ការយល់ច្រឡំធ្វើឱ្យពលករចំណាកស្រុកទាំងស្របច្បាប់ និងខុសច្បាប់ភៀសខ្លួនចេញពីថៃ
ដោយឆន ភារុណនិងhannahhawkins | ថ្ងៃពុធ ទី5ខែកក្កដា ឆ្នាំ2017
ដោយសារការភ័យខ្លាច និងការយល់ច្រឡំ ពលករចំណាកស្រុកខ្មែររាប់ពាន់នាក់រួមទំាងពលករដែលមានឯកសារស្របច្បាប់ផង កំពុងតែបន្តភៀសខ្លួនចេញពីប្រទេសថៃ សូម្បីស្របពេលទាំងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃបានអំពាវនាវឱ្យពលករចំណាកស្រុករក្សាភាពស្ងប់ស្ងាត់ក្ដី នេះបើយោងតាមការលើកឡើងរបស់ពលករកាលពីម្សិលមិញ។
កាលពីចុងខែមុន ប្រទេសថៃ បានអនុម័តច្បាប់ថ្មីៗ ដោយដាក់ទោសទណ្ឌកាន់តែធ្ងន់ធ្ងរជាងមុនចំពោះជនបរទេសណាដែលធ្វើការនៅក្នុងប្រទេសនេះដោយខុសច្បាប់ ព្រមទាំងថៅកែដែលជួលពួកគេផងដែរ ជាហេតុនាំឱ្យមានការភ័យស្លន់ស្លោ និងការភៀសខ្លួនភ្លូកទឹកភ្លូកដី ស្របពេលអាជ្ញាធរបានចាប់ផ្ដើមចាប់ខ្លួនពលករចំណាកស្រុកខុសច្បាប់បញ្ជូនទៅប្រទេសរបស់ពួកគេវិញ។
ដោយព្យាយាមធ្វើឲ្យស្ថានភាពចលាចលនេះស្ងប់ស្ងាត់ទៅវិញ កាលពីថ្ងៃសុក្រ រដ្ឋាភិបាលថៃបានប្រកាសរយៈពេលអនុគ្រោះ១២០ថ្ងៃ មុនពេលប្រកាសពន្យារពេលបន្ថែមទៀតកាលពីម្សិលមិញ។
លោក គីសាណា ផាតាណាឆារឿន (KissanaPhatanacharoen) អនុប្រធានអ្នកនាំពាក្យនគរបាលជាតិថៃបានលើកឡើងថា រយៈពេលអនុគ្រោះនេះទំនងជាបន្តរហូតដល់“ពេលណាមួយនៅឆ្នាំក្រោយ”ហើយបញ្ជាក់ថាការអនុវត្តច្បាប់ថ្មីទាំងនេះបានផ្អាកកាលពីក្នុងសប្ដាហ៍កន្លងទៅ។
លោកមានប្រសាសន៍ថា “យើងទើបតែបានជជែកជាមួយថៅកែអំពីបទប្បញ្ញត្តិនានា និងការទទួលខុសត្រូវរបស់ពួកគេ”។
លោកបញ្ជាក់ថា ពលករខ្មែរមិនត្រូវបានបញ្ជូនត្រឡប់មកកម្ពុជាវិញទេ។ លោកលើកឡើងបន្តទៀតថា “អ្វីដែលកំពុងកើតឡើងគឺថា ពលករកំពុងនិយាយជាមួយក្រុមគ្រួសារនៅឯស្រុក ហើយក៏សម្រេចចិត្តត្រឡប់ទៅវិញ។ កុំស្លន់ស្លោអី”។
សូម្បីពលករដែលមានឯកសារត្រឹមត្រូវក៏បានភៀសខ្លួនដែរ ឬកំពុងលាក់ខ្លួនដោយការភ័យខ្លាច ទោះបីជាមានការធានាអះអាងជាថ្មីទាំងនេះក្ដី នេះបើយោងតាមសម្ដីរបស់បុរសម្នាក់ឈ្មោះ វ៉ាន សុវ័ន ដែលបាននិយាយថា កាលពីខែមុនគាត់ត្រូវបានទីភ្នាក់ងារជ្រើសរើសពលករថៃ បង្ខំឱ្យលាឈប់ពីការងាររបស់ខ្លួននៅរោងចក្រមួយកន្លែងក្នុងខេត្តភាគខាងត្បូងសារ៉ាប៊ូរី (Saraburi) ប្រទេសថៃ សូម្បីគាត់មានឯកសារត្រឹមត្រូវក្ដី។
