Top Mobile Banner

‹ខលី› ឬ ‹ដោនថោន› ដាន់ រួក បញ្ចេញមតិ Cawley or Downtown : Dan Rourk Speak out

ដោយ ពិន សំខុន

សមាជិកក្រុមប្រឹក្សាឡូវែល នឹងធ្វើការសម្រេចចិត្តចំពោះទីតាំងរបស់វិទ្យាល័យរបស់ខ្លួន នៅថ្ងៃអង្គារទី១៣មិថុនា, ដែលជាសេចក្តីសម្រេចចិត្ត ដ៏មានការទទួលខុសត្រូវធំបំផុតមួយ ពីព្រោះវានឹងប៉ះពាល់ដល់វាស្នាអនាគតនៃមធ្យមសិក្សានៅក្រុងឡូវែលនេះ រួមទាំងវាសនាអនាគតនៃមណ្ឌលពាណិជ្ជកម្មនៅ‹ដោនថោន›ផងដែរ។  លោក ដាន់ រួក ជា‹ចៅហ្វាយក្រុងរង›នៅក្រុងឡូវែល លោកបានផ្តល់បទសម្ភាសន៍ដល់ខ្មែរផុសកាលពីថ្ងៃព្រហស្បត៍ទី៨កន្លងទៅនេះ នៅភោជនីយដ្ឋាន‹អាថេនីញាន›និយាយពីទស្សនៈរបស់លោកផ្ទាល់ស្តី ពីការធ្វើសេចក្តីសម្រេចចិត្តលើរឿងដ៏មានសារៈសំខាន់នេះ ដែលនឹងប៉ះពាល់ដល់ស្ថានភាពសិក្សានៃប្រជាពលរដ្ឋក្នុងក្រុងរបស់លោក នឺងដល់ជីវិតនយោបាយរបស់លោកផ្ទាល់៖

ខ្មែរផុសស.រ.អាៈ នៅថ្ងៃអង្គារទី១៣នេះ ក្រុមប្រឹក្សាក្រុងឡូវែល នឹងធ្វើសេចក្តីសម្រេចចិត្តដ៍សំខាន់មួយស្តីពីទីតាំងរបស់‹ឡូហាយស្គូល› លោកដែលជាអ្នកបោះឆ្នោតម្នាក់ដែរ តើលោកដឹងទេថាលទ្ធផលនឹងក្លាយទៅជាយ៉ាងណា?

ដាន់ រួកៈ មែន! យើងនឹងធ្វើការបោះឆ្នោតនៅថ្ងៃទី១៣ តែខ្ញុំច្បាស់ជាមិនដឹងទេថា សាលា‹ឡូហាយស្គូល›នឹងនៅទីណានោះទេ គឺជាការបោះឆ្នោតទៅតាមទស្សនៈរបស់សមាជិកក្រុមប្រឹក្សាម្នាក់ៗ …

ខ្មែរផុសស.រ.អាៈ តើលោកយល់ថាប្រធានបទនេះ បានបែងចែកសាលក្រុងជាខ្លាំងឬ?

ដាន់ រួកៈ មែនហើយ ប្រធានបទនេះ បានចែកក្រុងទាំងមូល នឹងចែកក្រុមប្រឹក្សាក្រុងផងដែរ ! ហើយម្នាក់ៗសុទ្ធតែមានការយល់ឃើញយ៉ាងវិជ្ជមានទោះជាខាង‹ដោនថោន›ក្តី ឬក៏ខាង‹ខលី›ក្តី ហើយថ្នាក់ដឹកនាំម្នាក់ៗសុទ្ធតែថ្លឹងថ្លែងពីផលប្រយោជន៏របស់អ្នកបង់ពន្ធ នឹងពីផលប្រយោជន៍ការសិក្សាយុវជន ចំណែកខ្ញុំយល់ថា ការសម្រេចយក‹ខលី›ជាការប្រសើរជាង…

ខ្មែរផុសស.រ.អាៈ មនុស្សជាច្រើនយល់ថា‹ទីតាំងសាលាឡូហាយស្គូល›ដែលនៅកណ្តាលក្រុងនោះ មិនមានប៉ះពាល់អ្វីដល់ការសិក្សាររបស់សិស្សទេ តែសម្រាប់ខ្ញុំមើលឃើញថា ទុកឱ្យយុវជនដើរពីផ្ទះទៅសាលារៀន ហើយដើរកាត់ទីក្រុងទៀត គឺជាការប្រថុយប្រថាននឹងគ្រោះថ្នាក់សម្បើមណាស់ តែលោកបានយល់ថា‹ឡូហាយស្គូល›គួរតែនៅ‹ខលី› តើមានហេតុផលអ្វីទេ?

