Top Mobile Banner

Lowell បែងជា​ ៨​ សង្កាត់ថ្មី

ទីក្រុងឡូវែល កំពង់តែរៀបចំប្រពន្ធ័ថ្មី តាមក្តីបណ្តឹង។ ហេតុការណ៍ដ៏ធំហើយសំខាន់មួយ​ ដែលគួរតែតាមដានគឺ មាត្រាថ្មីដែលសាលាក្រុងឡូវែល កំពង់តែរៀបចំ ប្តូរប្រពន្ធ័បោះឆ្នោត។ គួរពិចារណាថា៖ ក្រោយពីពេលប្តូរប្រពន្ធ័បោះឆ្នោតរួចហើយ តើកម្លាំងឥទ្ធិពលខ្មែរ នូវពេលអនាគត នឹងក្លាយទៅជាយ៉ាងណាដែរ?​

ថ្វីត្បិតតែអត្ថបទមួយនេះគឺសំដៅតែទៅជូនចំពោះ ប្រជាជនខ្មែរដែលរស់នៅ ទីក្រុងឡូវែលក្តី ក៏ប៉ុន្តែ​ ហេតុការណ៍នេះ ឆ្លុះបញ្ចាំងឱ្យឃើញម្តងទៀត អំពីភាពលំបាកនៃការតស៊ូ របស់ខ្មែរ។ ចៃដន្យឬអី្វ ដែលការប្តូរប្រព័ន្ធនេះកើតមានឡើង នៅចំពេលដែល​ ប្រជាជនខ្មែរមករស់នៅក្នុងទីក្រុងឡូវែល កាន់តែច្រើនឡើងៗ ហើយ សម្លេងបោះឆ្នោត របស់ខ្មែរទាំងមូល ក៏ស្ទុះកាន់តែ​ មានឥទ្ធិពលឡើងៗ ស្រាប់តែមានក្ដីបណ្តឹងនេះកើតឡើង​ ហើយគេថា ការប្តឹងឱ្យប្តូរនេះ គឺដើម្បីជួយខ្មែរទៅវិញ?
គម្រោងប្តូរនេះកើតឡើងក្រោយពី មានការប្តឹងទៅតុលាការហើយ បន្ទាប់មកមានការសម្រួលគ្នា​រវាង​ ភគីប្តឹង (Plaintiffs) ហើយនិង ទីក្រុងឡូវែលដែលមាន Lowell City Councils ជាតំណាង។​ ករណីក្នុងបណ្តឹងនោះថ្លែងថា​ ប្រព័ន្ធបោះឆ្នោត នាពេលបច្ចុប្បន្ន ដែលមានជាយូរអង្វែងមកហើយនេះគឺ មិនគប្បី ហើយ គឺជា​ប្រព័ន្ធដែលរារាំងមិនឱ្យ “minority” ជាប់ឆ្នោត។ ក្នុងអត្ថនយ័បង្ហាញឱ្យឃើញថា ក្តីបណ្តឹងនេះគឺបញ្ជាប់ពាក់ព័ន្ធនឹងការប្រកាន់ពូជសាសន៍។
ក្រោយពីមានការ ចរចារគ្នាអស់រយៈពេលជាច្រើនខែកន្លងមក ក្រុងឡូវែល ក៏សម្រេចចិត្តថា មិនជំទាស់ ហើយ ធ្វើតាមកិច្ចព្រមព្រៀងលក្ខខណ្ឌពីរចំណុច។ ទីមួយ(1)គឺ​ ជ្រើសយកប្រពន្ធ័បោះឆ្នោតថ្មី ដោយ កាត់ជ្រាកទីក្រុង ឱ្យទៅជាប្រាំបី(៨)សង្កាត់​ ឫឯប្រជាជនដែលរស់នៅក្នុងសង្កាត់និមួយៗ មានសិទ្ធបោះឆ្នោតជ្រើសរើសយកតំណាងតែមួយនាក់គត់ ចេញពីសង្កាត់នោះ។ ទន្ទឹមនឹង​នេះ ក្រុងឡូវែល ក៏យល់ព្រម រក្សាមិនកាត់បំបែកសង្កាត់ Acre និងសង្កាត់ Lower Highlands ទេ ពីព្រោះសង្កាត់ទាំងពីរ មាន “minority” រស់នៅច្រើន ហើយ តាមកិច្ចព្រមព្រៀងនោះ គឺតម្រូវឱ្យមានតំបន់ យ៉ាងតិចពីរ សម្រាប់ទុកឱ្យ “minority”។ ទីពីរ(2) គឺក្រុងឡូវែលត្រូវយល់ព្រមចំណាយលុយចំនួន $280,000 ជូនទៅឱ្យមេធាវី​របស់អ្នកផ្តើមក្តីប្តឹង​។​​ (ពីដំបូងកម្រៃទាមទាមានតម្លៃលើសពី $2 million ទៅទៀត)។

