Top Mobile Banner

ពិពណ៌ចម្រុះវប្បធម៌ឆ្នាំ២០១៧នៅឡូវែល Lowell Folk Festival 2017

ដោយ ពិន សំខុន

ឡូវែល– មនុស្សច្រើនពាន់នាក់ បានប្រជ្រៀតចូល ក្រុងឡូវែលតាំងពីល្ងាចថ្ងៃសុក្រទី២៨កក្កដា មកស្តាប់ភ្លេងនៃក្រុមតន្ត្រីល្បីៗច្រើនក្រុម នឹងច្រៀងរាំតាមថ្នល់នាកណ្តាលក្រុងជុំវិញសាលាក្រុង ដែលម្តុំផ្លូវ‹មេរីម៉ាក់-ម៉ាកេតស្ត្រីត-ផ្លូវដុតុន›បានត្រូវបិទដោយអន្លើ ដោយសារក្រុងឡូវែលប្រារព្ធពិធីបុណ្យប្រចាំឆ្នាំរបស់ខ្លួន ឈ្មោះ‹ឡូហ្វកហ្វេសទីវល›។

ក្នុងរយពេលចំនួន៣ថ្ងៃ៣យប់បន្តរបន្ទាប់ កឺថ្ងៃសៅរទី២៩នឹងថ្ងៃអាទិត្យទី៣០មិថិនា ឡូវេលនៅតែទាក់តាញមនុស្សម្នារហូតដល់ច្រើនម៉ឺននាក់ថែមទៀត ឱ្យមកទស្សនានឹងកំសាត្តកម្មវិធីដែលបានយកមកបង្ហាញ រាប់រយមុខ នាបរិវិណជុំវិញសាលាក្រុងយ៉ាងណែនណាន់តាន់តាប់ នឹងយ៉ាងរីករាយ។

សោភ័ណ្ឌភាពនៃរបស់របរដែលយកមកតាំងបង្ហាញពីលំអ មានតាំងពីគំនូរចម្លាក់ របស់សម្រាប់តាំងលំអក្នុងផ្ទះសម្បែង ឬនៅក្រៅផ្ទះ រហូតដល់តែងលំអលើខ្លួនប្រាណ មានគ្រឿងអលង្កាជាដើម មានអ្នកចូលមើលនឹងសួរនាំមិនចេះខ្ជិល, មានបង្ហាញបច្ចេកវិជ្ជានានាសម្រាប់យកមកប្រើជាប្រយោជន៍ដល់ពាណិជ្ជកម្មនឹងដល់គ្រួសារ មានតាំងពីចរន្តអគ្គីសនីនាំបង្វិលគ្រឿងចក្រ មានឧប្បករភ្លេងប្លែកៗ មានទាំងឋាមពលពន្លឺបង្កើតជាអគ្គីសនីបាន…។ល។, សិល្បៈសម្តែងជារបាំតាមថ្នល់ លើឆាក ឬក្រុមភ្លេងល្បីឈ្មោះមកសម្តែងនៅឧទ្យាន ឬលើឆាកធំៗ ឬក៏សង់ជារោងសម្រាប់រាំកំសាន្ត,មានទាំងល្ខោនឆ្ពិនភ្នែក ឬជាឆាកសម្តែងតុក្កតានោះគឺជាទីសំណប់ចិត្តរបស់ក្មេងៗ នឹងមាតាបីតា, មានក្រុមជាងសិប្បកម្មច្រើនក្រុម មកបង្ហាញស្នាដៃកម្រមាន,ទាំងអស់នោះហើយដែលធ្វើឱ្យបរិយាកាសរីករាយសម្រាប់គ្រប់រស់ជាតិសម្រាប់ក្មេង ឬ យុវជន ឬក៏ចាស់មិនថាជាស្រី ឬ ជាប្រុសឡើយ។