បុរសរូបនេះនិយាយថា “ខ្ញុំមាន Passport និង Visa ប៉ុន្តែខ្ញុំខ្លាចប៉ូលិសថៃចាប់ខ្លួនខ្ញុំ ព្រោះខ្ញុំរកការងារមិនបានធ្វើ” បន្ទាប់ពីបាត់បង់ការងារចុងក្រោយរបស់គាត់។
ស្ត្រីម្នាក់ឈ្មោះ គឹម ធា ដែលជាអតីតអ្នកធ្វើការជាមួយលោក វ៉ាន សុវ័ន និងជាសកម្មជនសហជីពខ្មែរនិយាយថា ការភ័យខ្លាច និងការយល់ច្រឡំបានធ្វើឱ្យជនរួមជាតិខ្មែរភៀសខ្លួនចេញពីប្រទេសថៃ។ គាត់និយាយថា “មួយចំនួនតូចបានត្រឡប់ទៅស្រុកខ្មែរវិញ [ទោះបី] ពួកគាត់មានឯកសារស្របច្បាប់”។
ស្ត្រីរូបនេះលើកឡើងទៀតថា គាត់បានស្នើឱ្យថៅកែរោងចក្ររបស់គាត់ប្រគល់ឯកសារស្របច្បាប់ពាក់ព័ន្ធឱ្យទៅពលករខ្មែរដែលនៅសេសសល់វិញ ដើម្បីឱ្យពួកគាត់មានអារម្មណ៍សុវត្ថិភាព នៅពេលនគរបាលទៅរកពួកគាត់។
ពេលនេះពលករខ្មែរ កំពុងតែវិលត្រឡប់មកកម្ពុជាវិញទាំងក្រុមៗ ប៉ុន្តែបើយោងតាមការកត់ត្រារបស់អ្នកឃ្លាំមើលការចំណាកស្រុកមួយរូបឃើញថា ចំនួនកំពុងតែថយចុះ។ បន្ទាប់ពីមានពលករភៀសខ្លួនច្រើនបំផុតរហូតដល់ទៅ៩១១នាក់កាលពីថ្ងៃសៅរ៍ ពលករខ្មែរដែលបានវិលត្រឡប់មកស្រុកវិញកាលពីថ្ងៃអាទិត្យ មានចំនួន៧៣៦នាក់និង៦១១នាក់កាលពីថ្ងៃច័ន្ទនេះបើយោងតាមលោក ត្រយ ឌូលី (Troy Dooley) អ្នកគ្រប់គ្រងកម្មវិធីនៅអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ដែលបានលើកឡើងថា តួលេខបានកើនឡើងកាលពីថ្ងៃទី២៦ ខែមិថុនា ពីក្រោម២០០នាក់ដល់៦៥០នាក់ ពោលគឺរយៈពេលបីថ្ងៃបន្ទាប់ពីច្បាប់ថ្មីត្រូវបានអនុម័ត។
លោក ឃុន ថារ៉ូ អ្នកសម្របសម្រួលគម្រោងនៅ Building and Wood Workers’ International ដែលជាសហព័ន្ធសហជីពសកលបានមានប្រសាសន៍ថា ពលករចំណាកស្រុកដែលបន្តនៅក្នុងប្រទេសថៃ អាចនឹងប្រឈមការប៉ុនប៉ងកំហែងទារប្រាក់។
លោកថ្លែងថា “យើងពិតជាមានការព្រួយបារម្ភ បើអាជ្ញាធរស្រាវជ្រាវរកពលករដែលគ្មានឯកសារទាំងនោះ ហើយទីភ្នាក់ងារ និងក្រុមហ៊ុននានាកំពុងលាក់បំពួនពលករដែលគ្មានឯកសារទាំងនោះ វាធ្វើឲ្យពួកគាត់ជាប់អន្ទាក់ ហើយត្រូវគេកេងប្រវ័ញ្ច” ដោយលោកបកស្រាយថា ថៅកែអាចនឹងកេងចំណេញពីការភ័យខ្លាចរបស់ពលករចំពោះការចាប់ខ្លួន ហើយកំហែងទារប្រាក់ពីពួកគាត់ជាថ្នូរនឹងការទទួលបានការការពារ។
