តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិខេត្តកំពង់ធំ
បើតាមសារពត៌មាន VODHOTNEWS ចុះថ្ងៃទី ២ មករា ២០១៧ថា គណបក្សប្រជាជនកម្ពុជាបានណែនាំឲ្យក្រុមការងារពង្រឹងមូលដ្ឋាននៃខេត្តនីមួយៗ ត្រូវ «ទទួលខុសត្រូវ» ចំពោះមេឃុំឬចៅសង្កាត់របស់ខ្លួនដែលគណបក្សនេះថា មិនបានជាប់ឈ្មោះ នៅពេលបោះឆ្នោតឆ្នាំ២០១៧។
នៅក្នុងលិខិតមួយដែលយោងតាមចំណារបស់លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោកស្រី ម៉ែន សំអន ក្នុងនាមជាសេនាធិការ បានប្រាប់ឲ្យរដ្ឋមន្ត្រីនៅតាមក្រសួង និងរដ្ឋលេខាធិការដ្ឋានសរុបចំនួន២៣ ឲ្យជួយទទួលខុសត្រូវចំពោះមេឃុំឬចៅសង្កាត់របស់គណបក្សខ្លួនដែលមិនបានជាប់ ឈ្មោះជាមេឃុំ ឬ ចៅសង្កាត់ឆ្នាំ២០១៧។
ក្នុងលិខិតចុះថ្ងៃទី២៣ ខែ ធ្នូឆ្នាំ២០១៦ បង្ហាញថា រដ្ឋមន្រ្តីភាគច្រើនទទួលខុសត្រូវតែមួយខេត្តប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់រដ្ឋមន្រ្តីក្រសួងសាធារណៈការ ដែលទើបចូលកាន់តំណែងថ្មី លោក ស៊ុន ចាន់ថុល ត្រូវបានបក្សដាក់ឲ្យទទួលខុសត្រូវខេត្តចំនួន៤ គឺឧត្តរមានជ័យ ព្រះវិហារ ប៉ៃលិន និងបន្ទាយមានជ័យ។ ចំណែក រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន ត្រូវបានគណបក្សកាន់អំណាចនេះ ដាក់ឲ្យទទួលខុសត្រូវខេត្តចំនួន ៥ គឺកោះកុង ព្រះសីហនុ កំពត កែប និងកំពង់ធំ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បញ្ជាក់ថា គោលការណ៍នេះត្រូវបានលើកឡើងក្នុងសន្និបាតគណបក្សកន្លងមក។ លោកមានប្រសាសន៍ថា គណបក្សនេះគឺមិនបោះបង់ចោលសមាជិកណាមួយនោះទេ ទោះក្នុងកាលៈទេសៈណាក៏ដោយ។ លោកបន្តថា «ដូចជាគាត់ធ្លាប់បានប្រាក់ ឧបត្ថម្ភប៉ុន្មានក្នុងមួយខែ អាហ្នឹងជួយដោះស្រាយគាត់ទៅ។ ទន្ទឹមនឹងហ្នឹងក៏មានការជួយដោះស្រាយអំពីជីវភាពរបស់គាត់»។
បើតាមលោក សុខ ឥសាន ប្រាក់ឧបត្ថម្ភនោះគឺបានមកពីការបរិច្ចាគថវិកាផ្ទាល់ខ្លួនរបស់អ្នកទទួលខុសត្រូវនៅតាមខេត្តនីមួយៗ។
លោកមានប្រសាសន៍ថា «អាហ្នឹងស៊ីសងអាស្រ័យលើការស្ម័គ្រ ចិត្តរបស់អ្នកទទួលខុសត្រូវហ្នឹងទេ។ ខ្ញុំយល់ថាវាមិនធ្ងន់ធ្ងរទេពីព្រោះនៅតាមឃុំ សង្កាត់ តាមខេត្តមួយចំនួនមិនមែនបេក្ខជនដែលឈរឈ្មោះវាធ្លាក់ទាំងអស់ឯណា រាប់រយនាក់។ មួយពីរតែប៉ុណ្ណឹងទេ»។
តើយើងអាចជឿតាមសំដីលោក សុខ ឥសាន ថាជាប្រាក់ឧបត្ថម្ភនោះគឺបានមកពីការបរិច្ចាគថវិកាផ្ទាល់ខ្លួនរបស់អ្នកទទួលខុសត្រូវនៅតាមខេត្តនីមួយៗ នេះឬទេ? បើយើងគិតជាលេខដូចជាខេត្តទាំងបួនរបស់លោក ស៊ុន ចាន់ថុល ដែលត្រូវបានបក្សដាក់ឲ្យទទួលខុសត្រូវខេត្តចំនួន៤ គឺឧត្តរមានជ័យ ព្រះវិហារ ប៉ៃលិន និងបន្ទាយមានជ័យ តើអស់ប៉ុន្មានក្នុងមួយខែនោះ។
