ដោយ សេក ឧត្តម | ថ្ងៃសុក្រ ទី២៨ ខែ កក្កដា ឆ្នាំ២០១៧
អ្នកស្រី ទេព វន្នី សកម្មជនសិទ្ធិដីធ្លីដ៏ឆ្នើម មួយរូបនៅតែគឃ្លើនកាលពីម្សិលមិញ អំឡុង សវនាការសាលាឧទ្ធរណ៍ដោយជំទាស់នឹងការផ្តន្ទា ទោសអ្នកស្រីឱ្យជាប់ពន្ធនាគាររយៈពេលជាង ២ឆ្នាំ ជុំវិញការចោទប្រកាន់ពាក់ព័ន្ធការតវ៉ាកាល ពីឆ្នាំ២០១៣ នៅមុខភូមិគ្រឹះរបស់លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន។
នៅខាងក្រៅសាលាឧទ្ធរណ៍សមាជិកមួយ ក្រុមមានគ្នាប្រហែល៣០នាក់ មកពីសហគមន៍ បឹងកក់ដែលញាំញីដោយការបណ្តេញចេញបាន ទាមទារឱ្យដោះលែងអ្នកស្រី ដោយមានកាន់បដា ដែលស្រែករួមគ្នាថា “ដោះលែងអ្នកស្រី ទេព វន្នី”។
យោងតាមអង្គការសិទ្ធិមនុស្សលីកាដូបានឱ្យដឹងថា អ្នកស្រី ទេព វន្នី ស្ថិតក្នុងចំណោមអ្នក ទោសនយោបាយយ៉ាងតិច២០នាក់នៅក្នុងប្រទេស។ រឿងក្តីរបស់អ្នកស្រីត្រូវបានមជ្ឈដ្ឋានទូទៅចាត់ទុក ថា ជាផ្នែកមួយនៃចំណាត់ការរបស់រដ្ឋាភិបាល ទៅលើអ្នករិះគន់ចាប់ពីអ្នកការពារសិទ្ធិមនុស្ស រហូតដល់អ្នកវិភាគនយោបាយ និងមន្ត្រីគណបក្ស ប្រឆាំងក្នុងបំណងបំបិទសំឡេងអ្នកប្រឆាំង។ ឥឡូវ នេះអ្នកស្រីជាប់ពន្ធនាគារអស់រយៈពេល៣៤៨ ថ្ងៃហើយ។
អ្នកស្រី ទេព វន្នី បានអះអាងដដែលៗថា អ្នកស្រីជាមនុស្សស្អាតស្អំនៅក្នុងតុលាការកាលពីម្សិលមិញ ដោយនិយាយការពារសកម្មភាពរបស់ អ្នកស្រីក្រោមការសាកសួររបស់ព្រះរាជអាជ្ញា ខណៈដែលពួកគាត់ទាំងពីរបាននិយាយកាត់គ្នាទៅ វិញទៅមកអំឡុងសវនាការរយៈពេលពេញ២ ម៉ោង។
លោកព្រះរាជអាជ្ញា សរ យសថាវរៈ បានមាន ប្រសាសន៍ថា អ្នកស្រី ទេព វន្នី គ្មានសិទ្ធិហែក្បួន ទៅកាន់ភូមិគ្រឹះរបស់លោក ហ៊ុន សែន ឡើយ ពីព្រោះវាជាលំនៅដ្ឋានឯកជន ហើយអ្នកស្រីបាន ញុះញង់ឱ្យមានអំពើហិង្សា។
ដោយប្រើគោរមងារលោក ហ៊ុន សែន លោក បានមានប្រសាសន៍ថា “ហេតុអ្វីបានជាទៅលំនៅដ្ឋានឯកជនរបស់សម្តេច។ ម៉េចក៏មិនទៅស្ថាប័ន រដ្ឋទៅ?”។
លោកបានបន្ថែមថា បើទោះជាក្រុមរបស់ អ្នកមិនបានព្យាយាមទៅលំនៅដ្ឋាននោះក៏ដោយ ចំណុចគឺស្ថិតនៅត្រង់ថាអ្នកប្រឆាំងនឹងអាជ្ញាធរ”។
ប៉ុន្តែបើតាមអ្នកស្រី ទេព វន្នី ការទៅកាន់ ភូមិគ្រឹះរបស់លោកនាយករដ្ឋមន្ត្រីស្ថិតនៅក្នុងរាជ ធានីភ្នំពេញដើម្បីដាក់ញត្តិនោះ គឺជាការព្យាយាម ចុងក្រោយបង្អស់ដើម្បីសុំឱ្យមានការដោះលែង សកម្មជនរបស់ពួកគាត់គឺអ្នកស្រី យ៉ោម បុប្ផា។
