កម្មវិធីប្រកួតគំនិតអាជីវកម្មសម្រាប់សហគមខ្មែរ និង អាមេរិក
ទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត៖ កាលពីថ្ងៃទី ២៤ ខែ កុម្ភៈ កន្លងទៅនេះ អង្គការសហគ្រិនភាពសម្រាប់ទាំងអស់គ្នា (ឬហៅកាត់ថា EforAll) សហការគ្នាជាមួយសមាគមខ្មែរ (ឬហៅកាត់ថា CMAA) រៀបចំកម្មវិធីប្រកួតប្រជែងគំនិតអាជីវកម្មលើកទី ២០ នៅភោជនីយដ្ឋានសាន់នីដា នាទីក្រុងឡូវែល។ ភ្ញៀវចូលរួមមានចំនួនជាង ១០០ នាក់។ អាជីវកម្មខ្នាតតូចចំនួន ១៥ បានចូលរួមតាំងបង្ហាញផលិតផល និង គំនិតអាជីវកម្មរបស់ខ្លួន។ ក្នុងចំណោមនោះ មានម្ចាស់អាជីវកម្ម និង អ្នកមានគំនិតបើកអាជីវកម្មចំនួន ៨ នាក់ បានប្រកួតប្រជែងគំនិតអាជីវកម្មរបស់ខ្លួន ដើម្បីឲ្យចៅក្រម ៤ នាក់ជាអ្នកដាក់ពិន្ទុ។
គោលបំណងនៃកម្មវិធីប្រកួតប្រជែងគំនិតអាជីវកម្មនេះ គឺដើម្បីលើកស្ទួយគំនិតអាជីវកម្ម និង ជួយបង្កើតមុខរបរថ្មីៗបន្ថែមទៀតសម្រាប់បងប្អូនពលរដ្ឋខ្មែរ-អាមេរិក និង ជនជាតិអាមេរិកទូទៅ។
អ្នកចូលរួមប្រកួតប្រជែងគំនិតអាជីវកម្ម ដែលមានរយៈពេលបីនាទីសម្រាប់បេក្ខជនម្នាក់ៗ រួមមាន ១) Letriah Masters តំណាងឲ្យ Merrimack Valley Music and Arts Inc. ជាអង្គការមិនរកប្រាក់កម្រៃ ផ្តល់សេវាដើម្បីដោះស្រាយបញ្ហាសិស្សដែលបណ្តាលមកពីការកាត់ថវិកាផ្នែកអប់រំ វិបត្តិសេដ្ឋកិច្ច និង បញ្ហាហិរញ្ញវត្ថុ ២) ខូ តារាឫទ្ធិ ជាជនខ្មែរ-
អាមេរិក តំណាងឲ្យគំនិតបង្កើតកម្មវិធីមួយឈ្មោះថា Cambodian Culture After School Program ផ្តល់សេវាដើម្បីជួយសិស្សសាលា ក្រោយម៉ោងសិក្សា ដូចជាកិច្ចការ Homework ជួយបង្ហាត់រាំ និង របាំខ្មែរ របៀបចម្អិនអាហារខ្មែរ អក្សរសាស្រ្តខ្មែរ ប្រដាល់ក្បាច់គុណខ្មែរបុរាណ ៣) Daniel Rajczyk តំណាងឲ្យ Asperger Works Inc. ជាអង្គការមនុស្សធម៌ផ្តល់សេវាដើម្បីដោះស្រាយបញ្ហាគ្មានការងារធ្វើ ក្នុងចំំណោមអ្នកដែលមានជំងឺ Autism Spectrum Disorders (ASD) ៤) David Tetreault, Henry DeLima, Terry Fox-Koor, Ann McGill និង Brian Holt តំណាងឲ្យក្រុមហ៊ុន Veterans QRF ផ្តល់សេវាដើម្បីដោះស្រាយបញ្ហារបស់អតីតយុទ្ធជន ដែលរងការលំបាកក្នុងការទទួលបានប្រាក់ពិការ ៥) Michael Underwood តំណាងឲ្យ MyAl Software ជាកម្មវិធីថ្មីដែលផ្តល់សេវាដើម្បីបិទកុំឲ្យកុមារបើកមើលរូបភាពអាសអាភាសតាមអ៊ិនធើណឹត ៦) Ryan