មានក្រុមមេធាវីមកពី Boston ដែលមានឈ្មោះថា Oren M. Sellstrom, Lawyers’ Committee for Civil Rights and Economic Justice ព្រមទាំងRobert G. Jones, Daniel E. Fine, Matthew Mazzotta, Scott S. Taylor, Ropes & Gray LLP ដែលជាតំណាង​អ្នកប្តឹង​ (Plaintiffs)។​
ឫឯអ្នកជាប់ចោទបណ្តឹង (Defendants)គឺ ទីក្រុងឡូវែល ដែលនូវជាមួយគ្នានោះមាន City Manager, City Councils គ្រប់ប្រាំបួនរូប, School Committee​ Members គ្រប់ប្រាំមួយរូប និង គណៈកម្មការបោះឆ្នោត Lowell Election and Census Commission​ មានចំនួនបួនរូប ផងដែរ។

លោក​​ Oren M. Sellstrom​ បានធ្វើដំណើរមកទីក្រុងឡូវែល ជាច្រើនដង ទីដំបូងដើម្បីស្វែងរកអ្នកស្ម័គ្រចិត្តចេញមុខប្តឹងជាមួយគាត់​ បន្ទាប់មកដើម្បីរៀបចំក្តីបណ្តឹង និងផ្តល់ ជាគំនិត ទៅដល់ប្រជាជនមួយចំនួន ដែលស្មគ្រ័ចិត្ត ចេញមុខចុះឈ្មោះប្តឹងនោះ។​ លុះដល់​ ថ្ងៃទី១៨ ខែ​ឧសភា ឆ្នាំ២០១៧​ (May 18, 2017) ពាក្យបណ្តឹងក៏បានចាប់ផ្តើមឡើង។ ថ្ងៃទី២១ ខែវិច្ឆិកាឆ្នាំ២០១៧​ (November 21, 2017) ចៅក្រម​ WILLIAM G. YOUNG, DISTRICT JUDGE បានសម្រេចចិត្តថា បណ្តឹង​ដែលមានលេខ CIVIL ACTION NO. 17–10895–WGY​​នេះ ឱ្យបន្តទៅមុខទៀតនៅ​ United States District Court, D. រដ្ធ​ Massachusetts.។

ក្នុងក្តីលេខ​ 17–10895–WGY​​ នេះ អ្នកបណ្តឹងមាន ១៣នាក់។ លោកអ្នកប្រហែលជាស្គាល់គាត់ខ្លះដែរហើយ ព្រោះគាត់សុទ្ធតែជាមិត្តភក្តិរបស់យើង ហើយដែលជាអ្នកសកម្មក្នុងសង្គមផងដែរ គឺមាន​ឈ្មោះ Chanmony HUOT, Vladimir Saldana, Champa Pang, Thoeun Kong, Lianna Kushi, Denisse Collazo, Sue J. Kim, Soady Ouch, Tooch Van, Carmen Bermudez, Kei Kawashima–Ginsberg, Daniel K. Uk, and Fahmina Zaman។

