Top Mobile Banner

រឿងប្រលោមលោក”រឿងចៅពិន”តពីលេខមុន

តពីលេខមុន

ចៅពិនយួរចានទទេស្រាក់មួយចៅថាច យួរចានស្រាក់ទទេមួយទៀតចេញដំណើរតាម លោកគ្រូនឹងលោក២អង្គទៀត ព្រះសង្ឃជើង វែងៗនិមន្តឥតមានទ្រនាប់ជើងទេតែនិមន្តលឿន ធ្វើឱ្យកូនសិស្សលោកដើរផងរត់ផងស្ទើរតែមិនទាន់តែសំណាង

ល្អនៅតាមផ្លូវជាតិទៅខាងជើង មានផ្ទះប្រជាពលរដ្ឋមួយៗដែរ ធ្វើឱ្យព្រះសង្ឃ ឈប់រង់ចាំ“ប្រោសសត្វ”គឺម្ចាស់ផ្ទះគេអាចដាក់បាយក្នុងបាត្រលោក ហើយកូនសិស្សត្រូវចូលឱ្យ គេដាក់ចង្ហាន់ក្នុងស្រាក់ ។ និមន្តជិតដល់វត្តចំបក់ មានផ្លូវមួយបែកពីផ្លូវជាតិខាងឆ្វេងដៃសំដៅចូល ទៅចំបក់តាមផ្លូវដីដែលផ្លូវនោះមានតែអ្នកជិះ កង់ជិះរទេះគោនឹងអ្នកដើរទេដែលប្រើផ្លូវនោះ និមន្តដល់ភូមីហើយផ្ទះអ្នកស្រុកក៏សម្បូរ លោកគ្រូនាំមុខក្បួនបានឈប់ជាញឹកញយទទួល ការដាក់បាត្រនឹងដាក់ចង្ហាន់ក្នុងស្រាក់ ហើយ ក៏ប្រទានពរសូត្រធម្មជយន្តោសេរីមង្គលជូនពុទ្ធបរិស័ទជាបន្តបន្ទាប់, តែដោយសារព្រឹកនេះ មានកូនសិស្សលោកដល់ទៅ២នាក់ ហើយម្នាក់ ជាកូនលោកកុម៉ង់ដង់បន្ទាយជើងខ្មៅ ធ្វើឱ្យ លោកគ្រូមានមោទនភាពនឹងប្រាប់ញាតិញោមពីកុមារថ្មីម្នាក់នេះ ម៉្លោះហើយនៅពេលចូល ទៅបំពេញម្ហូបក្នុងចានស្រាក់ មានខ្លះរីករាយ ណាស់នឹងដាក់នុំនែកក្នុងហោប៉ាវឱ្យ“អានាងកូនកុម៉ងដង់”ទុកហូបតាមផ្លូវ, ខ្លះក៏រំលឹកថា ធ្លាប់ បានស្គាល់លោកកុម៉ង់ដង់ពីមុនមកដែរ, លោក កុម៉ង់ដង់ម៉ាំង ជាទូទៅមានកេរឈ្មោះល្អក្នុង ខេត្តកំពុងស្ពឺទាំងមូលទាំងកេរឈ្មោះខ្លួនលោក ទាំងកងកម្លាំងរបស់លោ់កផងដែរ។

នៅពេលម្ហូបពេញស្រាក់នឹងបាយពេញ បាត្រលោកគ្រូក៏និមន្តត្រឡប់មកវត្តវិញ តែកូន សិស្សទាំង២ត្រូវឈប់សម្រាកតាមផ្លូវជារឿយៗ ពីព្រោះស្រាក់ពេញដោយម្ហូបធ្វើឱ្យមានទម្ងន់ ឥតឧប្បមាកាន់តែយូរកាន់តែធ្ងន់ថ្ងៃកាន់ក្តៅ ដំណើរកូនសិស្សកាន់តែយឺតលោកគ្រូនិមន្តកាន់ តែដាច់ឆ្ងាយទៅហើយ លោកឥតបានងាក ក្រោយមើលកូនសិស្សលោកកំពុងតែវេទនានៅឯក្រោយនោះទេ។ លោកនិមន្តទៅដល់ក្លោង ទ្វារចូលវត្តព្រឹត្តការមួយកើតឡើង គឺពូសាយ នៅចាំទីនោះរួចជាស្រេចមុននឹងនិយាយអ្វីទាំង អស់ពូសាយសួរថាៈ

-“ព្រះតេជគុណ! ចៅពិនមាននៅជាមួយ ព្រះអង្គទេ?ពីព្រោះពូសាយមិនឃើញចៅពិន ដើរតាមក្រោយលោកគ្រូទេ លោកគ្រូងាក ក្រោយក៏មិនឃើញដែរក៏មានសង្ឃដីការថាៈ

-“ចៅពិននឹងចៅថាចយួរចានស្រាកម្នាក់ មួយនៅពីក្រោយអាត្មាមុននេះបន្តិចទំនងជា បន្តិចទៀតមកដល់ហើយ…”ពូសាយទូលលោកគ្រូថាៈ