ខេត្តទាំង៤ គឺឧត្តរមានជ័យ មាន ៣៣ឃុំ, ព្រះវិហារ មាន៥១ឃុំ, ប៉ៃលិន មាន ៨ សង្កាត់ និងបន្ទាយមានជ័យមាន ៦៥ ឃុំ សង្កាត់ ទាំងអស់ត្រូវ ១៥៧ ឃុំសង្កាត់ ។ បើតាមលទ្ធផលប៉ាន់ស្មាន ថាគណបក្សប្រជាជនកម្ពុជាបាត់អស់៥០ភាគរយ គឺ ៧៧ ឃុំ គឺបានសេចក្តីថា អស់មេឃុំ ៧៧ នាក់ បូកនិង ក្រុមប្រឹក្សាឃុំសង្កាត់ផងដែរ ដែលអាចបាត់ជាង ៣០០ ក្នុង ចំណោម ១០៥២ ចំពោះ ទាំងបួនខេត្តនេះ។ បើបូកទាំង មេភូមិ ជំនួយការភូមិ និង សមាជិកភូមិទៀត ដែលពួកអស់នេះជាអ្នកប្រមែរប្រមូលធនធានជូនបក្ស ។ ហើយក្រោយមកទៀត ក្រុមប្រឹក្សា ស្រុក និង ខេត្ត ។ បើគិតជាលុយ គ្រាន់តែ ៤ ខេត្ត គឺ១ខែ អស់ជាង ១០ហ្មឺនដុល្លាទៅហើយ ហើយមិនត្រឹមតែជួយ ១ ខែនោះទេ គឺត្រូវជួយជាចេរភាពទំរាំរកដំណោះស្រាយរួចដូចសំដីរបស់លោក សុខ ឥសាន ។
ហេតុដូច្នេះ ប្រាក់ឧបត្ថម្ភនឹងបានមកពីការបរិច្ចាគថវិកាផ្ទាល់ខ្លួនរបស់អ្នកទទួលខុសត្រូវនៅតាមខេត្តនីមួយៗ ដូចលោក សុខ ឥសាន អះអាងដូចជាជឿមិនកើត។ ការអះអាងជាច្រើនរបស់រដ្ឋាភិបាលក៏ដូចគ្នាយ៉ាងនេះដែរ ។
យ៉ាងនេះមានដំណោះស្រាយតែ មួយគត់គឺក្រសួងនិមួយៗ បញ្ចូលពួកបាត់ការងារនេះទៅក្នុងស្ថាបន្ន័រដ្ឋ ដើម្បីឲ្យមានប្រាក់ខែ ធ្វើការបំរើបក្ស ។ ធ្វើជាភ្នាក់ងារជាប់កិច្ចសន្យា ឬ ក្នុងក្របខណ្ឌ ។
បើយើងគិតទូទាំងប្រទេសដែលមានចំនួន ១.៦៤៦ ឃុំ ក្រុមប្រឹក្សាឃុំ សង្កាត់ មាន ១១.៥៧២ នាក់ ចំនួន ភូមិ ១៤.១៦៨ មួយភូមិ ៣ នាក់ ឯចំណែកស្រុកវិញ មាន ១៨៥ ក្រុមប្រឹក្សាស្រុក ២៩៣១ នាក់ និង ខេត្តទាំង ២៥ មាន៣៩៣ ក្រុមប្រឹក្សាខេត្ត ។ បើគិតជាថវិកាវិញ គឺ ១ ខែ ជាង ៣ លានដុល្លា ដើម្បីឧបត្ថមចំពោះអ្នកបាត់ដំណែង ហើយ មួយឆ្នាំ ជិត ៤០ លានដុល្លា ដែលគណបក្សប្រជជានកម្ពុជាយកថវិកាជាតិចិញ្ចឹមសមាជិករបស់ខ្លួន ទំរាំចាំដល់ដូររាជរដ្ឋភិបាលថ្មី គឺរាជរដ្ឋភិបាលដឹកនាំដោយគណបក្សសង្គ្រោះជាតិ ចាប់ពីខែ ១០ ឆ្នាំ ២០១៨ គឺបានរយៈពេល១៥ខែដែរ។ នេះយើងមិននិយាយពីការប្រមូលធនធានបានពីមេឃុំដូចជាលក់ទ្រព្យសម្បតិរដ្ឋ និង ពន្ធនានាដែលឃុំ ស្រុក ខេត្ត ប្រមូលយកទៅជួយបក្ស ។
ហេតុនេះ ចំណាយដើម្បី« ប្រាក់ ឧបត្ថម្ភឲ្យទៅសមាជិកបាត់បង់ការងារ នឹងមានការជួយដោះស្រាយអំពីជីវភាពរបស់គាត់» ដូចលោកសុខឥសានអះអាងនោះច្បាស់ជាយកថវិកាជាតិទៅផ្គត់ផ្គង់ ដោយថវិកាផ្ទាល់ខ្លួនរបស់អ្នកណាមួយមិនអាចធ្វើបាននោះទេ។ ហេតុនេះបានសេចក្តីថា ក្រសួងនីមួយៗនឹងមានរើសបុគ្គលិក ដោយស្ថាបន័អត់ត្រូវការ គឺបង្កើតការងារដោយអត់ត្រូវការ ។ នេះជាអំពើពុករលួយរៀបចំដោយស្ថាប័ន ដើម្បីបំរើបក្ស ។
យ៉ាងដូច្នេះទៅអនាគត នាចុងឆ្នាំ ២០១៨ និង ដើមឆ្នាំ ២០១៩ អង្គការប្រឆាំងនឹងអំពើពុលរលួយច្បាស់ជាមានកិច្ចការយ៉ាងច្រើនចំពោះករណីយនេះ ពីអំពើពុករលួយដោយយកថវិកាជាតិទៅចិញ្ចឹមសមាជិករបស់បក្ស ៕
លិម គិម យ៉ា