ដោយ ឆន ភារុណ | ថ្ងៃសុក្រ ទី ៤ ខែ សីហា ឆ្នាំ២០១៧
ដោយមានជម្លោះរឿងគាំទ្រជាមួយគណបក្ស ប្រជាជនកម្ពុជា លោក ញឹក ប៊ុនឆៃ ដែលជា ប្រធានគណបក្សតូចមួយត្រូវបាននាំខ្លួនកាលពី ម្សិលមិញទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរទាក់ទិនសំណុំរឿង គ្រឿងញៀនមួយដែលកើតឡើងតាំងពី១០ឆ្នាំមុន។
លោក ញឹក ប៊ុនឆៃ អាយុ៥៩ឆ្នាំ ដែលជា អតីតឧត្តមសេនីយ៍ក្នុងជួរគណបក្សហ៊្វុនស៊ិនប៉ិច អំឡុងពេលគណបក្សនេះចែកអំណាចគ្នាជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ បានប្រឈមនឹងសម្ពាធកាន់តែខ្លាំងឡើងពីសំណាក់ រដ្ឋាភិបាលចាប់តាំងពីបែកធ្លាយខ្សែអាត់សន្ទនាតាម ទូរស័ព្ទរបស់លោកកាលពីខែមិថុនា ដែលនៅក្នុងខ្សែអាត់នោះលោកបានសន្យាគាំទ្រគណបក្ស សង្គ្រោះជាតិ។
ចាប់តាំងពីលោក ញឹក ប៊ុនឆៃ ត្រូវបានដក ចេញពីតួនាទីទីប្រឹក្សារដ្ឋាភិបាលនៅក្នុងខែនោះ សមាជិកនៃគណបក្សខ្មែររួបរួមជាតិរបស់លោកត្រូវបានបញ្ឈប់ពីការងារក្នុងជួររដ្ឋាភិបាលជាបន្តបន្ទាប់។
លោក នេត សាវឿន អគ្គស្នងការនគរបាល ជាតិបានមានប្រសាសន៍កាលពីរសៀលម្សិលមិញថា លោក ញឹក ប៊ុនឆៃ កំពុងត្រូវបានសាកសួរ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ លោកថ្លែងថា “នគរបាលគ្រាន់តែអនុវត្តដីកា របស់តុលាការពាក់ព័ន្ធការផលិតគ្រឿងញៀននៅខេត្តកំពង់ស្ពឺ”។
សូមរំឭកថា នៅនាំ២០០៧ លោក ញឹក ប៊ុនឆៃ បានជាប់ពាក់ព័ន្ធក្នុងករណីឆ្មក់បង្ក្រាប គ្រឿងញៀនដ៏ធំមួយនៅខេត្តកំពង់ស្ពឺ ដែលពេល នោះនគរបាលដកហូតបានសារធាតុផ្សំផលិតថ្នាំ ញៀនមេតំហ្វេតាមីនចន្លោះពី៤០០ទៅ៥០០គីឡូក្រាមនៅលើទីតាំងដីមួយកន្លែងទំហំ២០ហិកតា។ លោក ញឹក ប៊ុនឆៃ បានបដិសេធថា លោកមិនជាប់ ពាក់ព័ន្ធទេ ប៉ុន្តែអតីតទីប្រឹក្សាម្នាក់របស់លោក ត្រូវបានកំណត់អត្តសញ្ញាណថា ជាម្ចាស់ដីនោះ។
លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលា ដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅឱ្យលោក ញឹក ប៊ុនឆៃ ចូលខ្លួនដើម្បីសាកសួរកាលពី ម្សិលមិញ។ ព្រះរាជអាជ្ញារងរូបនេះបានបញ្ជាក់ ក្នុងដីកាដែលចេញកាលពីយប់មិញនេះថានេះជាការសាកសួរពី “ដំណើររឿងសមគំនិតពីបទផលិតគ្រឿងញៀនខុសច្បាប់ និងនាំចូលសារធាតុផ្សំគ្រឿងញៀន” ប្រព្រឹត្តកាលពីឆ្នាំ២០០៧។
លោក នេត សាវឿន ដែលពីដំបូងមាន ប្រសាសន៍ថា ដីកាបញ្ជាឱ្យចូលខ្លួននេះពាក់ព័ន្ធ ករណីគ្រឿងញៀនក្នុងឆ្នាំ២០១២ បានបង្វែរសំណួរ អំពីមូលហេតុដែលនគរបាលទើបតែចាត់វិធានការ ពេលនេះទៅសាលាដំបូងរាជធានី។ លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីបាន បដិសេធមិនធ្វើអត្ថាធិប្បាយទេ ដោយគ្រាន់តែ លើកឡើងថា “សំណួរនេះនឹងប៉ះពាល់ដល់ដំណើរ ការរបស់តុលាការ”។
មន្ត្រីពីររូបនៃគណបក្សខ្មែររួបរួមជាតិ គឺ លោក រុន មាត្រា ដែលជាអ្នកនាំពាក្យ និងលោក ម៉ៅ ផាន់ណា ដែលជាទីប្រឹក្សាផ្ទាល់បានលើកឡើង ថា លោកទាំងពីរមិនដឹងថា មេរបស់ខ្លួនត្រូវបាន ឃុំខ្លួននោះទេ។ ចំណែកឯនៅផ្ទះរបស់លោក ញឹក ប៊ុនឆៃ និងទីស្នាក់ការកណ្តាលរបស់គណបក្ស នេះគឺគ្មានអ្នកណាឆ្លើយសំណួរឡើយ។