-“ព្រះតេជគុណនិមន្តទៅមុនទៅទុកឱ្យខ្ញុំ កូណាទៅរកក្មេងទាំង២នាក់នោះ”។ ថាហើយ ក៏ស្ទុះទៅតាមទិសខាងជើង តាមផ្លូវដែលលោក គ្រូទើបតែនិមន្តមកឃើញស្រមោលមនុស្ស ព្រិចៗ កំពុងដើរកណ្តាលថ្ងៃទំនងជាក្មេងទាំង ២នាក់នោះហើយមែន! អ្នកទាំង២នោះមែន កំពុងតែដើរអូសជើងយឺតៗដៃកាន់ចានស្រាក់ ម្នាក់មួយយ៉ាងណែនមិនឱ្យក្រពុប ឬក្រឡកចេញ បានឡើយ។ ពូសាយទៅទទួលយកចានស្រាក់ពី ដៃក្មេងទាំង២មកកាន់ខ្លួនឯង ហើយនាំគ្នាដើរ រហូតមកវត្តទាំងអស់គ្នាវិញ ក្រោមការរង់ចាំ របស់លោកគ្រូនឹងព្រះសង្ឃឯទៀតៗយ៉ាងទន្ទឹង។ ពូសាយដឹងថា ក្មេងអាយុ៥៦ឆ្នាំ មិនអាចយួរ ចានស្រាក់មានម្ហូបពេញបានយូរទេ តែព្រះសង្ឃ មិនបានយល់ដូច្នោះទេ នឹកថាក្មេងអាយុប៉ុណ្ណោះ ហើយមុខជាអាចធ្វើការនេះរហូតដល់ចប់បាន។

លោកគ្រូប្តើមសួរថាៈ

-“លោកសាយប្រញាប់មកវត្តអីក៏ព្រឹក ម្លេះ?ពូសាយឆ្លើយថា

-“កូណា លោកគ្រូ! លោកកុម៉ង់ដង់ នឹង លោកស្រីមានការព្រួយបារម្ភថា យកចៅពិន ទៅបិណ្ឌបាត្រជាមួយលោកគ្រូនៅឯចំបក់អាច នឹងនាំឱ្យមានការគ្រោះថ្នាក់ដោយម្តំនោះសម្បូរ ឥស្សរៈ បើគេដឹងថាចៅពិនជាកូនកុម៉ង់ដង់ ដែល តែងតែយកទាហ៊ានមកវាយពួកគេ! ហេតុនេះ ហើយបានជាតេជគុណខ្ញុំកូណាដេញខ្ញុំកូណាឱ្យ មកតាមមើលបើមានបញ្ហាអ្វីឱ្យប្រញាប់ឱ្យដំណឹង ទៅលោកភ្លាម!” លោកគ្រូសូម៉េតយល់ពីការ ព្រួយបារម្ភនេះ លោកជាអ្នកនៅជាមួយប្រជាពលរដ្ឋ អាចដឹងពីចិត្តពលរដ្ឋទាំងនោះបានច្បាស់លាស់ ហើយក៏ផ្តាំទៅវិញថាៈ

-“ប្រាប់ទៅញោមកុម៉ង់ដង់ ថាកុំឱ្យមាន ការបារម្មអ្វី ពីព្រោះនៅចំបក់អាត្មាស្គាល់តែទាំង អស់ហ្នឹងជាប្រជាពលរដ្ឋដែលស្លូតត្រង់ស្គាល់ បុណ្យស្គាល់បាប ហើយអាត្មាដឹងថា គេគោរពនឹង ស្រឡាញ់លោកកុម៉ង់ដង់ណាស់ សូមមើលទៅ ចៅពិនព្រឹកនេះ អ្នកស្រុកអ្នកភូមិដាក់នុំនែកឱ្យ ពេញហោប៉ាវ ពីព្រោះតែគេស្រឡាញ់រាប់អាន លោកកុម៉ង់ដង់នោះអី ប្រាប់ញោមកុម៉ង់ដង់ទៅ ថាកុំបារម្មធ្វើអ្វី!” ពូសាយក៏តបលោកតាវិញថា

-“កូណាលោកគ្រូ! ខ្ញុំកូណាបានឃើញនឹង បានយល់ហើយ! ចាំខ្ញុំកូណាទៅរាយការជូនលោក កុម៉ង់ដង់នឹងលោកស្រីវិញ” ថាហើយក៏ថ្វាយ បង្គំលាចេញទៅវិញ រីឯលោកគ្រូសូម៉េត ក៏ងាក មកអាចៅទាំង២ ហើយសួរថាៈ

-“ម៉េច ទៅរួចទេអាចៅ!” ទាំង២នាក់បែក ញើសឱ្យរហាមតែតបស្មើគ្នាថាៈ

-“មិនអីទេលោកគ្រូ!” តែចៅពិនបន្ថែម ថាៈ

-“ចានស្រាកនោះធ្ងន់បន្តិចពេលត្រឡប់ មកវិញ លោកគ្រូ!” លោកគ្រូស្តាប់យល់ពីប្រយោគ អ្នកទាំង២ ហើយក៏មានសង្ឃដីការបន្ថែមថាៈ

