ខ្មែរផុសស.រ.អា.
ឡុវែលៈ សិស្សក្មេងៗបានមកចូលរួមក្នុងកម្មវិធីថ្មី‹ក្រោយម៉ោងសិក្សា›នៅសមាគមខ្មែរដូចធម្មតា, កាលពីរសៀលម្សិលមិញលោកគ្រូសុវណ្ណ ឃន បានមកបង្ហាត់សិស្សពីគ្រឿងភ្លេងខ្មែរ, រីឯថ្ងៃសុក្រទី៧មេសានេះសិស្សរំលឹកឡើងវិញនូវមេរៀនដែលបានសិក្សាពីមុនៗមក, តែអ្វីដែលយើងចង់ដឹងនោះថា‹តើក្មេងៗទទួលបាននូវលទ្ធផលដូចដែលអ្នកគ្រូស្រីពៅរង់ចាំដែរឬទេ?› យើងបានសុំឱ្យអ្នកគ្រូនាំក្មេងៗឱ្យអង្គុយដំកង់ ហើយនិយាយពីអារម្មណ៍របស់ពួកគេ។ គួរឱ្យភ្ញាក់ផ្អើលណាស់ នៅពេលឃើញសិស្សប៉ុណ្ណារ៉ូ ចង់មកមកធ្វើកិច្ចការដែលគ្រូបានដាក់ឱ្យធ្វើពីសាលាមក យកមកធ្វើនៅឯសមាគមខ្មែរ ហើយនៅ២សប្តាហ៍ចុងក្រោយនេះ កិច្ចការធ្វើបានចប់សព្វគ្រប់ ហើយនៅមានពេលសម្រាប់លេងជាមួយមិត្តភក្ត្រជាកូនខ្មែរដូចគ្នា មានពេលរៀនពិវប្បធម៌របស់ឳពុកម្តាយខ្លួន ហើយជាពិសេសចេះសំពះលាអ្នកគ្រូ ជាមួយនឹងពាក្យថា‹ជំរាបលាអ្នកគ្រូ›ទៀតផង។ ប៉ុណ្ណារ៉ូនិយាយថា‹ពិន្ទុនៅសាលារបស់ខ្លួនបានឡើងប្រសើរវិញហើយ បន្ទាប់ពីធ្វើកិច្ចការដែលដាក់ឱ្យពីសាលាមក ធ្វើបានគ្រប់គ្រាន់។ កុមារីម្នាក់និយាយថា‹ខ្លួនបានរៀនរាប់អក្សរខ្មែរ ថ្ងៃខ្មែរ នឹងខែខ្មែរ បានយ៉ាងចាំមាត់ទៅហើយ› រីឯកុមារាម្នាក់ទៀត មិនមែនជាសិស្ស‹ក្រោយម៉ោងសិក្សា›របស់សមាគមខ្មែរទេ ជាសិស្សមានអាយុ១១ឆ្នាំរៀននៅថ្នាក់ទី៩ គេមកសមាគមដោយសារ‹ស្ម័គ្រចិត្តមកជួយកិច្ចការរបស់សិស្ស›ណាចង់ឱ្យគេបានជួយ កិច្ចការរបស់គេផ្ទាល់ បានធ្វើរួចរាល់អស់ហើយ។
សក្ខីកម្មរបៀបនេះ គឺជាពិន្ទុប្រសើរបំផុតសម្រាប់សមាគមខ្មែរ គួររៀបជាគម្រោងធំមួយសម្រាប់រៀបអនាគតសហគមន៍ខ្មែរ ឱ្យអាចសម្បូរគ្រួសារដែលមានកូនចៅជោគជ័យក្នុងការសិក្សាឱ្យបានច្រើនជាអតិបរិមាបាន ពីព្រោះ‹កម្មវិធីក្រោយម៉ោងសិក្សា›នេះជាកាំច្រវ៉ាក់ដែលខ្វះក្នុងសហគមន៌ ។ កន្លែងជាច្រើនដែលសមាគមខ្មែរគួរតែសម្លឹងដាក់ភ្នាក់ងាររបស់ខ្លួន ឱ្យទៅជួយកូនខ្មែរបន្ថែម ដូចជានៅវត្តអារាមក្នុងក្រុងជាដើម មានវត្តជាច្រើនដែលយាយតាតែងនាំចៅទៅលេង មកទល់ពេលនេះវត្តទាំងនោះគ្មានកម្មវិធីរបៀបនេះទេ នឹកទៅជំនាន់ដើម វត្តអារាមមានតួរនាទីរំដោះជាតិដោយការសិក្សានៅគ្រប់ជំនាន់ដែរ ។
សិស្សនឹងគ្រូទាំងអស់ដែលបានជួបពិភក្សាជាមួយយើង នៅសមាគមខ្មែរ បានសម្តែងការរីករាយ ពេញចិត្តនឹងកម្មវិធីដឹកនាំដោយក្រុមអ្នកគ្រូស្រីពៅ ដែលបានបំពេញការខ្វះខាតក្នុងការអប់រំរបស់គ្រួសារខ្មែរមួយចំនួន គឺជាហេតុធ្វើឱ្យឳពុកម្តាយកុមារាកុមារីត្រេកអរដោយបានជួបកម្មវិធីសម្រាប់ខ្លួនរបៀបនេះ ។ លទ្ធផលប្រសើរនៅពេលសង្កេតឃើញថា‹ក្មេងៗចេះនឹកចង់ទៅCMAA,ពេលដល់ម៉ោងចេញ មិនចង់មកផ្ទះវិញ, ក្មេងចេះមានទម្លាប់គួរសមប្រសើរជាងមុន, កិច្ចការសាលាធ្វើបានចប់គ្រប់គ្រាន់› គឺប្រាកដជាជំនួយប្រកែកមិនបានដល់គ្រួសារខ្មែរ កាត់ថ្លៃក៏មិនបាន ដែលសមាគមខ្មែរបំរើសហគមន៌ទាំងអស់ ដោយមិនមានយកកំរៃ ៕