ដាន់ រួកៈទៅ‹ខលី›មានផលចំណេញច្រើន ពីព្រោះជាទ្រង់ទ្រាយជា‹ខែមពិស› អ្វីៗក៏មានទាំងអស់នៅក្នុងនោះ ខ្ញុំយល់ពីអារម្មណ៍អ្នក, កូនសិស្សទៅរៀននៅទីនោះ តាំងពីម៉ោង៧ព្រឹក ល្ងាចឡើងម៉ោង៥-៦សឹមមកផ្ទះ ពីព្រោះ មានកន្លែងហាត់ប្រាណ កន្លែងធ្វើ‹ហូមវើក› គឺកាងារដាក់ឱ្យធ្វើពីថ្នាក់រៀន មានសកម្មភាពបន្ទាប់ពីថ្នាក់រៀនគ្រប់យ៉ាង, ដែលខ្ញុំយល់ថា នេះជាផលចំនេញដ៏មានសារសំខាន់សម្រាប់សិស្សមិនថាខ្មែរឬសាសន៍ណានោះទេ,តែបើក្មេងៗចេញមកធ្វើការងារថ្នាក់បន្ទាប់ពីម៉ោងរៀន នៅកណ្តាលក្រុងមិនជាការប្រសើរបូន្មានទេ, ហើយម្យ៉ាងទៀត ក្រុមពាណិជ្ជករដែលមករកស៊ីនៅ‹ដោនថោន›មានប្រាក់ចំណូលប៉ុន្មានពីសិស្សនឹងគ្រូបង្រៀន ? មិនបាន១០%ទេ ខ្ញុំនិយាយនេះមិនជំនួសពាណិជ្ជករទេ តែស្វែងរកផលប្រយោជន៍របស់សិស្ស… នៅមានកង្វះមួយដែរដែលមានអ្នកនិយាយថា ចរាចរនឹងកើនឡើងនៅ‹ខលី›ដូច្នេះបើមិនកកចរាចរនៅ‹ដោនថោន›ក៍នឹងស្ទះចរាចរនៅ‹ខលី›ដែរ… តែរឿងនេះខ្ញុំយល់ថា យើងនៅមាន៤-៥ឆ្នាំដែរសម្រាប់ពិចារណាកែរលំអពីការស្ទះចរាចនៅទីនោះ…

ខ្មែរផុសស.រ.អាៈ មានខ្លះនិយាយថាគេនឹងចំណាយលុយច្រើនសម្រាប់ ដឹកជញ្ជូនសិស្សទៅ‹ខលី› មែនទេ?

ដាន់ រួកៈ គេនឹងមានគម្រោង២សម្រាប់ការដឹកជញ្ជូននេះ គឺគេដាក់‹ស្គូលប៊ើស›ចំនួន៤២សម្រាប់ដឹកសិស្សដែលនៅតំបន់ខុសៗគ្នា ដោយត្រូវចំណាយ៣លានក្នុងមួយឆ្នាំ មិនមាននរណាត្រូវចេញថ្លៃដឹកជញ្ជូនរដ្ឋនោះទេ គឺជាលុយពន្ធ គេដឹកសិស្សចែកទៅតំបន់ចំនួន៥ នៅជុំវិញឡូវែលនេះ នឹងម្យ៉ាងទៀតគេអាចប្រើរថយន្តក្រុងដែលបង់តម្លៃយ៉ាងថោក…

