‹‹ប្រេសខ្លិប››ជាអ្វី?
វិចារណកថា ពិន សំខុន
មានអ្នកអានខ្លះយល់ថា‹‹ប្រេសខ្លិប››ជាព្រឹត្តការណ៍ឯកជន ហើយថាសាធារណជនមិនអាចចូលរួមបានទេ ។ តាមពិត អ្នកកាសែតអាជីព ក៏គេអាចមាន‹ខ្លិបអ្នកកាសែត›ជាឯកជនបានដែរ តែ‹ប្រេសខ្លិប›ក៏មានន័យ ‹ប្រមូលពត៌មានសាធារណ ដែលអាចជឿបាន មកផ្សព្វផ្សាយក្នុងទំព័រអង្គការសារព័តមានដែលមានការទទួលខុសត្រូវ›បានដែរ។ គឺជាព័ត៌មានដែលមានប្រភព មានហេតុផល គួរយកជាពត៌មានសម្រាប់ជាការពិចារណាបាន ខុសគ្នានឹង‹ហ្វេសប៊ុក›ដែលគេអាចបង្កើតពត៌មានសំរាប់បំពេរអារម្មណ៍ ដោយពុំចាំបាច់ខ្វល់ខ្វាយ ពីជំនឿរបស់អ្នកអានក៏បានដែរនោះ។ ‹ប្រេសខ្លិប›យើងនេះ ជាចំណងដៃ‹ខ្មែរផុសស.រ.អា.›ជូនសហគមន៍ឡូវែលនេះ ឱ្យខ្មែរគ្រប់រូបក៏មានសម្លេងឰបានខ្លាំងនឹងឆ្ងាយ កាពារខ្លួន បានដូចសាសន៍ដ៏ទៃ មិនថាខ្លួនជាមន្ត្រី ជាពាណិជ្ជករ ឬជាអ្នកមានការធ្វើ ឬក៏អត់កាងារធ្វើ កាងារ មិនថាក្មេងឬចាស់នោះទេ… គឺជាផ្នែកមួយនៃរបបប្រជាធិបតេយ្យ ក្នុងការនិយាយស្តីដោយសេរីនឹងមានទទួលការខុសត្រូវ។
ក្រុងឡូវែលមានបញ្ហាទំនាស់ច្រើន ដែលត្រូវរំដោះដោយមានការពិគ្រោះ ទៅតាមក្បួននៅក្នុងលទ្ធីប្រជាធិបតេយ្យ ដែលយើងអនុវត្តន៍រាល់ថ្ងៃ ដើម្បីផ្តល់ការចុះសម្រុងគ្នាស្របច្បាប់ក្នុងសហគមន៍។ ថ្មីៗនេះ ក្រុងខ្មែរមានបំណងសង់រូបព្រហ្មបាយ័នមួយ នៅជ្រុងផ្លូវ‹‹ប្រេន››នឹង‹‹មីឌលសិច››នាតំបន់ផ្សារប៉ៃលីន មតិមួយចំនួនឱទ្ទានថា‹‹ក្រុងខ្មែរជាក្រុងរបស់ទាំងអស់គ្នាត្រូវតែទទួលយោបល់ពីអ្នកទាំងអស់គ្នាដែលជាខ្មែររស់នៅឡូវែលនេះ មុននឹងសម្រេចធ្វើអ្វីមួយនៅក្រុងខ្មែរ›› ក្រុងខ្មែរបានឱ្យដឹងដែរថា‹‹គេបានសម្រេចរួចហើយពុំមានការសួរយោបល់អ្វីទៀតទេ ហើយថវិកាសម្រាប់សង់នោះជាអំណោយរបស់ឧត្តមសេនីយទោ ហ៊ុន ម៉ាណែត នៅកម្ពុជា››។ នៅពេលដដែលនោះ មានគម្រោងមួយទៀត របស់សាលាក្រុងឡូវែល ចង់ឱ្យមានរូបសំណាកវប្បធម៌ខ្មែរ ដាក់នៅមុខសាលាក្រុងដែរ តើនរណាចង់សង់អ្វីខ្លះ? នៅត្រង់ណា?
ខ្មែរផុសស.រ.អា. បានបង្កើតវេទីកាសេរីមួយថ្មីទៀត មានឈ្មោះថា‹‹ប្រេសខ្លិប››នៅថ្ងៃទី៩មេសាខាងមុខ វេលាម៉ោង១២ថ្ងៃត្រង់ដល់ម៉ោង២រសៀល នៅLTC ១-សម្រាប់ជូនដំណឹង ឬឃោសនាពីទ្រង់ទ្រាយនៃគម្រោងសានសង់រូបព្រហ្មបាយ័នមួយ ដែលនឹងកើតឡើងនៅក្រុងខ្មែរ នឹងគម្រោងមួយទៀតស្តីពីរូបសំណាក់លក្ខណៈខ្មែរ នឹងដែលដាក់មុខសាលាក្រុង ២-សម្រាប់សាធារណជនមូលដ្ឋាន មកបញ្ចេញការចាប់អារម្មណ៍ ពីការកសាងសម្មិទ្ធិទាំងនោះ ហើយ ៣-ពត៌មានទាំងឡាយដែលប្រមូលបានពីក្នុង‹‹ប្រេសខ្លិប››នោះ នឹងត្រូវផ្សព្វផ្សាយយ៉ាងទូលំទូលាយតាមកាសែតខ្មែរផុស ឬកាសែតដ៏ទៃ ឱ្យអ្នកឯទៀតដែលមិនបានមកចូលរួម បានដឹងដែរទៀតផង។ ដូច្នេះការដឹងច្បាស់លាស់នឹងទូលំទូលាយរបស់សាធារណជន ពីគម្រោងរបស់ក្រុងខ្មែរ នឹងរបស់សាលាក្រុង គេអាចនឹងបង្កើតបាននូវសម្មិទ្ធិដ៍ល្អមួយ ប្រកបដោយមោទនភាព នឹងភាពចុះសម្រុងគ្នាបាន។ ផ្ទុយទៅវិញ បើមានការលបធ្វើអ្វីដោយស្ងាត់កំបាំង ឬក៏ផ្សព្វផ្សាយមិនគ្រប់គ្រាន់ លើគម្រោងសាធារណ គឺជាការរំលោភឆន្ទៈសាធារណជន គឺជាការបង្កើតជម្ងឺសង្គម ដែលថ្នាក់ដឹកនាំគួរតែចៀសវាង។
ខ្មែរផុសស.រ.អា.នៅពេលបង្កើតឱកាស‹‹ប្រេសខ្លិប››នេះឡើង គឺប្រាថ្នាផ្តល់ជូនសហគមន៍ខ្មែរនៅឡូវែល ដែលបែកបាក់ខ្ទេចខ្ទាំ ទន់ខ្សោយ នឹងកំពុងបន្តរជម្ងឺកាន់តែខ្លាំងទៅៗនោះ នូវមធ្យោបាយដោះស្រាយសង្គមមួយ ដែលត្រូវបើកចំហរ ទទួលយកនូវការព្យាបាលដោយប្រើ‹‹មតិសាធារណជនមូលដ្ឋាន›› ដោយថ្នាំមានឈ្មោះថា‹‹តម្លាភាព››របស់សង្គម ។