សាលាក្រុងបានតម្លើងពន្ធផ្ទះដោយគ្មានការជជែកគ្នាThe city of Lowell approved the rise of Property tax without discission
ខ្មែរផុសស.រ.អា.
ពន្ធលើអចលនវត្ថុបានត្រូវសមាជិកក្រុមប្រឹក្សាក្រុងឡូវែល សម្រេចឱ្យតម្លើងជាង៥%នាឆ្នាំនេះ ដោយគ្មានការជជែកវែកញែកពីព្រោះគេយល់ថា ប្រាក់ពន្ធនេះត្រូវតែតម្លើងជាចាំបាច់ ប្រសិនបើក្រុងមិនចង់ឱ្យជំពាក់គេទេ។ ម្ចាស់ផ្ទះនិមួយៗនៅឡូវែលនេះ នឹងឃើញវិក័យប័ត្រ‹ពន្ធដារផ្ទះ-ប្រពឺទីតាក់›មានតម្លៃ១៨៩ដុល្លា,ច្រើនជាងប្រាក់ពន្ធផ្ទះដែលគេបានបង់ពីឆ្នាំមុនដែលមានចំនួនបន្ថែមតែ១១៩ដុល្លាតែប៉ុណ្ណោះ គឺតម្លើងតែ៣,៥ភាគរយ ច្រើនជាងកាលពី២ឆ្នាំមុន។
លោកអភិបាលក្រុងឡូវែល អេដ កេណ្ណឺឌី បាននិយាយប្រាប់កាសែត‹ឡូសាន់›ថា‹យើងខំរក្សាប្រប្រឺទីតាក់មិនឱ្យឡើងខ្ពស់ទេ ប៉ុន្តែការតម្លើងឆ្នាំនេះវាសមរម្យហើយ› លោកបន្ថែមថា‹ដោយមិនចង់តម្លើងតាក់ដែលនាំឱ្យធ្ងន់ដល់ពលរដ្ឋ មានឆ្នាំខ្លះ មិនបានតម្លើងពន្ធទាល់តែសោះ តែដល់ពេលត្រូវតម្លើង ក៏តម្លើងយ៉ាងខ្ពស់តែម្តង, នេះជាការមិនសមរម្យទេ គេគួរតម្លើងដែរតែម្តងបន្តិច ទើបមិនមានការប៉ះពាល់›។ សាលាក្រុងបានមើលឃើញថា ការតម្លើងពន្ធនេះវាជាការចាំបាច់ បើទោះជាជជែកគ្នាក៏ត្រូវតែតម្លើងដែរ…›។ អាដាម ព្រិល ‹អាយតិច›តំណាងឱ្យពាណិជ្ជករនៅ‹ខពលស្គែរ›និយាយដោយមិនពេញចិត្តថា ‹គេមិនគួរតម្លើងប្រាក់ពន្ធច្រើនយ៉ាងនេះ ដោយគ្មានការពិគ្រោះគ្នាឱ្យពលរដ្ឋបានយល់ច្បាស់ផងនោះទេ គួរណាស់តែមានការប្រជុំពន្យល់ប្រជាពលរដ្ឋឱ្យបានយល់ច្បាស់មុននឹងកាត់លុយគេផង សហគមន៍ខ្មែរដ៏ធំនៅឡូវែលនេះ មិនបានយល់ពីរឿងនេះទេ!›។
បើប្រៀបធៀបទៅនឹងក្រុងឯទៀតៗនៅក្បែរគ្នា តម្លៃពន្ធនៅឡូវែលនេះ ស្មើនឹង ១ភាគ៣ នៃពន្ធលើអចលនវត្ថុនៃតំបន់ជុំវិញតែប៉ុណ្ណោះ ឃើញថានៅថោកជាងគេច្រើននៅឡើយ។ ស ធែល ធ្វើការរនៅប៉ូលីសតុលាការឡូវែល និយាយថា‹បើគេចង់ឱ្យកូនរៀនសាលាឯកជន ដែលមានបង់ថ្លៃសាលាខ្ពស់ គេគួរមានផ្ទះនៅឡូវែល ពីព្រោះពន្ធផ្ទះវាថោកជាងគេ ហើយយកប្រាក់ចំណេញពីពន្ធផ្ទះនោះ ទៅបង់ថ្លៃសាលាកូន›។