ខ្មែរផុសស.រ.អាៈ ការដឹកជញ្ជូននេះទៀតសោត គឺជាបញ្ហាសន្តិសុខរបស់កុមារនឹងយុវជន គេមិនគួរឱ្យសិស្សដើរកាត់ក្រុងយ៉ាងឆ្ងាយរបៀបនេះទេ, នៅតាមផ្លូវ មានបញ្ហាធ្លាក់ភ្លៀង-ធ្លាក់ខ្យល់ឬធ្លាក់ទឹកកក បន្ថែមដោយបញ្ហាជនអាក្រក់ចាំធ្វើបាបក្មេងនៅកណ្តាលក្រុងទៀត ហេតុអ្វីបានមិនចាត់ទុកថា ដាក់ក្មេងក្នុងរថយន្តសាលា ជាបញ្ហាចាំបាច់?

ដាន់ រួកៈយើងអ្នករស់នៅក្នុងឡូវែល ជាអ្នកបង់ពន្ធ ដឹងហើយថា‹ក្មេងមិនគួរដើរទៅសាលាទេទោះជាចម្ងាយណាក៏ដោយ›ដោយសារតែបញ្ហាថា‹ក្មេងមានសិទ្ធនឹងទទួលការសិក្សាដ៏ប្រសើបំផុត ដើម្បីនឹងធ្វើឱ្យបាន គេត្រូវតែជូនដំណើរក្មេងឱ្យទៅដល់សាលរៀន› យើងបានចេញថ្លៃសម្រាប់ ដាក់រថយន្តសាលាដឹកក្មេងទៅរៀន ដាក់រថយន្តសង្គ្រោះបន្ទាន់ ដោយមិនមានឱ្យបង់ថ្លៃ ក៏ព្រោះតែបញ្ហាសន្តិសុខ នឹងការសិក្សារបស់ក្មេងនេះ…

ខ្មែរផុសស.រ.អាៈ បើនិយាយពីសំណង់វិញ អ្នកចូលចិត្ត‹ដោនថោន›ថា‹ឡូវែលបើនឹងប្តូរទីតាំងទៅ‹ខលី›នឹងចំណាយប្រាក់ច្រើន ហើយនោះវាជាទម្ងន់ដល់អ្នកបង់ពន្ធ !

ដាន់ រួកៈ‹ខលី›គឺជាជម្រើសលេខ៤ មានតម្លៃ៨,៨លាន ដែលសាលាក្រុងត្រូវខ្ចីប្រាក់បន្ថែម, សម្រាប់អ្នកបង់ពន្ធនឹងបង់បន្ថែម១៨ដុល្លាក្នុងមួយឆ្នាំ, បើធ្វើនៅ‹ដោនថោន›ក៏យើងត្រូវចេញប្រាក់១២ដុល្លាលើសក្នុងមួយឆ្នាំដែរក្នុងជម្រើសសំណង់ក្នុងក្រុងលេខ៥, ដែលសំខាន់នោះ ថា‹តើយើងចង់បានវិទ្យាល័យមួយ ដែលថ្មីស្រឡាង១០០% សង់ស្របតាមបច្ចេកទេសទំនើប បំពាក់សម្ភារៈថ្មី សិស្សរៀនក្នុងបរិយាកាសនៃសតវត្យទី២១ សិស្សអាចរកអនាគតរបស់ខ្លួនឃើញ ឬមួយក៏ចង់បានវិទ្យាល័យដែលថ្មីតែ៨០% នៅកន្លែងដែលមិនអាចសម្រប ទៅនឹងបច្ចេកទេសនាការសិក្សាសម័យថ្មីបាន?

ខ្មែរផុសស.រ.អាៈ តាមដែលខ្ញុំសង្កេតទៅ កាលពីដំបូងមិនសូវមានអ្នកការពារឱ្យវិទ្យាល័យប្តូរទៅទីតាំងចេញ‹ខលី›ទេ តែដោយមានការពន្យល់គ្នា ដោយបានឃើញទីតាំងរបស់‹ខលី› មានមនុស្សកាន់តែច្រើនឡើង គាំទ្រឱ្យវិទ្យាល័យប្តូរទៅ‹ខលី›វិញ នេះប្រហែលជាប្រជាពលរដ្ឋត្រូវការពេល ដើម្បីឱ្យមានការពន្យល់ឱ្យបានជ្រួតជ្រាបច្បាស់លាស់ សម្រាប់ធ្វើការសម្រេច?

