ខែ​តុលា ជា​ថ្ងៃ​ចុងក្រោយ នឹង​មាន​រៀបចំ​មិទ្ទីញ​មហាជន​នៅ​ខាង​មុខ​ព្រះបរមរាជវាំង។ បន្ទាប់​មក នៅ​ពេល​យប់ គឺ​មាន​ការ​អុជ​កាំជ្រួច​រយៈពេល ៣​យប់​ជាប់​គ្នា ដើម្បី​ញ៉ាំង​ឲ្យ​ពិធីបុណ្យ​ប្រព្រឹត្ត​ទៅ​យ៉ាង​មហោឡារិក​ជាង​រាល់​ឆ្នាំ។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily កន្លង​មក​ថា ក្នុង​រយៈពេល ២០​ឆ្នាំ​ដែល​ព្រះមហាក្សត្រ​ខ្មែរ​គ្រង​រាជ្យសម្បត្តិ ព្រះអង្គ​បាន​បំពេញ​ព្រះរាជ​មុខនាទី និង​ព្រះរាជកិច្ច​តិចតួច​បំផុត ហើយ​អាច​បំពេញ​បាន​តែ​ខាង​ផ្លូវ​មនុស្សធម៌​ប៉ុណ្ណោះ ខណៈ​ខាង​កិច្ចការ​នយោបាយ ព្រះអង្គ​មិន​បាន​បំពេញ​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ឡើយ។

លោក ម៉ែន ណាត អះអាង​ថា ការ​ដែល​ព្រះអង្គ​មិន​បាន​បំពេញ​ព្រះរាជ​មុខនាទី និង​ព្រះរាជកិច្ច​បែប​នេះ គឺ​ដោយសារ​ព្រះអង្គ​ជា​ក្សត្រ​រងគ្រោះ​មួយ​ព្រះអង្គ​ដែល​ត្រូវ​លោក ហ៊ុន សែន ចាប់​ទុក​ជា​ចំណាប់ខ្មាំង​ក្នុង​ការ​ប្រើប្រាស់​អំណាច​ទំនើង​ចិត្ត​របស់​គាត់ ដើម្បី​បំផ្លាញ​ប្រជាធិបតេយ្យ រំលោភ​ច្បាប់ កម្ទេច​ក្រុម​ប្រឆាំង និង​ចាប់​សកម្មជន​នានា ជាដើម។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា ទង្វើ​អាក្រក់​ដែល​លោក ហ៊ុន សែន បាន​ធ្វើ​ដោយ​យក​ព្រះមហាក្សត្រ​មក​បាំង​ពី​មុខ​សព្វថ្ងៃ​នេះ គឺជា​ចេតនា​ដ៏​ស្មោកគ្រោក​មួយ​ដែល​គាត់​ចង់​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​នគរ បាត់​ជំនឿ​លើ​ព្រះមហាក្សត្រ​របស់​ខ្លួន ស្រប​ពេល​ដែល​លោក ហ៊ុន សែន ខ្លួនឯង​កំពុង​លើក​តម្កើង​ខ្លួន​ស្មើ​នឹង​ស្តេច​ផែនដី​ក្នុង​នាម​ជា​ប្រមុខរដ្ឋ​ស្តីទី​នៅ​ពេលនេះ​ទៅ​ហើយ​នោះ។

ព្រះមហាក្សត្រ​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ត្រូវ​បាន​សម្រេច​ជ្រើស​តាំង​ឡើង​គ្រង​រាជ្យសម្បត្តិ​នៅ​ថ្ងៃទី​២៩ ខែ​តុលា ឆ្នាំ​២០០៤ ដោយ​ក្រុមប្រឹក្សា​រាជ្យសម្បត្តិ​ចំនួន ៩​រូប ក្រោយ​ព្រះបិតា​ព្រះអង្គ គឺ​ព្រះបាទ​សម្តេច​ព្រះ នរោត្តម សីហនុ បាន​ដាក់​រាជ្យសម្បត្តិ​នៅ​ថ្ងៃទី​០៧ ខែ​តុលា ឆ្នាំ​២០០៤។

ទោះជា​យ៉ាងណា​ក៏ដោយ រយៈពេល​នៃ​ការ​គ្រងរាជ្យ​របស់​ព្រះអង្គ​អស់ ២០​ឆ្នាំ​មក​នេះ ត្រូវ​គេ​លើកឡើង​ថា ព្រះអង្គ​បាន​រង​នូវ​ការ​ប្រមាថ និង​រំលោភបំពាន​ពី​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន គ្រប់​បែប​យ៉ាង រួម​ទាំង​ការ​គំរាមកំហែង​យ៉ាង​ធ្ងន់ធ្ងរ​ថែម​ទៀត។