លោកក៏លើកឡើងដែរថា ពលករដែលគ្មានឯកសារងាយរងគ្រោះដោយសារអំពើពុករលួយរបស់អាជ្ញាធរមូលដ្ឋាន និងការទាមទាររបស់ពួកគេឱ្យពលករសូកប៉ាន់ ដោយលោកទទួលបានដំណឹងថា ពលករមួយចំនួនត្រូវគេបង្ខំឱ្យសូកប៉ាន់ពី៣០០ដុល្លារទៅ៤០០ដុល្លារ។
លោកមានប្រសាសន៍បន្ថែមទៀតថា នៅពេលពលករគ្មានលទ្ធភាពសូកប៉ាន់ ពួកគាត់ក៏ជាប់អន្ទាក់ទៅណាមិនរួច ហើយធ្វើការដើម្បីកាត់កងថ្លៃសូកប៉ាន់នោះ។
លោក ឌី ថេហូយ៉ា មន្ត្រីកម្មវិធីនៅអង្គការសង់ត្រាល់ ដែលជាអង្គការសិទ្ធិការងារមានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជាចាំបាច់ត្រូវ “បង្កើតយន្តការ” ដើម្បីជួយពលករចំណាកស្រុកដែលផ្អើលភៀសខ្លួនមកស្រុក បានវិលត្រឡប់ទៅប្រទេសថៃ វិញដោយស្របច្បាប់។
លោកថ្លែងថា ”រដ្ឋាភិបាលត្រូវជជែកជាមួយទីភ្នាកងារជ្រើសរើសពលករនានាដើម្បីបង្កើតស្ដង់ដារអន្តរជាតិមួយគឺថ្លៃ២៥០ដុល្លារសម្រាប់ដំណើរការទាំងមូល។ហើយវាមិនគួរចំណាយពេលយូរលើសពី៣ខែទេ”។
លោកគូសបញ្ជាក់ថា ដំណើរការដែលជាញឹកញាប់មានរយៈពេលវែងបានធ្វើឱ្យពលករមួយចំនួនជំពាក់បំណុលគេ។ លោកបានមានប្រសាសន៍ថា “ចំណាយពេលកាន់តែយូរ កាន់តែធ្វើឲ្យការប្រាក់ និងបំណុលកើនឡើង ហើយពលករត្រូវខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ”។
លោកមានប្រសាសន៍ថា ពលករបានរាថយដោយសារការរង់ចាំយូរបូករួមថ្លៃសេវាជ្រើសរើសពលករជាមធ្យមរហូតដល់ទៅប្រមាណ៨០០ដុល្លារសម្រាប់មនុស្សម្នាក់។
លោក ហេង សួគ៌ អ្នកនាំពាក្យក្រសួងការងារមិនបានឆ្លើយតបទេនៅពេលស្នើសុំការអត្ថាធិប្បាយជុំវិញអនុសាសន៍ឱ្យបញ្ចុះតម្លៃនេះ។ ទោះជាយ៉ាងណា កាលពីថ្ងៃច័ន្ទ លោកបានស្នើឱ្យពលករដែលវិលត្រឡប់មកស្រុកវិញចុះឈ្មោះនៅទីភ្នាក់ងារជាតិមុខរបរ និងការងារដើម្បីស្វែងរកការងារធ្វើនៅក្នុងប្រទេសកម្ពុជា ឬក៏ប្រើប្រាស់ទីភ្នាក់ងារជ្រើសរើសពលករដើម្បីវិលត្រឡប់ទៅប្រទេសថៃ វិញដោយស្របច្បាប់។
សូមបញ្ជាក់ថា គណៈប្រតិភូក្រសួងគ្រោងនឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសថៃ នៅថ្ងៃស្អែក ដើម្បីពិភាក្សាអំពីដំណើរការធ្វើឱ្យពលករទៅជាស្របច្បាប់៕សុខុម