អឺរ៉ុប, ខែមេសា២០២៤
ដើមហេតុនៃការវិវត្តន៍សេដ្ឋកិច្ចសាកល
នៅឆ្នាំ២០២៤នេះ អ្នកសង្កេតការសេដ្ឋកិច្ចបានពិនិត្យឃើញថា មានគម្លាតកំណើនសេដ្ឋកិច្ច រវាងប្រទេសលោកសេរី នឹងប្រទេសកុម្មុយនិស្តកាន់តែច្រើនឡើង ក្នុងដំណើរផ្ទុយគ្នាពីអម្លុងឆ្នាំ១៩៩០នឹងឆ្នាំ២០២៤នេះ។ នាអម្លុងឆ្នាំ១៩៩០នោះ ប្រទេសអាមេរីកបានលើកទឹកចិត្តឲ្យប្រទេសចិន រុស្សី នឹងវៀតណាមកុម្មុយនីស្ត ចូលរួមក្នុង«ផ្សារសេរីពិភពលោក»ជាថ្នូរនឹងការគោរពសិទ្ទិមនុស្ស(ពីខាងប្រទេសកុម្មុយនីស្ត នឹងបញ្ចប់សង្គ្រាមវៀតណាមខាងសហរដ្ឋអាមេរីក) ដោយប្រទេសកុម្មុយនីស្តទាំង៣នោះ ជាប្រទេសចូលចិត្តធ្វើសង្គ្រាម នឹងគាបសង្កត់ប្រជាពលរដ្ឋខ្លួនឯង ទាំងប្រទេសខ្លួនឯងក្រីក្រសោះ ។
ការសម្រេចចិត្តចូលរួមរកស៊ីក្នុងសហគមន៍ផ្សារសេរី របស់ប្រទេសចិន រុស្សីនឹងវៀតណាម បានធ្វើឲ្យប្រទេសកុម្មុយនីស្តទាំង៣ បានប្តូរមុខមាត់យ៉ាងសម្បើម ដោយប្រទេសអ្នកមានលុយច្រើន មានអាមេរីកនឹងអឺរ៉ុប គេក៏នាំគ្នាចូលទៅវិនិយោគនៅក្នុងប្រទេសកុម្មុយនីស្ត ជាពាណិជ្ជករ ជាឩស្សាហករ ជាផលិតករ នូវគ្រឿងបរិក្ខារប្រើប្រាស់ គ្រឿងអេឡិកត្រូនីក នឹងគ្រឿងឩបភោគបរិភោគ… ធ្វើបានក្នុងតម្លៃថោក ដែលធ្វើឲ្យទំនិញនៅទីផ្សារសេរី នឹងនៅប្រទេសលោកសេរី មានតម្លៃល្អងាយស្រួលនឹងលក់ដូរ។ ដូច្នេះជាង៣០ឆ្នាំមកហើយនេះ ការផ្តួចប្តើមគំនិតផ្សារសេរីនេះ បានទទួលនូវផលចំណេញផ្នែកសេដ្ឋកិច្ច បានទាំងសងខាង គឺខាងលោកសេរីគេចំណេញខាងលក់ទំនិញបានច្រើន រីឯខាងលោកខាងកើត គឺខាងលោកកុម្មុយនីស្ត ទទួលរូបីយប័ណ្ណចូលពីកាងារពលកម្ម(ចិន វៀតណាម រុស្សី) ពីការលក់ប្រេងឆៅនឹងឩស្ម័ន(រុស្សី) ក៏ទទួលបានផលច្រើនដូចគ្នា ក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចធំឬតូច ទៅតាមមហិច្ឆិតានៃរបបផ្តាច់ការនិមួយៗ ទាំងនោះ។
មហិច្ឆិតានៃ«របបផ្តាច់ការ»នោះហើយ ដែលធ្វើឲ្យប្រទេសរបស់គេមានការវិវត្តិន៍ផ្ទុយគ្នា ពីខាង«របបលោកសេរី»។ របបផ្តាច់ការគេយកថវិការដែលខាងរោងចក្ររកបាន ទៅធ្វើជាគ្រឿងអាវុធយុទ្ធភ័ណ្ឌចម្បាំង រីឯកម្លាំងពលករទទួលបានកម្រៃតិចតួច គ្រាន់រស់តែមិនអាចធានាអនាគតបានទេ។ ក្នុង១០ឆ្នាំចុងក្រោយនេះ ចិនបានផលិតនាវាចម្បាំង ទាំងរុស្សីផងខិតខំផលិតកាំជ្រួចនូក្លេអ៊ែរ ខិតខំផលិតអាវុធជីវសាស្ត្រ ទាំងវៀតណាមក៏ដូចគ្នា នាំគ្នាពង្រឹងហេដ្ឋារចនាសម្ព័ន្អយោធា សម្រាប់ទៅរំលោភដែនសមុទ្រនឹងដែនដី នឹងបូរណភាពនៃប្រទេសដ៏ទៃជិតខាង។ ចំណែកខាងលោកសេរីវិញ គេគិតប្រយោជន៍ពលរដ្ឋជាធំ សេដ្ឋកិច្ចបានរីកចម្រើន គឺពលរដ្ឋជាអ្នកទទួលផលចំណេញ រដ្ឋអំណាចគេខិតខំតែកាពារជាតិ ដោយចងសម្ព័ន្ធយោធា៣២ប្រទេស ធ្វើសង្គ្រាមរួមគ្នា ដើម្បីឲ្យមានកម្លាំងខ្លាំងខ្លានឹងឲ្យចំណាយធនធានតិច។ ត្រឹមតែប៉ុណ្ណេះ យើងក៏អាចយល់បានហើយថា អាមេរីកនឹងអឺរ៉ុប នៅតែជាមហាអំណាចសេដ្ឋកិច្ចដ៏រឹងមាំ ក្នុងពីភពលោកដដែល ដោយសារស្ថេរភាពនយោបាយលោកសេរីនោះឯង។
កម្លាំងសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្ន
សំអាងដោយការមានលុយច្រើន ចិនបានវិនិយោគទៅកេងប្រវ័ញ្ញលើប្រទេសក្រីក្រ ដែលមានមេដឹកនាំផ្តាច់ការ ឲ្យខ្ចីប្រាក់សម្រាប់ធ្វើស្ពានធ្វើថ្នល់ ធ្វើសំណង់ធំៗ ហើយបញ្ជូនពលរដ្ឋខ្លួនឲ្យទៅនៅរកស៊ីក្នុងប្រទេសនោះ(កម្ពុជា) គាំទ្រកងទ័ពឲ្យមានរដ្ឋប្រហារ(នៅអាហ្វ្រីក) បំផ្លាញបូរណភាពនៃប្រទេសខ្លះ(នៅអាស៊ី ឬ អឺរ៉ុប)។ ប្រទេសរុស្សីក៏ដូចគ្នា មានបានហើយ ក៏ទៅរុករានទន្ទ្រានទី ដោយកងកម្លាំងស៊ីឈ្នួល នៅអាហ្វ្រីក នៅមជ្ឈឹមបូព៏ា ទៅឈ្លានពានគេនៅអឺរ៉ុប។ វៀតណាមក៏មិនខុសគ្នា ទៅលបឈ្លានពានបូរណភាពរបស់កម្ពុជា ឡាវ ធ្វើឲ្យបាត់បង់ឯករាជ្យភាពរបស់ប្រទេសគេ។
អំពើទាំងនោះបានត្រូវសង្កេត ហើយព្រមានដោយប្រទេសលោកសេរី ដែលបានដាក់ទណ្ឌកម្ម ហើយដករោងចក្រខ្លួនចេញពីប្រទេសមហាអំណាចរុស្សីនឹងចិន ជាបន្តរបន្ទាប់(ប្រធានាធិបតី អាមេរីកាំង ឌណល ត្រាំ មុនគេដែលបញ្ជាឲ្យដករោងចក្រ ចេញពីប្រទេសចិន ឆ្នាំ២០១៧), ឈប់ទិញឩស្ម័នឬប្រេង ឈប់រកស៊ីជាមួយតែម្តង…រងកម្មតែម្យ៉ាងមិនគ្រប់គ្រាន់ ចិនបានរងជម្ងឺឆ្លងកូវីដ១៩ យ៉ាងចាស់ដៃ នៅឆ្នាំ២០១៨ បណ្តាលឲ្យបិទប្រទេសខ្លួនឯងជិត៣ឆ្នាំ… ខាងរុស្សីវិញ ប្រុងវាយអ៊ូក្រែនឲ្យបាន ក្នុងពេល៣ថ្ងៃ តែ២ឆ្នាំកន្លងទៅ នៅតែវាយយកមិនបានសោះ ម្លោះហើយ«ប្រាក់ក៏បង់ថង់ក៏ដាច»ធ្វើសេដ្ឋីពីថ្ងៃមុន បែរជាសេដ្ឋកិច្ចកាន់ដុនដាបទៅៗ អតិផរណាក៏កាន់តែធ្ងន់ធ្ងរ ខិតខំភូតភរមតិសាធារណ គ៏គ្មាននរណាជឿ ដូច្នេះមានតែរត់ទៅប្លន់នៅអាហ្វ្រីក ឬមជ្ឈឹមបូព៍ា ឬអាមេរីកឡាទិន ជាបន្តរទៅទៀតដើម្បីរស់។ វៀតណាមបានរួចពីទណ្ឌកម្មទាំងអម្បាម៉ាននេះ ខុសពីចិននឹងរុស្សី ពីព្រោះតែបានធ្វើការគាបសង្កត់លើកម្ពុជានឹងឡាវ តាមរបៀបលួចលាក់ នឹងការមិនបានរើបំរះពីប្រទេសទាំង២នោះដោយខ្លួនឯង ផងដែរ។ បើសេដ្ឋកិច្ចចុះអូនថយហើយ តើហេតុអ្វីបានជាចង់ប្រកាសសង្គ្រាមនូក្លេអ៊ែរ ជាមួយអាមេរីកនឺងអឺរ៉ុប?
