Top Mobile Banner

ពលរដ្ឋខ្មែរ៥ នាក់ត្រូវបានសង្គ្រោះក្នុងករណីគ្រោះថ្នាក់នៅសមុទ្រ

ដោយខ្មែរផុស ស.រ.អា

កាលពីថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០១៧ដែលជាថ្ងៃបុណ្យឪពុក កាណូតស្ទូចត្រីដែលមានពលរដ្ឋខ្មែរចំនួន ៥ នាក់បានជួបគ្រោះថ្នាក់លិចនៅម៉ោងប្រហែលជា ៥:៤៥ ព្រឹកព្រលឹមបន្ទាប់ពីកាណូតបានបើកបុកប៉ះទៅនឹងថ្មតែមិនបង្កឲ្យនរណាម្នាក់រងរបួសធ្ងន់ធ្ងរនោះទេ។

ក្នុងករណីនេះ ពលរដ្ឋខ្មែរទាំង៥ នាក់ក្នុងនោះមានស្ត្រីម្នាក់ផងដែរ ត្រូវបានជួយសង្គ្រោះដោយក្រុមប៉ូលីស Wharehamបន្ទាប់កាណូតត្រូវបានរកឃើញនៅទីតាំងដែលមានទឹករាក់ និងតំបន់ដែលសំបូរទៅដោយថ្មនៅចំណុចជិតកោះLittle Bird Islandស្ថិតនៅក្រុង Warehamក្នុងរដ្ឋម៉ាសាជូសេតដែលជាប់និងRhode Island។

លោកស្រី ឡាំ ផុង ជនរងគ្រោះជាស្រ្តីតែម្នាក់ក្នុងចំណោមជនរងគ្រោះទាំង ៥ បានឲ្យខ្មែរផុសដឹងថា នៅថ្ងៃកើតហេតុ លោកស្រី និងស្វាម៉ី ព្រមទាំងមិត្តភ័ក្រ៣ នាក់ផ្សេងទៀត បានបើកកាណូតក្នុងគោលបំណងដើម្បីទៅស្ទូចត្រី តែមិនទាន់បានទៅដល់គោលដៅផង កាណូតបានបុកប៉ះទៅនឹងថ្មត្រង់កន្លែងម៉ាស៊ីន ធ្វើឲ្យម៉ាស៊ីនមានបញ្ហា។

លោកស្រីបន្តទៀតថា បន្ទាប់ពីបានបុកប៉ះត្រូវម៉ាស៊ីន អ្នកជិះលើកាណូតទាំងអស់ចាប់ផ្តើមពាក់អាវពោង ហើយអ្នកបើកបរបានព្យាយាមបញ្ឆេះ រោលម៉ាស៊ីនក្នុងគោលបំណងដើម្បីធ្វើដំណើរបន្ត តែបែជាធ្វើឲ្យទឹកហូរចូលកាណូតកាន់តែច្រើន ហើយផ្អៀងលិចតែមិនបង្កឲ្យកាណូតលិចបាត់តែនោះទេ។

​ដោយសារតែជនរងគ្រោះពុំស្គាល់ទីកន្លែងកើតហេតុច្បាស់លាស់ សកម្មភាពជួយសង្គ្រោះត្រូវបានចំណាយពេលរហូតដល់ប្រមាណជិត ១ ម៉ោងទំរាំក្រុមប៉ូលីសអាចកំណត់ទីតាំងកើតហេតុ និងធ្វើការជួយសង្គ្រោះបាន។ លោកស្រីឡាំ ផុងថា <<ក្នុងចំណោម ៥ នាក់ មានតែម្នាក់ប៉ុណ្ណោះដែលរងរបួសជើងបន្តិចបន្ទួច ដោយសាររអិលនៅពេលកាណូតផ្អៀងលិច>>

នេះគឺករណីលិចកាណូតនៅសមុទ្រលើកទី ២ហើយបន្ទាប់គ្រោះថ្នាក់លិចកាណូតស្រដៀងគ្នានេះដែរបានកើតឡើងកាលពីថ្ងៃអង្គារទី៦ មិថុនា២០១៧ ដោយសារតែខ្យល់ព្យុះរលកធំដែលបណ្តាលឲ្យពលរដ្ឋខ្មែរម្នាក់គឺលោក ឈៀង ឈុន បានលង់ទឹកស្លាប់។

ដើម្បីសុវត្ថភាព និងត្រៀបខ្លួនដើម្បីបង្កាគ្រោះថ្នាក់ដល់ជីវិតនៅពេលជួបបញ្ហាបន្ទាន់នៅសមុទ្រ ក្នុងករណីក្រឡាប់ទូក  ត្រូវចាំថាកាក្រឡាប់ទូកអាចកើតមានគ្រប់ពេលវេលាបើទោះជាលោកអ្នកមានបទពិសោធន៏ រឺកាណូតមានសុវត្ថិភាពយ៉ាងណាក៏ដោយ, ត្រូវតែពាក់អាវពោងជានិច្ចសម្រាប់កាណូតតូច, ត្រូវប្រាកដថាយ៉ាងហោចណាស់លោកអ្នកមានវិធី ២ ក្នុងការទំនាក់ទំនងមកកាន់អ្នកនៅលើគោក,  ត្រូវមានគ្រាប់រំសេវភ្លើងសញ្ញាជួយសង្គ្រោះដែលអាចប្រើបានទាំងយប់ និងថ្ងៃ, និងត្រូវប្រាកដថាលោកអ្នកអាចចាប់យកឪបករណ៏ចាំបាច់សំខាន់ៗរបស់លោកអ្នកដោយងាយស្រួល។

ក្នុងករណីlលិចទូក ត្រូវប្រាកកដថាម្នាក់ៗពាក់អាវពោងបានត្រឹមត្រូវ ព្យាយាមស្វែងរកប្រភពដែលបង្កឲ្យលិច និងកាត់បន្ថយកន្លែងដែលទឹកហូរចូលដោយយកអ្វីមួយទៅបិទប្រហោងនោះ, ហៅរកជុំនួយ និងព្យាយាមឆ្ពៅទៅរកទឹករាក់ព្រមទាំងបាចទឹកចេញពីទូកឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ហើយសំខាន់បំផុតត្រូវនូវជាប់ជាមួយទូករឺកាណូតដោយសារឪកាសក្នុងការដែលគេអាចស្វែងរកឃើញមានច្រើន។

ព័ត៌មានទាក់ទង