វិធានការរបស់សមត្ថកិច្ចបង្ហាញពីការកើន ឡើងការវាយប្រហារលើលោក ញឹក ប៊ុនឆៃ និងគណបក្សរបស់លោក។ កាលពីខែមុន លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានទទួលស្គាល់ថា រដ្ឋាភិបាលតម្រង់គោលដៅ ទៅរកអតីតឧត្តមសេនីយ៍រូបនេះ និងសហការី របស់គាត់ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលបានខ្សែអាត់សន្ទនាដែលបែកធ្លាយ ខាងលើ។
លោក សុខ ឥសាន បានលើកឡើងនៅពេល នោះថា “មន្ត្រីណាមកពីគណបក្សរបស់ឯកឧត្តម ញឹក ប៊ុនឆៃ ដែលនៅក្នុងជួររដ្ឋាភិបាល និងស៊ីប្រាក់ ខែរបស់រដ្ឋាភិបាលត្រូវតែដកចេញ។ ពេលដៃ គូមិត្តភាពមិនស្មោះត្រង់នឹងគ្នាយើងត្រូវតែបញ្ចប់ វា”។
កាលពីម្សិលមិញលោក ឈឹម ផលវរុណ ដែលជាអ្នកនាំពាក្យម្នាក់ទៀតរបស់រដ្ឋាភិបាលបាន ស្តីបន្ទោសអ្នកយកព័ត៌មានម្នាក់ នៅពេលសួរ លោកថាហេតុអ្វីបានជាតុលាការសើរើសំណុំរឿងចាស់ ខណៈពេលគណបក្សកាន់អំណាចកំពុងចាត់ វិធានការលើលោក ញឹក ប៊ុនឆៃ និងគណបក្សរបស់ លោក។ លោក ឈឹម ផលវរុណ បានសួរថា “អ្នកឯងប្រើពាក្យថា”សើរើ…អ្នកឯងបម្រើជន បរទេស ហើយមេអ្នកឯងជាជនបរទេស។ តើ អ្នកឯងបម្រើបរទេស ឬអ្នកឯងបម្រើការពិត?”។
ទាក់ទិញករណីនេះ លោក ផៃ ស៊ីផាន អ្នក នាំពាក្យរដ្ឋាភិបាលមិនអាចទាក់ទងសុំការអត្ថា ធិប្បាយបានទេ។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយ មានប្រសាសន៍ថា ចំណាត់ការផ្លូវច្បាប់នេះ បង្ហាញ យ៉ាងច្បាស់ពីការរលំរលាយនៅក្នុងនីតិរដ្ឋ ព្រម ទាំងការបែងចែកអំណាចនៅប្រទេសកម្ពុជា។
លោកលើកឡើងថា “ករណីនេះ ឱ្យបង្ហាញ ជាចរិតពិត ឬយុទ្ធសាស្ត្ររបស់ជនផ្តាច់ការ”។ លោកបន្តថា “ជនផ្តាច់ការជ្រើសរើសមនុស្សមួយ ចំនួនឱ្យជួយលើកតម្កើងកេរ្តិ៍ឈ្មោះរបស់ខ្លួន។ ដរាបណាអ្នកដែលជនផ្តាច់ការបានជ្រើសរើសមិនទៅណា និងនៅតែស្មោះត្រង់សហការ និងនៅតែ ជាមនុស្សសំខាន់អ្នកនោះនឹងមិនមានបញ្ហាទេ”។
លោកមានប្រសាសន៍បន្ថែមទៀតថា “ប៉ុន្តែបើអ្នកនោះបង្ហាញភាពមិនស្មោះត្រង់ ឬ ក្លាយជាមនុស្សបង្កបញ្ហាជនផ្តាច់ការនឹងមិន ស្ទាក់ស្ទើរក្នុងការកម្ចាត់អ្នកនោះចោលទេ”។
អ្នកវិភាគរូបនេះបានចាត់ទុកការលូកដៃពាក់ ព័ន្ធរបស់នគរបាល និងតុលាការថាជា “នីត្យានុ កូលភាពសង្គម”។ លោកបានថ្លែងថា “នេះមិន មែនជានីតិរដ្ឋទេ ប៉ុន្តែ… គឺប្រើប្រាស់ច្បាប់ជា ឧបករណ៍អំណាចដើម្បីកម្ចាត់មនុស្សបែបនេះ ចោល”។ លោកបានគូសបញ្ជាក់ថា គណបក្ស សង្គ្រោះជាតិក៏កំពុងតែទទួលរងសម្ពាធនេះដែរ ដោយខំប្រវេសប្រវាសអនុវត្តតាមវិសោធនកម្មពីរ លើច្បាប់ស្តីពីគណបក្សនយោបាយដែលអាច ធ្វើឱយគណបក្សនេះត្រូវបានរម្លាយចោល។ លោក បានព្យាករថា នឹងមាន “ការគាបសង្កត់១ឆ្នាំ ទៀត” នៅមុនការបោះឆ្នោតជាតិឆ្នាំក្រោយ។
សុខុម (រាយការណ៍បន្ថែមដោយ វណ្ណ រើន)