វាសនាអនាគតនៃរបបកុម្មុយនិស្តផ្តាច់ការ
ប្រទេសដែលមានរបបផ្តាច់ការ តែងគ្រប់គ្រងប្រទេសដោយយោធានឹងប៉ូលីស ដើម្បីកេងយកអំណាចរដ្ឋពីប្រជាពលរដ្ឋ ដែលនោះជាបុព្វហេតុនៃភាពក្រីក្រក្នុងប្រទេស តែប្រទេសកុម្មុយនីស្តទាំងនោះ គេមិនដែលបង្ហាញមុខមាត់ក្រីក្រខ្វះខាតរបស់ប្រទេសខ្លួនគេទេ ដូចជានៅកូរ៉េខាងជើងជាដើម។ ប្រទេសអាមេរីក នឹងអឺរ៉ុប បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសរុស្សី ប្រទេសចិន ពីរឿងឈ្លានពាននៅអ៊ូក្រែន ដែលបានធ្វើឲ្យប្រទេសផ្តាច់ការទាំង២នោះ ប្តើមគាំងដំណើរបង្ករសង្គ្រាម បន្តិចម្តងៗទៅហើយ គ្មានមធ្យោបាយមិនឲ្យគេចពិការបាក់មុខមាត់រួច ក៏ប្តើមគម្រាមប្រទេសលោកសេរី ពីសង្គ្រាម«នូក្លេអ៊ែរ»ឬក៏«សង្គ្រាមលោកលើកទី៣» ដើម្បីកុំឲ្យលោកសេរី គេលូកដៃមកកាពារប្រទេសដែលគេកំពុងជិះជាន់ឲ្យសោះ។
ខាងលោកសេរី គេមិនបានធ្វើការឃោសនា ពីការមាន«នាវាមុជទឺកនូក្លេអ៊ែរ»អាមេរីកាំង នៅសមុទ្រមេឌិតេរ៉ាណេ ជាសម្ងាត់ ក្បែរមូស្គូរួចជាស្រេចនោះទេ, នៅក្បែរជប៉ុន ក៏មាននាវាដូចគ្នាមួយទៀតនៅទីនោះ នៅលើលំហរអាកាសមាន«សាតឺលីត»សង្កេតការជាប្រចាំហើយអាចបញ្ជាជាស្វ័យប្រវត្ត ឲ្យបាញ់កាំជ្រួចនានាដែលនៅជិតៗរុស្សីឬចិន ឲ្យទៅផ្អាក់ដំណើរកាំជ្រួចនូក្លេអ៊ែរ ណាមួយបានយ៉ាងលឿនបំផុត។ កងទ័ពអូតង់ ដែលនៅព្រុំប្រទល់ដែនរុស្សី ក៏បានធ្វើការសមយុទ្ធត្រៀមប្រយុទ្ធរួចជាស្រេចដែរ។
លាក់លៀមឱនភាពរបស់ប្រទេសរបស់ខ្លួន ជាមួយគូរសត្រូវ ឬជាមួយប្រជាពលរដ្ឋឯង នោះពួកផ្តាច់ការតែងតែអាចធ្វើបានដោយគ្មានខ្មាស់អៀន ប៉ុន្តែរដ្ឋអំណាចដដែល ដឹងខ្លួនឯងច្បាស់ណាស់ថា មិនអាចមានលទ្ធភាពនឹងប្រថុយប្រឋាន បង្ករសង្គ្រាមនាពេលនេះ ជាមួយលោកសេរីដែលកំពុងតែរួមគ្នា ហើយខ្លាំងពូកែរនោះបានទេ គឺជាការធ្វើអត្តឃាដជាប្រាកដ។ បន្ថែមពីនេះទៀត សហរដ្ឋអាមេរីកតែងបង្ហាញច្រើនដងហើយថា ក្រុមចារកិច្ចប្រទេសមួយនេះ នៅប្រចាំការក្បែរ ពូទីន ឬ ស៊ីស៊ីពីង គ្រប់នាទិមិនឲ្យខកខានចលនាគួរឲ្យសង្ស័យណាមួយទេ។
បើក្នុងករណីដែលកាំជ្រួចនូក្លេអ៊ែររុស្សី បាញ់ចេញរួចទៅវិញ ក៏រុស្សីនឹងចិន មិនអាចគេចរួចពីកាំជ្រួចនូក្លេអ៊ែរ បាញ់តបតមកវិញពីក្រុមសម្ព័ន្ធមិត្រ ដែលកំពុងត្រៀមខ្លួនរង់ចាំប្រតិកម្មហ៊ានប្រថុយ នៃពួកផ្តាច់ការ មិនឲ្យរួចខ្លួនឡើយ៕