ដាន់ រួកៈសាលាក្រុង បានចេញទៅធ្វើការពន្យល់ច្រើនដង នៅកន្លែងផ្សេងៗ បានធ្វើឱ្យមនុស្សមានការផ្លាស់ប្តូរយោបល់ ខ្ញុំបានយកពេលទៅជជែកជាមួយ‹ស៊ីប៊ីអេ› ជាមួយ‹សមាគមខ្មែរ›ជាមួយ‹ខ្មែរផូស›.. ខ្ញុំបានឃើញមនុស្សជាច្រើន នឹងកាន់តែច្រើនបានស្រឡាញ់‹ខលី›យល់ឃើញថាវិទ្យាល័យរបស់គេគួរតែនៅទីនោះ… ពេលវេលាដែលសមាជិកក្រុមប្រឹក្សាក្រុងត្រូវសម្រេច នឹងមកដល់នៅថ្ងៃទី១៣នេះ ភារៈកិច្ចយើងត្រូវធ្វើសេចក្តីសម្រេចនេះ ខ្ញុំជឿជាក់ថាសមាជិកក្រុមប្រឹក្សាម្នាក់ៗ នឹងធ្វើការសម្រេចតាមសប្បជញ្ញរបស់គេ តាមគំនិតដែលប្រសើរបំផុតរបស់គេ…

ខ្មែរផុសស.រ.អាៈ តើលោកមានសង្ឃឹមថានឹងមាន‹ខលី›ច្រើនទេ ?

ដាន់ រួកៈ ខ្ញុំមិនដឹងមែនថាក្រុមប្រឹក្សានឹងសម្រេចជាបញ្ចប់ថាទៅខាងណាទេ តែខ្ញុំជឿថាគេនឹងធ្វើតាមការស្រាវជ្រាវដ៏វិជ្ជមានរបស់គេ ថាអ្វីដែលប្រសើរបំផុតសម្រាប់ការសិក្សានៅឡូវែល…

ខ្មែរផុសស.រ.អាៈ ខ្ញុំគិតថា ដោយយោងទៅតាមការបែកយោបល់គ្នាស្រឡះយ៉ាងនេះ បើទោះជាសម្រេចយកទីតាំងវិទ្យាល័យនៅកន្លែងណាមួយក៏ដោយ មុខជានឹងមានការទទួលខុសត្រូវខ្ពស់បំផុត ក៏មានមនុស្សពាក់កណ្តាលក្រុងបន្ទោសលោកដែរ  មែនទេ?

ដាន់ រួកៈ មែនហើយ វាមុខជានឹងមានអ្នក‹សប្បាយចិត្ត› នឹងអ្នកដែល‹អន់ចិត្ត›, សេចក្តីសម្រេចលើកនេះនឹងចេញពីបេះដូងពិតរបស់សមាជិកក្រុមប្រឹក្សាម្នាក់ៗ, គេមិនអាចគិតពិការបាត់បង់ការគាំទ្រ នៅពេលបោះឆ្នោតខាងមុខបានទេ, ខ្ញុំសម្រេចចិត្តយកអ្វីដែលផ្តល់លទ្ធផលដ៏ល្អបំផុតសម្រាប់ការសិក្សារបស់យុវជនយើង

ខ្មែរផុសស.រ.អាៈ ខ្ញុំក៏ជឿដែរថា សេចក្តីសម្រេចរបស់សាលាក្រុងឡូវែល នៅថ្ងៃ១៣នេះ នឹងផ្តល់ការចងចាំយូរឆ្នាំ ដល់ក្រុមគ្រួសារនៃសហគមន៍ឡូវែលនេះ,…សូមអរគុណ ដែលបានផ្តល់បទសម្ភាសន៍នេះ ដល់ខ្មែរផុស។

 

 

 

 

 

ព័ត៌មានទាក់ទង