ដោយ ស្តាយ បុណ្យ
“… ស្តាយភូមិកំណើត ស្តាយអនុស្សា ស្តាយញាតិកា ធ្លាប់រស់សុខសាន្ត
ស្តាយដូរតន្រ្តីដ៏សែនមនោរម្យ ខ្លួនខ្ញុំឃ្លាតឆ្ងាយ ឆ្ងាយដាច់អាល័យ។
ស្តាយអ្នកចម្រៀងដែលបង់បាត់ ស៊ីន ស៊ីសាមុត រស់ សេរីសុទ្ធា
ប៉ែន រ៉ន សុះ ម៉ាត់ អ៊ិន យ៉េង អ៊ឹង ណារី ក្លាយជាធុលីលាចាកលោកា…”
ខាងលើនេះ គឺជាទំនុកច្រៀង ក្នុងបទចម្រៀង “ស្តាយភូមិកំណើត” របស់លោក កែវ សារ៉ាត់។ លោក បានរៀបរាប់អំពីអ្នកចម្រៀងដែលបានបាត់បង់ជីវិតក្នុងរបប ប៉ុល ពត។ ជាអកុសល លោក កែវ សារ៉ាត់ ខ្លួនឯង ក៏បានលាចាកលោកបាត់ទៅហើយដែរ។ ទោះបីគាត់ស្លាប់ នៅក្រោយរបបខ្មែរក្រហមក្តី ក៏មានអ្នកចម្រៀង និង តន្រ្តីករខ្មែរតិចតួចណាស់ ដែលរស់ឆ្លងផុតរបបវាលពិឃាតនេះ។
តន្ត្រីរ៉ុក និង តន្រ្តីសម័យរបស់ខ្មែរ មានភាពល្បីរន្ទឺខ្លាំងក្នុងទសវត្សមុនសង្គ្រាមឆ្នាំ ១៩៧០។ ទំនុកច្រៀង និង ទំនុកភ្លេងនៃបទពីដើម សុទ្ធតែបង្កប់ទឹកដម និង អត្ថន័យជ្រាលជ្រៅ លួងលោម បំពេរអារម្មណ៍អ្នកស្តាប់ ឲ្យស្លុងចិត្ត នឹកគិតឃើញដល់រូបភាពក្នុងរូបារម្មណ៍ ហាក់ដូចស្តែងនូវទិដ្ឋភាពពិតនៅនឹងមុខ។ ទឹកដៃនិពន្ធបទភ្លេង និង ទំនុកច្រៀងរបស់រៀមច្បងសិល្បៈករជំនាន់ដើម ធ្វើឲ្យបទភ្លេង និង ចម្រៀងរបស់ពួកគាត់ នៅរស់រានមានជីវិត ទោះបីម្ចាស់បទ បានស្លាប់ចោលបទបាត់ទៅហើយក្តី។
ក្នុងចំណោមអ្នកចម្រៀង និង តន្រ្តីករជំនាន់ទសវត្សឆ្នាំ ១៩៥០ និង ១៩៦០ ដែលនៅរស់រានមានជីវិតដល់សព្វថ្ងៃ មានលោក ម៉ុល កាម៉ាច និង លោក ម៉ុល កាញ៉ុល ដែលជាបងប្អូនបង្កើត។ ក្នុងឆ្នាំ ១៩៥៩ លោកទាំងពីរបានបង្កើតវង់ភ្លេងមួយ មានឈ្មោះថា បក្សីចាំក្រុង។ បទចម្រៀងល្បីរបស់លោក ម៉ុល កាម៉ាច មានដូចជា “ព្រែកឯងអស់សង្ឃឹម” និង “សូមលាអ្នកមានគុណ”។
ក្រុមតន្រ្តីករ និង អ្នកចម្រៀងក្នុងវង់ភ្លេង ដ្រាក្ការ ដូជា លោក ទូច ថាណា លោក អ៊ុក សំអាត (ហៅថុល) និង លោក ទូច ឆាត់ថា (ហៅឆាត់) ក៏នៅរស់រានមានជីវិតនៅឡើយដែរ។ បទល្បីរបស់វង់ភ្លេង ដ្រាក្ការ ដែលច្រៀងដោយលោក ទូច ថាណា មានដូចជាបទ “ឆ្កួតចិត្តដ្បិតស្នេហ៍អូន”។
ក្រុមតន្រ្តីករ និង អ្នកចម្រៀងដ៏កម្រទាំងនេះ កំពុងធ្វើដំណើរមកទីក្រុងឡូវែល ក្នុងខែ មេសា នេះ ដើម្បីសម្តែងតន្រ្តី ជាផ្នែកមួយក្នុងដំណើរប្រគុំតន្រ្តី និង បញ្ចាំងខ្សែភាពយន្តឯកសារ “កុំស្មានបងភ្លេច៖ ខ្មែរបាត់បង់តន្រ្តីរ៉ក់”។ ភាពយន្តឯកសារនេះ គឺជាការចងក្រងនូវប្រវត្តិនៃភាពល្បីរន្ទឺរបស់តន្រ្តីរ៉ក់ខ្មែរក្នុងទសវត្សឆ្នាំ ១៩៦០ ទាំងមូល។