Wu តំណាងឲ្យ Buy Time ផ្តល់សេវាផ្នែកវេជ្ជសាស្រ្ត ដោយប្រើឧបករណ៍បញ្ចុះកំដៅក្នុងខ្លួនអ្នកជំងឺឲ្យបានឆាប់ ៧) Jennifer Shao តំណាងឲ្យ Jennifer Shao’s Paintings ផ្តោតលើផ្នែកវិចិត្រកម្ម យកតាមលំនៅសិល្បៈរបស់ជនជាតិចិន និង សិល្បៈសហសម័យ និង លើកទឹកចិត្តឲ្យកុមារស្រលាញ់សិល្បៈ និងអ្នកទី ៨ ជាបេក្ខជនដែលជ្រើសរើសដោយឥតព្រាងទុក ជាជនជាតិថៃ-អាមេរិក។ អ្នកទី ៨ នេះមានគំនិតបង្កើតកម្មវិធីមួយឈ្មោះថា Take-In ដែលចងក្រងមនុស្សជាបណ្តាញ ដើម្បីចែករម្លែកបទពិសោធន៍ពាក់ព័ន្ធនឹងអាហារឆ្ងាញ់ និង ប្លែកៗ។
ចៅក្រមទាំងបួនរូប ដែលចូលរួមផ្តល់ពិន្ទុរួមមាន៖ ១) លោក ខេវិន មើហ្វ៊ី មន្រ្តីគ្រប់គ្រងក្រុងឡូវែល ២) កញ្ញា អានី វង់ ម្ចាស់ហាងសម្លៀកបំពាក់ឈ្មោះ Humanity Boutique ៣) លោក ភីជេ អាណាន់ ម្ចាស់ក្រុមហ៊ុន Alcyone និង ៤) លោកស្រី សុភី ធៀម (មន្រ្តីគ្រប់គ្រងផ្នែកបណ្តុះបណ្តាល និង អភិវឌ្ឍន៍ និង ជានាយិការងនៃធនាគារ Enterprise Bank។
ជាលទ្ធផលបេក្ខជនបួនរូបទទួលបានរង្វាន់ដូចខាងក្រោម៖
១) រង្វាន់ទី ១ ទឹកប្រាក់ ១ ០០០ ដុល្លា បានទៅ Asperger Works Inc.
២) រង្វាន់ទី ២ ទឹកប្រាក់ ៧៥០ ដុល្លា បានទៅលោក ខូ តារាឫទិ្ធនៃ Cambodian Culture After-School Program
៣) រង្វាន់ទី ៣ ទឹកប្រាក់ ៥០០ ដុល្លា បានទៅ Take-In
ក្រៅពីចៅក្រម អ្នកចូលរួមត្រូវបានអនុញ្ញាតឲ្យបោះឆ្នោតដាក់ពិន្ទុបេក្ខជនដែលខ្លួនពេញចិត្តផងដែរ។ ជាលទ្ធផល Veterans QRF ឈ្នះរង្វាន់ពេញចិត្តពីអ្នកចូលរួម។
ចំពោះអ្នកដែលមានគំនិតចង់បង្កើតអាជីវកម្មថ្មី ឬ មានអាជីវកម្មរួចហើយ និង ចង់ពង្រីកអាជីវកម្ម ឬ ចង់ធ្វើឲ្យអាជីកម្មមានភាពល្អប្រសើរជាងមុន សូមដាក់ពាក្យចូលរៀនក្នុងវគ្គបណ្តុះបណ្តាលរបៀបផ្នែកអាជីវកម្ម។ វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល ១២ ខែ និងផ្តល់ជូនដោយឥតគិតថ្លៃ។ ថ្ងៃទទួលពាក្យសុំចូលរៀន គឺថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០១៦ ដល់ថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០១៦។ សូមទាក់ទងលោក ណារ៉េត មួង តាមរយៈលេខទូរស័ព្ទ ៩៧៨-៤៥៤-៦២០០ (x1018) ឬ តាមរយៈអ៊ីម៉េល nmuong@cmaalowell.org ឬ www.EforAll.org ប្រសិនបើលោកអ្នកចង់ដឹងព័ត៌មានបន្ថែមអំពីការដាក់ពាក្យចូលរៀនកម្មវិធីបណ្តុះបណ្តាលផ្នែកអាជីកម្មនេះ៕