​ការសម្រុះសម្រួលហើយនិងកិច្ចព្រមព្រៀងរវាងភគីប្តឹង (Plaintiffs)​ ខាងលើ គឺមានលោក​ Oren M. Sellstrom ដែលជាអ្នកចេញមុខរាល់វេលា ហើយជាអ្នកដើរតួរជំនួសអ្នកផ្តឹង។​ ចំណែក Lowell City Councils​ វិញ បានដើរតួរជាតំណាង​ របស់ទីក្រុងឡូវែល ដែលជាអ្នកជាប់ចោទ​(Defendants)។ តុលាកា​រ THE UNITED STATES DISTRICT COURT FOR THE DISTRICT OF MASSACHUSETTS បាន​ចេញសំណុំរឿងកិច្ចព្រមព្រៀង CONSENT DECREE លេខ​ Case No. 1:17-cv-10895-DLC ដែល​មានអ្នកប្តឹងនៅសល់ចំនួន ចុះថយពី១៣ ទៅ នៅសល់១១អ្នក គឺនៅមានឈ្មោះ CHANMONY HUOT, VLADIMIR SALDAÑA, LIANNA KUSHI, THOEUN KONG, DENISSE COLLAZO, SUE J. KIM, SOADY OUCH, TOOCH VAN, CARMEN BERMUDEZ, KEI KAWASHIMA-GINSBERG and FAHMINA ZAMAN.

ពួកគាត់មានគោលជំហរថា ប្តូរប្រពន្ធ័បោះឆ្នោតដូច្នេះ ធ្វើឱ្យប្រជាជន ដែលយើងហៅថា “minority”​​ ដូចជាខ្មែរយើងជាដើមហ្នឹង មានឱកាសនឹងជាប់ឆ្នោតច្រើនជាងមុន។​ មានមិត្តភក្តិខ្មែរយើងមួយចំនួន ដែលជាអ្នកឈឺឆ្អាលក្នុងសង្គម ហើយជាអ្នកមុខមាត់តំណាងរបស់ខ្មែរក្នុងសង្គម បាននាំគ្នាគាំទ្របណ្តឹងហើយគាំទ្រ ការជ្រើសរើសយ​កប្រព័ន្ធថ្មីនេះ ដោយត្រេកអរយ៉ាងខ្លាំង។ បណ្តឹងនេះ ក៏បាន​ធើ្វឱ្យមានការ​ អាក់អន់ចិត្តជាក្លាំង​ រវាង​ប្រជាជនផ្សេងៗជាច្រើនផងដែរ។
រូបភាពផែនទីរបស់ទីក្រុងឡូវែលនៅខាងលើ​ គឺជា គម្រងប្រពន្ធ័ថ្មី ដែលមានគោលការណ៍កាត់បំបែកជាប្រាំបី(៨)សង្កាត់។ តាមកិច្ចព្រមព្រៀងនោះ ទីក្រុងឡូវែលបំរុង នឹងអនុវត្តន៍ប្រព័ន្ធថ្មីនេះ សម្រាប់ពេលបោះឆ្នោតក្នុងឆ្នាំ ២០២១ នេះហើយ។

តើខ្មែរនឹងបានទទួលប្រយោជន៍ពីការប្តូរប្រព័ន្ធបោះឆ្នោតនេះមែនឬ?​

New Lowell District Map

ខ្ញុំមើលឃើញប្រយោជន៍ខ្លះដែរ ហើយក៏គឺជាឧបសគ្គដ៏ធំដែរ។​ ខ្ញុំយល់ថាប្រព័ន្ធថ្មីដែលទុកសង្កាត់ Acre (ក្នុងផែនទីគឺលេខ ៧) និងសង្កាត់ Lower Highlands ​(លេខ ៦) ឱ្យទៅ “minority” នោះគឺហាក់បីដូចជាទុកវាឱ្យ បេក្ខជនខ្មែរ ដើម្បីឱ្យបានជាប់ឆ្នោត ចេញមកពីសង្កាត់នោះអញ្ចឹង ប្រសឹនបើមានខ្មែរម្នាក់ខ្លាំងឈរឈ្មោះនៅតំបន់នេះហើយ គឺប្រហែលជាគាត់នឹងបានជាប់ឆ្នោតចេញពីសង្កាត់នេះហើយពុំបាច់ប្រជែងជាមួយបេក្ខជនមកពីសង្កាត់ផ្សេងៗទេ។ ដូច្នេះបើគិតទៅបុគ្គល​ម្នាក់នេះ វាហាក់បីដូចជា ធ្វើ​ឱ្យបេក្ខជនខ្មែរ មានការ កក់ក្តៅម្យ៉ាងដែរ។ ប៉ុន្តែបើគិតឱ្យឆ្ងាយបន្តិចទៅ ខ្ញុំបារម្ភថា​ ក្រែងប្រហែលជាមិនប្រាកដដូចការស្មានទេ ពីព្រោះប្រជាជន “minority” ផ្សេងទៀតដែលមិនមែនជាខ្មែរ ហើយរស់នៅក្នុង​ ​សង្កាត់ Acre និង​ Lower Highlands​ នេះ គេក៏មានសេចក្តីសង្ឃឹមថា គេជាអ្នកជាប់ឆ្នោតដែរ។​ ប្រជាជនសាសន៍គេ នឹង​ គាំទ្របេក្ខជនរបស់គេដែរ​ គេនឹង​មិនគាំទ្រខ្មែរទេ។​

