ដោយវណ្ណ រើននិងBen Paviour | ថ្ងៃអង្គារ ទី27ខែមិថុនា ឆ្នាំ2017
កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឲ្យមន្ត្រី និងក្រុមគ្រួសាររបស់ពួកគេកែប្រែអត្តចរិត បើពុំដូច្នោះទេប្រឈមការចាញ់ឆ្នោត នៅក្នុងការអំពាវនាវឲ្យមានការធ្វើកំណែទម្រង់ដ៏កម្រមិនធ្លាប់មាន ចាប់តាំងពីពេលលោកបានថ្លែងសុន្ទរកថាស្រដៀងនេះក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣មក។
លោក ហ៊ុន សែន បានមានប្រសាសន៍អំឡុងពិធីប្រគល់វិញ្ញាបនបត្រក្នុងរាជធានីភ្នំពេញថា “យើងមិនមែនជាចៅហ្វាយនាយរបស់ប្រជាជន តែគឺជាអ្នកបម្រើដ៏ស្មោះត្រង់សម្រាប់ប្រជាជន”។
ទោះបីជាគណបក្សប្រជាជនកម្ពុជាឈ្នះប្រហែល៧០ភាគរយនៃអាសនៈមេឃុំចៅសង្កាត់នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីថ្ងៃទី៤ខែមិថុនាក៏ដោយ តែគណបក្សនេះក៏ត្រូវទទួលស្គាល់ផងដែរថា ខ្លួនបានបាត់បង់ឃុំសង្កាត់រាប់រយដែលខ្លួនធ្លាប់គ្រប់គ្រងកាលពីមុនដោយសារអ្នកបោះឆ្នោតធុញទ្រាន់នឹងមន្ត្រីដែលមានអត្តចរិតមិនល្អ នេះបើយោងតាមការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី។
លោក ហ៊ុន សែន បានថ្លែងថា “ការមិនពេញចិត្តរបស់ប្រជាពលរដ្ឋតាមរយៈអាកប្បកិរិយារបស់យើង”។ លោកបានបន្ថែមថា “សូមស្នើឲ្យយកចិត្តទុកដាក់ទៅលើភរិយា និងកូន”។
លោកនាយករដ្ឋមន្ត្រីបានលើកឡើងទៀតថា មន្ត្រីបុណ្យស័ក្តិខ្ពស់”មួយចំនួនតូច” បានការពារប្រពន្ធ និងកូនរបស់ខ្លួនពីចំណាត់ការផ្លូវច្បាប់ក្នុងសំណុំរឿងដែលពួកគេមិនគោរពច្បាប់។
លោក ហ៊ុន សែន បានលើកឧទាហរណ៍ពាក់ព័ន្ធនឹង ដួង ឧត្តមឆវិន ហៅ ដួង ឆាយ កូនប្រុសរបស់ឧត្តមសេនីយ៍ត្រីមួយរូបនៅនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃដែលត្រូវបានចាប់ខ្លួនកាលពីខែមេសា ឆ្នាំ២០១៥ បន្ទាប់ពីមានជម្លោះទាស់ទែងជាមួយអ្នកជំនួញវ័យក្មេងដែលមានទ្រព្យសមត្តិស្ដុកស្តម្ភម្នាក់ផ្សេងទៀតនៅក្នុងហាងចាក់សាក់មួយកន្លែងក្នុងរាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្ត្រីបានលើកឡើងទៀតថា លោកបានហៅទូរស័ព្ទទៅឪពុករបស់លោក ដួង ឆាយ គឺលោកឧកញ៉ា ដួង ងៀប ហើយបានចេញបទបញ្ជាឲ្យគាត់ប្រគល់កូនប្រុសឲ្យនគរបាល បើពុំដូច្នោះទេនឹងបាត់បង់តំណែងក្នុងជួររដ្ឋាភិបាល។ លោក ដួង ងៀប បានធ្វើតាម ហើយលោក ដួង ឆាយ បានអនុវត្តទោសរបស់ខ្លួននៅក្នុងពន្ធនាគារហើយបានក្លាយជាមនុស្សមានចិត្តសប្បុរសធម៌ បន្ទាប់ពីត្រូវបានដោះលែងមកវិញ។
លោក ហ៊ុន សែន បានសួរថា “បើយើងមិនដាក់ទោសទណ្ឌ ឯណាទៅយុត្តិធម៌រវាងអ្នកដែលប្រព្រឹត្តខុសដូចគ្នា ក៏ប៉ុន្តែស្ថានភាពខុសគ្នាអំពីការទទួលទោសទណ្ឌ?”។ លោកបានបន្តថា “យើងមិនត្រូវទម្រើសកូនទេ”។
ក្រុមគ្រួសាររបស់លោកនាយករដ្ឋមន្ត្រីផ្ទាល់ក៏រងការចោទប្រកាន់ថា បានធ្វើខុសផងដែរនាពេលកន្លងមក។ក្មួយប្រុសម្នាក់របស់លោកនាយករដ្ឋមន្ត្រី ឈ្មោះ នឹម សុភា ត្រូវបានឲ្យរួចខ្លួនក្នុងឆ្នាំ២០០៤ ពីបទមនុស្សឃាតអចេតនា បន្ទាប់ពីបាញ់ត្រូវចំអ្នកដើរឆ្លងកាត់ម្នាក់អំឡុងគ្រោះថ្នាក់រថយន្តកាលពីឆ្នាំ២០០៣។ នៅពេលនោះ លោក ហ៊ុន សែន បានលើកឡើងថា ក្មួយរបស់លោករូបនេះសមនឹងជាប់ពន្ធនាគារ។