លោក ចន ភីរ៉ូស្ស៊ី ដែលជាអ្នកផលិតខ្សែភាពយន្តឯកសារនេះ បានថ្លែង “ភាពយន្តឯកសារនេះរៀបរាប់អំពីប្រវត្តិសាស្រ្តរបស់ខ្មែរ តាមរយៈតន្រ្តីសម័យ។ ពីមុនមក ពុំដែលមាននរណាធ្លាប់ថតភាពយន្តឯកសារ និង ចងក្រងប្រវត្តិតន្រ្តីសម័យរបស់ខ្មែរយ៉ាងដូច្នេះទេ”។
ឥឡូវនេះ ភាពយន្តឯកសារនេះ នឹងដាក់បញ្ជាំងនៅទីក្រុងឡូវែល ចាប់ពីថ្ងៃទី ២៤-៣០ ខែ មេសា ឆ្នាំ ២០១៥ នៅរោងកុន Showcase Cinemas Lowell (32 Reiss Avenue)។ ការដាក់បញ្ចាំងពិសេស នឹងធ្វើនៅថ្ងៃទី ២៥ ខែ មេសា (វេលាម៉ោង ៧ យប់) និង ថ្ងៃ អាទិត្យ ទី ២៦ ខែ មេសា (វេលាម៉ោង ៣ និង កន្លះរសៀល)។ ក្នុងការដាក់បញ្ចាំងពិសេសនេះ នឹងមានចាងហ្វាងផលិតកម្ម គឺលោក ចន ភីរ៉ស្ស៊ី ចូលរួមផ្ទាល់ និង មានតន្រ្តីករ និង អ្នកចម្រៀងជំនាន់ដើម ដែលនៅរស់រានមានជីវិតនៅឡើយ ដូចជា លោក ម៉ុល កាម៉ាច លោក ម៉ុល កាញ៉ុល លោក ហុង សំលី លោក ស៊ាង ថាណា លោក ទូច ឆាត់ថា និង លោក អ៊ុក សំអាត ចូលរួមផងដែរ។ នៅថ្ងៃ អាទិត្យ ទី ២៦ ខែ មេសា ដដែល នៅវេលាម៉ោង ៦ ល្ងាច នៅភោជនីយដ្ឋានសំពៅមាស នៅទីក្រុងឡូវែល នឹងមានវង់តន្រ្តីសម័យប្រគុំផ្ទាល់។ ភោជនីយដ្ឋានសំពៅមាស មានទីតាំងនៅអគារលេខ 450 Chelmsford Street, Lowell។ វង់តន្រ្តីនឹងប្រគុំបទពីដើមរបស់លោកស៊ីន ស៊ីសាមុត ដែលនឹងច្រៀងដោយចៅប្រុសរបស់គាត់ ឈ្មោះ ស៊ីន សេដ្ឋាកុល និង អ្នកចម្រៀងល្បីក្នុងវង់តន្រ្តី ដែងគី ហ្វីវើ (Dengue Fever) គឺអ្នកនាង ឆោម និមល។
សំបុត្រសម្រាប់កម្មវិធីពិសេសនោះ លក់ក្នុងតម្លៃ ៣០ ដុល្លា ក្នុងម្នាក់។ តម្លៃនេះ មានរួមបញ្ចូលអាហារខ្មែរបួនមុខផងដែរ។ សំបុត្រមានលក់នៅតាមអ៊ិនធើណិត dtiflowellconcert.eventbrite.com ឬ មកទិញដោយផ្ទាល់នៅទីស្នាក់ការកាសែតខ្មែរប៉ុស្តិ៍ 45 Merrimack Street, Suite 218A, Lowell។ កម្មវិធីនឹងបើកនៅម៉ោង ៦ ល្ងាច។ អាហារពេលល្ងាច នឹងរៀបចំជូននៅម៉ោង ៦ និង ៣០ នាទីល្ងាច។ វង់តន្រ្តីនឹងចាប់ប្រគុំនៅម៉ោង ៧ និង ៣០ នាទីយប់។ ប្រាក់ចំណូលដែលបានពីការលក់សំបុត្រក្នុងកម្មវិធីប្រគុំតន្រ្តី នឹងរក្សាទុកដើម្បីឧបត្ថម្ភដល់ក្រុមតន្រ្តីករ និង អ្នកចម្រៀង ក្នុងកម្មវិធីនេះ។
សំបុត្រមើលភាពយន្តឯកសារ កុំស្មានបងភ្លេច ដែលនឹងបញ្ចាំងនៅរោងកុន Lowell Showcase Cinema មានលក់នៅតាមអ៊ិនធើណិត ShowcaseCinemas.com។ សូមស្វែងរកពាក្យ the Lowell venue រួចហើយជ្រើសយកថ្ងៃមើលកុន និង ម៉ោង៕