  • មាននយ័ថា សង្កាត់​ Acre(7) និង Lower Highlands(6) គឺនឹងក្លាយទៅជា សង្កាត់ប្រជែងគ្នា​ រវាងបេក្ខជនទាំងឡាយដែលជា “minority” ហើយនិង រវាងខ្មែរនឹងខ្មែរផងដែរ​។
    ឧបសគ្គបី(៣)ដែលខ្មែរគួរយកមកពិចារណាគឺ (ទី១)​ ខ្មែរណាដែលរស់នៅ ក្រៅពីសង្កាត់ Acre(7) ឬនៅ Lower Highlands(6) នេះ មិនអាចនឹងមានសង្ឃឹមឈរឈ្មោះ ជាបេក្ខជនទេ ពីព្រោះ សង្កាត់នោះ ពុំមានប្រជាជនខ្មែរ គ្រប់ចំនួននឹង បោះឆ្នោតឱ្យបានជាប់ឡើយ។
  • ​ (ទី២)​ ចំណែកឯប្រជាជនខ្មែរ​ណា ដែលរស់នៅក្រៅសង្កាត់ទាំងពីរនេះ ហើយដែលតែងតែ មានមោទណៈភាព រអែង​ ចេញមកបោះឆ្នោតឱ្យបេក្ខជនខ្មែររាល់ឆ្នាំនោះ គឺគាត់លែងមានឱកាស នឹងចូលរួមទៀតហើយ ពីព្រោះ​ គាត់ពុំអាចចេញទៅបោះឆ្នោតឱ្យ​ បេក្ខជននៅ​សង្កាត់​ Acre និង Lower Highlands ដែលស្ថិតនៅក្រៅសង្កាត់របស់គាត់​ឡើយ។​ វិធីបោះឆ្នោតថ្មីនេះ​ គឺហាក់ដូចជា គ្រវាត់ពួកគាត់ចោលតែម្តង។
  • ​(ទី៣)​ ក្នុងប្រពន្ធ័ថ្មីនេះ ចំពោះខ្មែរដែលរស់នៅក្នុងសង្កាត់ផ្សេងៗ ហើយចង់ឈរឈ្មោះជាបេក្ខជននោះ គាត់មានតែបង្ខំចិត្ត ប្តូរទីលំនៅដ្ធានរបស់គាត់់ មកនៅសង្កាត់ Lower Highlands នេះវិញ ដើម្បី មករកការគាំទ្រ ពីប្រជាជនខ្មែរ។ ធ្វើឱ្យ​ សង្កាត់ Lower Highlands នេះ ក្លាយទៅជា តំបន់ប្រជែងគ្នា​ រវាងខ្មែរនឹងខ្មែរ។ ពីព្រោះ ប្រព័ន្ធថ្មីនេះ ជម្រុញឱ្យខ្មែរនឹងខ្មែរ ជល់គ្នាតែម្តង។​

