Top Mobile Banner

រដ្ឋាភិបាល​​​នឹង​បន្ត​​​យុទ្ធនាការ​​​បង្ក្រាប​​​គ្រឿង​​​ញៀន​​​ដោយ​​​គ្រោង​​​ចំណាយ​​​ថវិកាជិត​​​១លាន​​​ដុល្លារ​​​

មន្ត្រីនៅអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀនម្នាក់បានលើកឡើងកាលពីម្សិលមិញ ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុញ្ញាតឱ្យបន្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនសម្រាប់រយៈពេល៦ខែលើកទី២។

 

លោក មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានមានប្រសាសន៍ថា ដំណាក់កាលទី២នៃយុទ្ធនាការនេះនឹងបន្តរហូតដល់ដំណាច់ឆ្នាំ ហើយក្រសួងមហាផ្ទៃបានលៃទុកថវិកាប្រហែល១លានដុល្លារ ដើម្បីផ្ដល់មូលនិធិដល់ការអប់រំប្រឆាំងគ្រឿងញៀន ការបន្សាបគ្រឿងញៀន ការចំណាយលើសម្ភារ និងផ្ដល់ជាប្រាក់លើកទឹកចិត្តដល់នគរបាលប្រឆាំងគ្រឿងញៀន។

ឧត្ដមសេនីយ មាស វិរិទ្ធ ថ្លែងថា លោកមិនមានព័ត៌មានលម្អិតថា តើថវិកាប៉ុន្មាននឹងត្រូវចំណាយនោះឡើយ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ និងអ្នកនាំពាក្យនគរបាលជាតិមិនអាចទាក់ទងបានទេ។

ឧត្ដមសេនីយ៍ មាស វិរិទ្ធ បានអះអាងថា ការបង្ក្រាបរយៈពេល៦ខែដំបូងបានធ្វើឱ្យសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈមានភាពប្រសើរឡើង ហើយលោកបានថ្លែងថា រដ្ឋាភិបាលនឹងជំរុញឱ្យមានការចូលរួមបន្ថែមទៀតពីអាជ្ញាធរមូលដ្ឋានអំឡុងដំណាក់កាលទី២នេះ។

លោកបានមានប្រសាសន៍ថា “មន្ត្រីថ្នាក់ក្រោមត្រូវសហការបន្ថែមទៀត ពីព្រោះបទល្មើសគ្រឿងញៀនកើតឡើងនៅថ្នាក់ឃុំ និងថ្នាក់សង្កាត់ ស្រុកខណ្ឌ”។ លោកបានបន្តថា “មន្ត្រីមូលដ្ឋាននៅថ្នាក់ ឃុំ សង្កាត់ ស្រុកខណ្ឌ…មិនត្រូវទុកការងារប្រឆាំងគ្រឿងញៀននេះទៅឱ្យតែមន្ត្រីថ្នាក់ជាតិនោះឡើយ”។

គិតត្រឹមថ្ងៃម្សិលមិញ មនុស្សជាង១០.០០០នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធបទល្មើសគ្រឿងញៀនចាប់តាំងពីថ្ងៃទី១ខែមករា គឺលើសពីចំនួនមនុស្សប្រហែល៩.៨០០នាក់ដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធបទល្មើសទាំងនោះពេញមួយឆ្នាំមុន។

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា ថ្នាំញៀននៅតែជាកង្វល់ដល់ប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសយុវជន។

លោកថ្លែងថា ប្រសិនបើគណបក្សសង្គ្រោះជាតិកាន់អំណាច  គណបក្សនឹងជំរុញឱ្យមានកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ចាត់វិធានការប្រឆាំងអំពើពុករលួយ លើកកម្ពស់ការអប់រំពាក់ព័ន្ធគ្រឿងញៀន និងធ្វើការដើម្បី “ផ្លាស់ប្តូរ” និងផ្លាស់កន្លែងអាជ្ញាធរទទួលខុសត្រូវក្នុងការដោះស្រាយបទល្មើសគ្រឿងញៀន។

លោកបានថ្លែងថា នគរបាល “ចាប់ខ្លួនជនល្មើសគ្រឿងញៀនបញ្ជូនទៅតុលាការ ហើយបន្ទាប់មកតុលាការដោះលែងវិញ”។លោកបានបន្ថែមថា “អ្វីដែលបន្តទៀតនោះ យើងមិនដឹងទេ”។

លោកស្រី Marie Nougier មន្ត្រីស្រាវជ្រាវជាន់ខ្ពស់ និងទំនាក់ទំនងនៅបណ្ដាញអង្គការមួយដែលមានឈ្មោះថា International Drug Policy Consortium បានលើកឡើងនៅក្នុងអីុម៉េលថា ដូចនៅក្នុងប្រទេសដទៃដែរ  សង្គ្រាមគ្រឿងញៀនរបស់កម្ពុជា”ទំនងជាធ្វើឱ្យមានផលប៉ះពាល់មិនចេះចប់”។

លោកស្រីបានថ្លែងថា “ចាប់តាំងពីខែមករាមក បញ្ហានេះបានធ្វើឱ្យមានការកើនឡើងរួចទៅហើយនូវមនុស្សជាប់ឃុំពាក់ព័ន្ធបទល្មើសគ្រឿងញៀន” ក្នុងប្រទេសកម្ពុជា ជាហេតុធ្វើឱ្យពន្ធនាគារមានភាពណែនណាន់តាន់តាប់ និងធ្វើឱ្យមានការបារម្ភអំពីបញ្ហាសុខភាព។

លោកស្រីបានបន្តថា បណ្តាញអង្គការនេះបានជំរុញឱ្យប្រទេសកម្ពុជា “ប្រឹងប្រែងកាត់បន្ថយផលប៉ះពាល់ និងបង្កើនកម្មវិធីបន្សាបគ្រឿងញៀនអាស្រ័យលើការស្ម័គ្រចិត្តផ្អែកលើភ័ស្តុតាងដើម្បីធានាថា ដំណោះស្រាយគឺលក្ខណៈអាណិតអាសូរ មនុស្សធម៌ និងសំដៅបង្កើនការលើកកម្ពស់សុខភាព និងសុខុមាលភាព”៕ សារុន

ព័ត៌មានទាក់ទង