លោក ខេវិន ម័រហ្វី ចាងហ្វាងសាលាក្រុងនិយាយថា‹ការតម្លើងពន្ធនេះ វាចាំបាច់ណាស់ សម្រាប់ទប់ទល់ការឡើងថ្លៃភ្លើង,ឡើងថ្លៃធានារ៉ាប់រង, ឡើងប្រាក់ខែ នឹងសេចក្តីត្រូវការផ្សេងៗ ក្រៅពីនេះក៏មានការវិនិយោគរបស់ក្រុងបន្ថែមទៀតដែរ។ សាលាក្រុងឡូវែលមានគម្រោងធំៗ ដូចជាត្រូវចំណាយរាប់លានបន្ថែម សម្រាប់បង្កើតឱទ្យាននឹងកែលំអធ្វើផ្លូវ‹ឡូរេណ›នឹងធ្វើស្ពាននៅលើស្ទឹង‹ខនខូដ›…។ សមាជិកក្រុមប្រឹក្សាក្រុងកាន់ខាងគណកម្មការហិរញ្ញវត្ថុ ជីម ឡេរី បរិយាយថា‹ការតម្លើងពន្ធនេះមិនមែនជាចៃដន្យទេ ក្រុមប្រឹក្សាក្រុងបានបោះឆ្នោតកាលពីរដូវក្តៅមុន ឱ្យកែរលំអ‹ថវិការក្រុង› តែថវិការនោះវាចង្អៀតណាស់ទៅហើយដូច្នេះត្រូវទប់ទល់នៅឆ្នាំនេះ ហើយឆ្នាំក្រោយក៏ដូចគ្នាដែរ។ សាលាក្រុងឡូវែល ប្រើប្រាស់ថវិការ៣៤១លានដុល្លាសម្រាប់ដំណើរការ រហូតដល់ខែមិថុនា ដែលថវិការនេះខ្ពស់ជាងថវិការឆ្នាំមុនចំនួន៦លានដុល្លា ។ យោងតាមតារាងកាត់ប្រាក់ពន្ធលើផ្ទះជា‹លំនៅឋាន›និមួយៗក្នុងក្រុង គឺក្នុងរៀងរាល់១,០០០ដុល្លាថ្លៃផ្ទះ គេយក១៤,៩២ដុល្លា រីឯផ្ទះជាហាងពាណិជ្ជកម្មវិញ គេយកតម្លៃ៣០,៦៤ដុល្លា។ ជាទូទៅម្ចាស់ផ្ទះក្នុងគ្រួសារនិមួយៗនៅឡូវែល នឹងចេញប្រាក់ពន្ធលើផ្ទះរបស់ខ្លួនក្នុង១ឆ្នាំ២០១៧នេះ ៣,៧៨៨ដុល្លា, តែបើប្រៀបធៀបទៅនឹងឆ្នាំមុន២០១៦ ក្រុងទារតែ៣,៥៩៩ទេ។
វាស្នា នួន អតីតក្រុមប្រឹក្សាក្រុងឡូវែលបាននិយាយថា‹ក្រុមប្រឹក្សាក្រុងមានភារកិច្ចពីភក្សាពីការតម្លើងពន្ធនេះ ពីព្រោះពលរដ្ឋក៏មានភារៈកិច្ចពិនិត្យថវិកាក្នុងផ្ទះរបស់ខ្លួនដែរ បើប្រាក់ខែខ្លួនមានកំរិតតើឱ្យគ្នាទៅយកលុយពីណាមកៗបង់ឱ្យការតម្លើងពន្ធនេះរាល់តែឆ្នាំនោះ បើប្រាក់ខែមិនឡើងនោះ, ឆ្នាំនេះឃើញថាឥតសូវមានធ្លាក់‹ស្នូវ›ទេ គេអាចបង្វិលចំណាយនេះទៅចាយលើអ្វីផ្សេងបានទេតើ មិនចាំបាច់តម្លើងពន្ធបានទេ? គេថាតាក់ក្រុងយើងទាប! បើប្រៀបធៀបទៅក្រុងឯទៀតដែលនៅក្បែរៗយើង ហេតុអ្វីក៏គេមិនប្រៀបធៀបគុណភាពសាលារៀនគេ គុណភាពក្រុងគេជាមួយនឹងយើងផង? ខ្ញុំសង្កេតឃើញថាលោក‹ម័រហ្វី›តម្លើងតាក់រាល់ឆ្នាំហើយនៅបន្តិចទៀតនឹងមានអ្វីតម្លើងទៀតដូចជា‹ហ្វី› តម្លៃធ្វើលិខិតនានានៅសាលាក្រុង គេនឹងពិគ្រោះជាមួយពលរដ្ឋដែរឬទេ?›
អាដាម ព្រិល យល់បន្តរថា‹សហគមន៍គួរតែជួបជុំពិចារណាជាមួយគ្នា អំពីការតម្លើងប្រាក់ពន្ធលើអចលនវត្ថុនេះ ពីព្រោះយើងមិនអាចចេះតែបង់តាមតែគេទារ ដោយមិនបានដឹងថាតើគេយកទៅចំណាយអ្វីខ្លះនោះទេ, ក្រុងអាចនាំគ្នាតម្លើងប្រាក់ខែនៅលើការខិតខំរកស៊ីរបស់ពលរដ្ឋខ្លួនឯង ក៏ថាបានដែរ បើយើងមិនបានតាមដាននោះ!›៕