អ្នកស្រីបានសួរទាក់ទងញត្តិនោះថា “ដោយ សារស្ថាប័នថ្នាក់ក្រោមទាំងនោះមិនដែលទទួលយក តើមានអ្នកណាផ្សេងក្រៅពីសម្តេចដែល យើងអាចសាកល្បងនោះ។ ប្រសិនបើសម្តេចបាន ប្រាប់ប្រជាពលរដ្ឋថា មានការហាមឃាត់មិនឱ្យ ដាក់ញត្តិទៅសម្តេចនោះ ខ្ញុំស្បថថា ខ្ញុំនឹងមិនទៅ ទេ”។
នៅរសៀលថ្ងៃនោះ ក្រឡាបញ្ជីម្នាក់បាន អានឮៗនូវរបាយការណ៍រៀបរាប់ហេតុការណ៍ដែល បានកត់ត្រានៅថ្ងៃតវ៉ាតាមដើមចោទនៅក្នុងរឿង ក្តីនេះ គឺលោក ហោ ហឿន សន្តិសុខខណ្ឌដូនពេញ។
របាយការណ៍របស់លោក ហោ ហឿន លើក ឡើងថា អ្នកស្រី ទេព វន្នី អ្នកស្រី យ៉ោម បុប្ផា និងសមាជិកសហគមន៍ម្នាក់ទៀតគឺអ្នកស្រី បូវ ស្រីស្រស់ពាក់ព័ន្ធនឹងការប៉ះទង្គិចគ្នាដោយហិង្សា។ ប៉ុន្តែអ្នកស្រី ទេព វន្នី បាននិយាយថា របាយ ការណ៍នោះពោរពេញទៅដោយគុណវិបត្តិ។
អ្នកស្រីបន្តថា “វាជារបាយការណ៍ប្រឌិត ពីព្រោះអ្នកស្រី យ៉ោម បុប្ផា ស្ថិតក្នុងពន្ធនាគារ ហើយអ្នកស្រី បូវ ស្រីស្រស់ មិនដែលចូលរួមការ តវ៉ាឡើយបន្ទាប់ពីឆ្នាំ២០១១ ព្រោះអ្នកស្រីរលូត កូន”។
កាលពីថ្ងៃពុធ អង្គការសង្គមស៊ីវិលចំនួន២៧ រួមទាំងអង្គការលីកាដូផងបានទាមទារសេរីភាពសម្រាប់អ្នកស្រី ទេព វន្នី ដោយលើកឡើងនៅក្នុង សេចក្តីថ្លែងការណ៍មួយថាករណីក្នុងពេលបច្ចុប្បន្ន នេះគឺ “ផ្នែកលើសកម្មភាពអហិង្សារបស់អ្នកស្រី
នៅការតវ៉ាកាលពីឆ្នាំ២០១៣ ដែលក្នុងនោះអ្នកស្រីត្រូវបានផ្តន្ទាទោស យ៉ាងធ្ងន់ធ្ងរឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ និង៦ខែ”។
នៅពេលបញ្ចប់សវនាការអ្នកស្រី ទេព វន្នី ដែលមានទឹកភ្នែករលីង រលោងបានឱបកូនអ្នកស្រីទាំងពីរនាក់ ខណៈអ្នកស្រីត្រូវបាននាំចេញមក ក្រៅតុលាការ។ អ្នកគាំទ្រអ្នកស្រីបានបន្តស្រែកនៅខាងក្រៅ។
មុនពេលរុញចូលទៅក្នុងរថយន្តដឹកទៅកាន់ពន្ធនាគារវិញ អ្នកស្រី បាននិយាយថា “ការសម្រេចថាតើនឹងមានយុត្តិធម៌ឬអត់នោះ អាស្រ័យ លើសម្តេចនាយករដ្ឋមន្ត្រី”។
សេចក្តីសម្រេចរបស់តុលាការលើបណ្តឹងឧទ្ធរណ៍របស់អ្នកស្រីពីការផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំកន្លះពាក់ព័ន្ធហិង្សាដោយ ចេតនានោះ គ្រោងនឹងប្រកាសនៅថ្ងៃទី៨ ខែសីហា។ សារុន