កាលពី​អំឡុង​ឆ្នាំ​២០០៥ លោក ហ៊ុន សែន បាន​គំរាម​រំលាយ​របប​រាជា​និយម គឺ​មាន​ន័យ​ថា បំបាត់​ស្តេច​ចេញពី​ទឹកដី​ខ្មែរ​តែម្តង ប្រសិនបើ​ព្រះអង្គ​មិន​ឡាយព្រះហស្ត​លើ​សន្ធិសញ្ញា​ខុស​ច្បាប់​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ ដើម្បី​ឱ្យ​គាត់​អាច​ប្រើប្រាស់​សន្ធិសញ្ញា​នេះ​កាត់​ទឹកដី​ខ្មែរ​ឱ្យ​ទៅ​វៀតណាម ទេ​នោះ។

គួរ​រៀន​ពិនិត្យ​មើល​របៀប​គ្រប់គ្រង​នៅ​ស្រុក​ខ្មែរ​សព្វថ្ងៃ​ជា​ការ​រៀនសូត្រ ថា​តើ​វា​ដូច ឬ​ត្រូវ​នឹង​អ្វី​អ្នកប្រាជ្ញ​ក្រិក ប្លាតុង និង អារីស្តូត និយាយ​កាលពី​ជាង ២០០០​ឆ្នាំ​មុន​ឬ​ទេ ដើម្បី​សម្គាល់​របៀប​ដឹកនាំ​នៃ​មេដឹកនាំ​ណា​ម្នាក់។

អ្នកប្រាជ្ញ​ក្រិក និយាយ​ថា៖ របប​ដឹកនាំ ទោះ​ជា​ដឹកនាំ​ដោយ​មនុស្ស​ម្នាក់ ដូចជា​ស្តេច monarchy ក៏ដោយ បើ​គិត​អំពី​កិច្ចការពារ​ផល​ប្រយោជន៍​ប្រជារាស្ត្រ​ជា​ធំ គេ​មិន​ទាន់​ចាត់ទុក​ជា​មេដឹកនាំ​ផ្ដាច់ការ​ទេ។ បើ​ចាប់ផ្តើម​ដឹកនាំ​ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន​បែប​អត្តទត្ថប្រយោជន៍ បំពាន​ច្បាប់​ហើយ នោះ​គេ​ក្លាយ​ជា​មេដឹកនាំ​ផ្ដាច់ការ tyranny ហើយ។ អ្នក​ដឹកនាំ​ផ្ដាច់ការ tyrant បង្ហាញ​សញ្ញា​ឲ្យ​ពលរដ្ឋ​ដឹង​តាមរយៈ​របៀប​ដឹកនាំ​មួយ​ចំនួន មាន​ដូចជា ការ​ប្រើ​អំណាច មិន​គោរព​ច្បាប់​ទម្លាប់ កាច​សហាវ ជិះជាន់​សង្កត់​សង្កិន តាំង​ខ្លួន​ថា​ទេវតា​ចាប់​កំណើត ឬ​អាទិទេព​ជប់​ឲ្យ​មក​ដឹកនាំ​មនុស្ស​ការ​មិន​អនុញ្ញាត​ឲ្យ​នរណា​ម្នាក់​រិះគន់ ការ​បំភ័ន្ត​ភ្នែក​មនុស្សម្នា​តាមរយៈ​ការ​រៀប​ឆាក​បោះឆ្នោត​លួច​បន្លំ​លទ្ធផល​ដើម្បី​រក្សា​អំណាច​ខ្លួន។

អ្នកប្រាជ្ញ​ក្រិក អារីស្តូត និយាយ​ទៀត​ថា៖ ជន​ផ្ដាច់ការ​ឡើង​កាន់​អំណាច​ពី​ថ្នាក់​ក្រោម ដោយ​ប្លន់​យក​អំណាច​ពី​មេដឹកនាំ​ស្រប​ច្បាប់ ហើយ​រក្សា​អំណាច​ត​វង្ស​ត្រកូល ដោយ​ប្រើ​អំពើ​ហិង្សា​គំរាម បន្លំ​ភ្នែក​សាធារណជន ជួល​អង្គរក្ស​ការពារ បំភ័យ​អំពី​ការ​ផ្ទុះ​សង្គ្រាម ឲ្យ​ពលរដ្ឋ​ពឹង​តែ​លើ​ខ្លួន​ម្នាក់ បណ្តេញ​មនុស្ស​ពី​ក្រុម​ខ្លួន ធ្វើ​ឃាត រឹបអូស​យក​ទ្រព្យសម្បត្តិ​គេ៕

ព័ត៌មានទាក់ទង