ក្មួយប្រុសម្នាក់ទៀតឈ្មោះ ហ៊ុន តូ បានបដិសេធរបាយការណ៍មួយរបស់កាសែតអូស្ត្រាលីឈ្មោះThe Age ដែលភ្ជាប់រូបលោកទៅនឹងការរត់ពន្ធគ្រឿងញៀនអន្តរជាតិ និងក្រុមលាងលុយកខ្វក់។
ហើយកាលពីពេលថ្មីៗនេះ ពោលគឺនៅក្នុងខែមីនា ក្រុមអ្នកលេងល្បែងស៊ីសងបានលើកឡើងថា សង្វៀនជល់មាន់ដែលមានទីតាំងនៅផ្ទះរបស់ លោក ហ៊ុន សាន បងប្រុសរបស់លោកនាយករដ្ឋមន្ត្រីបានបើកឡើងវិញហើយ។
កាលពីដើមខែនេះនគរបាលបានលើកឡើងថា កូនប្រុសរបស់មន្ត្រីជាន់ខ្ពស់មួយរូបនៅក្រសួងមហាផ្ទៃ នឹងមិនប្រឈមការចោទប្រកាន់ទេ បន្ទាប់ពីបាញ់កាំភ្លើងសំដៅគំរាមលើរថយន្តមួយផ្សេងទៀត ដោយសារឪពុករបស់បុរសរូបនោះមានបុណ្យស័ក្តិខ្ពស់។
លោក ហ៊ុន សែន ក៏បានជំរុញឲ្យមានការកែប្រែនៅតាមស្ថាប័នផងដែរដោយលើកឡើងថា មន្ត្រីថ្នាក់ទាបត្រូវឈប់រាយការណ៍រឿងមិនពិតដល់ថ្នាក់លើ។
លោកបានសួរថា “បើមិនឆ្លុះបញ្ចាំងការពិតពីថ្នាក់ក្រោម តើយើងអាចដឹងរឿងទេ”។
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះ ជាតិបានលើកសរសើរដល់វោហារសាស្ត្ររបស់លោក ហ៊ុន សែន ពេលជួបជាមួយអ្នកគាំទ្រក្នុងខេត្តត្បូងឃ្មុំដោយលើកឡើងថា បើបម្រើតែខ្លួនឯងទៅរកស៊ីវិញទៅល្អជាង។
លោកបានមានប្រសាសន៍ថា”យើងជាអ្នកនយោបាយ…ត្រូវធ្វើតាមប្រជាពលរដ្ឋចង្អុលប្រាប់យើង មិនត្រូវធ្វើតាមចិត្តយើងទេ”។លោកបានបន្ថែមទៀតថា គណបក្សសង្គ្រោះជាតិចង់ឲ្យ “មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់មែនជាឧបករណ៍របស់គណបក្សនយោបាយទេ គឺជាអ្នកបម្រើប្រជាពលរដ្ឋ និងបម្រើប្រទេសជាតិដោយគ្មានការរើសអើង” ដោយផ្នែកលើនិន្នាការនយោបាយ។
លោកនាយករដ្ឋមន្ត្រីធ្លាប់បានធ្វើការអំពាវនាវឲ្យមានការធ្វើកំណែទម្រង់ស្រដៀង គ្នានេះ បន្ទាប់ពីការបោះឆ្នោតឆ្នាំ២០១៣ក្នុងសុន្ទរកថារយៈពេល៦ម៉ោង ប៉ុន្តែ អ្នករិះគន់បានលើកឡើងថា ការផ្លាស់ប្តូរចាប់តាំងពីពេលនេះមកគឺជាការផ្លាស់ប្តូរមានតែសម្បកក្រៅប៉ុណ្ណោះ។
លោក Markus Karbaum អ្នកវិទ្យាសាស្ត្រនយោបាយជនជាតិអាល្លឺម៉ង់ដែលផ្តោតលើប្រទេសកម្ពុជាបានលើកឡើងថា សុន្ទរកថានេះបានបង្ហាញឲ្យឃើញពីការខ្វាយខ្វល់ក្នុងចិត្តរបស់លោកនាយករដ្ឋមន្ត្រី ដែលចង់ឲ្យមានការធ្វើកំណែទម្រង់ ប៉ុន្តែត្រូវការការអនុវត្តតាមពីមន្ត្រីថ្នាក់ក្រោមនោះ។
លោកបានសរសេរក្នុងអុីមែលថា “ប្រជាពលរដ្ឋភាគច្រើនចោទជាសំណួរថា បើបុរសដ៏មានអំណាចបំផុតនៅក្នុងប្រទេស កម្ពុជាជំរុញឲ្យមានការផ្លាស់ប្តូរមិនបានផង តើនរណាទៅដែលអាចធ្វើឲ្យមានការផ្លាស់ប្តូរបានទៅ”។ លោកបានសរសេរថា “ចម្លើយ គឺវិបត្តិចាក់ស្រេះ ឬកត្តាខាងក្រៅ ដែលធ្ងន់ធ្ងរដល់ថ្នាក់ធ្វើមន្រ្តីក្នុងជួររដ្ឋាភិបាលភាគច្រើនទទួលស្គាល់ថា លែងអាចធ្វើដូចបច្ចុប្បន្នបានទៀតហើយ ។ ខ្ញុំមិនជឿថា ការខិតខំតាំងពីសំណាក់គណបក្សសង្រ្គោះជាតិគ្រប់គ្រាន់នៅក្នុងការជំរុញឲ្យមានការផ្លាស់ប្តូរដ៏ធំនៅក្នុងផ្នត់គំនិតរដ្ឋាភិបាលភាគច្រើននោះឡើយ ៕
ស៊ុយ ឈាង (រាយការណ៍បន្ថែមដោយ បែន សុខហ៊ាន)