-“អើ! ចាំស្អែកឱ្យអាចៅធំៗទៅជាមួយ ជួយ កាន់ចានស្រាក់ពួកឯង ឮទេ?ថាហើយលោក ក៏និមន្តទៅបន្តកាងាររបស់លោកតទៅទៀតទៅ! តែមុននឹងចេញទៅលោកគ្រូបន្តថាទៅ! នាំ គ្នាទៅងូតទឹក រួចសឹមមកហូបបាយ…”

ការបារម្ភរបស់លោកស្រីកុម៉ង់ដង់ពីរឿង ឥស្សរៈអីនោះ គ្រាន់តែជាលេសគ្រប់គ្រាន់ សម្រាប់ឱ្យប្តីចាប់អារម្មទៅរកកូនតែប៉ុណ្ណោះ តាមពិតទៅនៅពេលដែលពូសាយប្រាប់ថា កូន លោកស្រីនឹងចេញទៅជាមួយលោកបិណ្ឌបាត្រ នៅឯចំបក់នោះ គឺជាផ្លូវថ្មើជើងឆ្ងាយ ដែលចៅ ពិនមិនដែលដើរ  ជាពិសេសចៅពិនទៅជាមួយ លោកសង្ឃដែលមិនមានបទពិសោធន៍ពិការថែរ ទាំក្មេងនៅឡើយទេ ហើយចំណុចសំខាន់នោះ គឺនៅចំបក់នេះហើយដែលលោកកុម៉ង់ដង់ត្រូវ គ្រាប់បៀមជាប់ក្នុងខ្មងជើងតាំងតែពិមិនដល់ ១ឆ្នាំមុននេះសោះ។ អសន្តិសុខបានកើនឡើង បន្តិច នាឆ្នាំ១៩៥៣ ដោយសារបារាំងប្រកាសថា ជិតដល់ពេលចេញពិកម្ពុជា ហើយប្រគល់អំណាច ទាំងមូលឱ្យទៅរដ្ឋាភិបាលកម្ពុជា ជាប្រទេស ឯករាជ្យដោយមិនឱ្យកើតមានសង្គ្រាមបាន។ ក៏ ប៉ុន្តែនៅពេលនោះ ចលនាកុម្មុយនិស្តកំពុងមាន ប្រជាប្រិយភាពនៅជុំវិញពិភពលោក, ខាង កុម្មុយនិស្តវៀតណាម បានជួយឧបត្ថម្ភដល់ គណបក្សប្រជាជននៅកម្ពុជាឱ្យចាប់កំណើត ដើម្បីឱ្យអាចឈរឈ្មោះបោះឆ្នោតដណ្តើមអំណាច ជាមួយគណបក្សឯទៀតៗ តាមរយៈការបោះ ឆ្នោតសាកលមួយនៅឆ្នាំ១៩៥៦។ ហេតុនេះ ហើយបានជាអសន្តិសុខបានកើនកំដៅបន្តិច នាឆ្នាំ១៩៥៣នោះ ពីព្រោះក្រុមចលនានិមួយៗ ចង់បង្ហាញខ្លួន ចង់បានឈ្មោះជាចលនារំដោះ ជាតិជាចលនាឥស្សរៈដូចជាទ្រង់ចន្ទរង្សី ក្រុម បះបោរ“សក្តិមួយធិញ”ក្រុមសក្តិបីសៀបជា ដើម។

ស្អែកឡើង ពូសាយ នាំកូនកុម្មង់ដង់ ម៉ាំង មកប្រគេនលោកគ្រូដូចម្សិលមិញដែរ ចៅពិន មានអារម្មណ៍រីករាយនឹងមកនៅវត្តណាស់ ពីព្រោះមានគ្នាលេង ហើយកូនសិស្សលោក ដល់ទៅ២នាក់ បំរើលោកគ្រូតែមួយអង្គមិនធ្ងន់ ធ្ងរអ្វីទេ។ ពេលលោកគ្រូចេញទៅបិណ្ឌបាត្រព្រឹក នេះ មានកូនសិស្សលោកធំម្នាក់ទៅជាមួយដែរ ដូចដែលលោកគ្រូបានសន្យារ គឺជាអ្នកជួយ សម្រាលការកាន់ចានស្រាក់សិស្សតូចៗបានយ៉ាង ច្រើន។ ព្រឹកនេះ លោកគ្រូមិននាំមុខទៅបិណ្ឌបាត្រ នៅចំបក់ទៀតទេ ទុកឱ្យលោកផ្សេងទៀត និមន្ត ទៅទីនោះម្តង ព្រះអង្គនិមន្តដោយជើងទទេ តាម វិន័យនៃនិកាយធម្មយុត្តទៅម្តុំរកាធំវិញម្តង ដែលតំបន់នោះនៅមិនឆ្ងាយពីវត្តថ្មីប៉ុន្មានទេ នៅជុំវិញនោះសុទ្ធសឹងជាឧបាសិកាឧបាសក ជើងវត្តទាំងអស់    

តទៅលេខក្រោយ

ព័ត៌មានទាក់ទង