ពេលដែលរូបខ្ញុំផ្ទាល់បានឈរឈ្មោះជាបេក្ខជន School Committee ម្តងៗ​​ ក្នុងប្រព័ន្ធចាស់ដែលយើងមានសព្វថ្ងៃនេះ​ ខ្ញុំតែងតែ រំពឹងលើខ្មែរគ្រប់សង្កាត់​ រំពឹងលើខ្មែរគ្រប់រូប រំពឹងលើប្រជាជននៅក្នុងទីក្រុងទាំងមូល ឱ្យជួយគាំទ្រ។ ហើយ​ គួរឱ្យរំភើបណាស់ ព្រោះប្រជាជនខ្មែរបានចេញមកគាំទ្រមែន គឺប្រៀបបីដូចចង្កឹះមួយបាច់អញ្ចឹង។ ប្រពន័្ធបោះឆ្នោតនាពេលបច្ចុបន្ននេះ អនុញ្ញាតឱ្យប្រជាជនគ្រប់រូបនៅទីក្រុងឡូវែល ទៅបោះឆ្នោត រើសយកបេក្ខជន រហូតទៅដល់ ប្រាំមួយ(៦)នាក់ ដោយមិនមានកម្រិតថាបេក្ខជននោះមកពីសង្កាត់ណាទេ។​ មានន័យថា បើខ្មែរចេះរួបរួមគ្នា បើមានបេក្ខជនខ្មែរ ប្រាំមួយនាក់នោះចេញមកពីសង្កាត់ណាមួយក៏ដោយ ក៏ខ្មែរនៅគ្រប់សង្កាត់ អាចទៅបោះឆ្នោតឱ្យបេក្ខជនខ្មែរ​យើង ទាំងប្រាំមួយរូបនោះបានដែរ។​ ដូច្នោះវាមិនមានការប្រឆាំងគ្នា រវាងខ្មែរនឹងខ្មែរនោះទេ។
ផ្ទុយទៅវិញប្រព័ន្ធថ្មី ដាក់កំហិតឱ្យប្រជាជន​ បោះឆ្នោតឱ្យបេក្ខជនក្នុងសង្កាត់និមួយៗ តែមួយនាក់គត់។ បើមានបេក្ខជនខ្មែរពីរនាក់ សម្លេងសន្លឹកឆ្នោតខ្មែរគឺត្រូវបែកជាពីរហើយ។​ បើខ្មែរបោះឆ្នោតឱ្យខ្មែរទាំងពីរ លទ្ធផលគឺគេគ្រវាត់សន្លឹកឆ្នោតនោះចោលហើយ។ ក្នុងរឿងនេះ បើមានសាសន៍គេផ្សេងម្នាក់​ មកប្រជែងគឺគេមានសម្លេងមូលជាង។ មានន័យថាប្រព័ន្ធថ្មី ដែលគេចង់ប្តូរយកនេះ គឺបំបែកខ្មែរឱ្យតូចទៅវិញទេ មាត្រាថ្មីនេះ មិនឱ្យមានសាមគ្គីភាព​ ​ក្នុងសង្គមខ្មែរឡើយ។ ​ដូច្នេះខ្មុំយល់ថា ប្រព័ន្ធចាស់​ ដែលយើងមានសព្វថ្ងៃនេះហើយ គឺ​ល្អចំពោះសង្គមខ្មែរ។​​ ការប្តូរយកថ្មីនេះ​ មិនមែនល្អដូចការអាស់អាង ក្នុងក្តីបណ្តឹងនោះឡើយ វាផ្ទុយទៅវិញទេ បណ្តឹងនេះធ្វើបាបខ្មែរខ្លួនឯងទេ។

​មករស់នៅស្រុកអាមេរិកហើយ ខ្ញុំចង់បានណាស់ឱ្យខ្មែរ រួបរួមគ្នាជាចង្កឹះមួយបាច់​ ហើយមិនរីករាយនឹង ប្រព័ន្ធដែល រារាំងហើយឃាត់ឃាំងភាពសាមគ្គីខ្មែរទេ។​ បើចាត់ទុកថា យកសង្គមខ្មែរធំជាងបុគ្គល យើងគួរតែកុំឱ្យគេប្តូរអី ជាបន្ទាន់ត្រូវតែទាមទាឱ្យគេផ្អាក។
​​នេះជាដំណឹងហើយជាមតិ និងជាសេចក្តីសង្ខេបថា យើងគួរតែបារម្ភណាស់ ថាទៅអនាគត​ តើវាសនានយោបាយ របស់ខ្មែរ នៅទីក្រុងឡូវែល នឹងក្លាយទៅជាយ៉ាងណា? សូមមេត្តាជ្រាប​ សូមមេត្តាពិចារណា​ សូមកុំប្រកាន់ហើយ​ យករឿងនេះមកដាក់ធ្វើជារឿងផ្ទាល់ខ្លួន។ សង្ឃឹមថាសប្តាហ៍ក្រោយៗ ខ្មុំនឹងអាចរាបរាប់បន្ថែមទៀត។ ទោះយល់ស្រប​ ឬមិនស្រប ខ្ញុំចង់​ឮមតិពីលោកអ្នកវិញផង។

​ ​​

ព័ត៌មានទាក់ទង