សកម្មភាពដែលប្តើមមុនគេ នាវេលាថ្ងៃត្រង់ នៃថ្ងៃសៅរ៍ នឹងថ្ងៃអាទិត្យ គឺចំហាយនៃក្លឹនភោជនាហារចម្រុះ ម្ហូបគ្រប់ជាតិសាសន៍ នឹងគ្រប់រស់ជាតិ តម្រៀបគ្នាជាជួរ នៅច្រើនកន្លែង តាមផ្លូវំមីឌញសិច ផ្លូវហ្រ្វង់ ទីធ្លាសាលាក្រុង ទីធ្លាក្នុងវិហ៊ារកាតូលិកមុខសាលាក្រុង ផ្លូវម៉ាកិត ទីធ្លាធំល្វឹងល្វើយ នៃអាគារ‹អិលទីស៊ី› មនុស្សរាប់រយនាក់តម្រៀបគ្នាជាជួរតាំងពីថ្ងៃត្រង់រហូតដល់យប់ មិនដឹងជាកើបលុយបានច្រើនប៉ុណ្ណាទេ នាអម្លុងពីធីតែ៣ថ្ងៃនោះ។ ក្រុមឡាវមាន៣-៤កន្លែង សកម្មខ្លាំងណាស់ នឹងមានមុខម្ហូបជាទីចូលចិត្តនៃសាធារណជន មានម្ហូបក្រិក ហ្វីលីពីន មានម្ហូបថៃ ម្ហូបភូមា មានម្ហូបស្បានីសច្រើនប្រទេស មានប្រទេសនីហ្សេរីយ៉ា មានប្រទេសអាហ្វ្រីកមួយចំនួនទៀត ។

ចម្រុះវប្បធម៌មែនឬទេ? វប្បធម៌ដែលបាត់មុខគឺសហគមន៍ខ្មែរ ដែលក្រុងខ្មែរនៅក្បែរនេះសោះ តែមិនមានបង្ហាញមុខនឹងគេនៅស្ងាត់ឈឹងតែម្តង ហាក់ដូចជាគ្មាន ម្ហូបអាហារដែលត្រូវបង្ហាញ គ្មានគ្រឿងអលង្ការតែងលំអរូបរាងកាយស្ត្រី គ្មានជំនាញអ្វីមួយដែលអាចនឹងចែករំលែកដល់អ្នកភូមិផងរបងជាមួយសោះ។ បើកុំតែបានសមាគមខ្មែរសមាគមខ្មែរលើកគ្នាទៅដង្ហែក្បួនថ្ងៃបើកឆាកទីមួយ នៅមានសិល្បៈករចម្លាក់ នឹង ស្មូន យ៉ារី ឡិវ៉ាន់ ម្នាក់ដែរ ដែលគេដាក់នៅក្បែរវិទ្យាល័យ កុំអីគេថា‹មិនមានខ្មែរនៅទីនេះទេ›។ យើងបានប្រទះក្រុមយុវជន-យុវនារីខ្មែរមាំមួនស្រស់ស្អាត ជាច្រើនរូប បាននាំគ្នាមកស្ម័ក្រចិត្តជួយសកម្មភាព‹ពិពណ័ចម្រុះវប្បធម៌› នឹងសកម្មភាពសមាគម ឬពាណិជ្ជកម្មផ្សេងៗ ដែលសកម្មភាពទាំងនោះបានធ្វើឱ្យគេមើលមកសហគមន៍ខ្មែរថា មានកូនចៅសកម្មគ្រាន់បើដែរ។

‹ពិពណ៌ចម្រុះវប្បធម៌ឆ្នាំ២០១៧នៅឡូវែល›នេះ បានទទួលអំណោយផលសំខាន់បំផុតពិធាតុអាកាស មេឃស្រឡះ កំដៅឡើង៧០-៨០អង្សា ធ្វើឱ្យការរៀបចំបង្ហាញទស្សនីយភាពទាំងអស់អាចប្រព្រឹត្តទៅតាមគម្រោងបានឥតខ្ចោះ ។ រថភ្លើង‹ត្រលឡេ›ដែលគេរក្សាតាំងពិ១០០ឆ្នាំមុន នៅរត់បង្ហាញភាពសង្ហារបស់ខ្លួនដូចកាលពី១០០ឆ្នាំមុន នៅតាមចន្លោះផ្ទះថ្មខ្ពស់ធ្វើពីឥដ្ឋក្រហម ដែលជាអតីតរោងចក្រតម្បាញ នឹងតាមបណ្តោយអូរសិប្បនិមិត្ត ដែលសានសង់ឡើងសម្រាប់ដឹកទំនិញផង នឹងសម្រាប់បង្កើតអគ្គីសនីសម្រាប់ប្រើប្រាស់ក្នុងរោងចក្រតំបាញ ទាំងនោះធ្វើឱ្យក្រុងឡូវែលថ្ងៃនេះ ត្រឡប់ទៅបង្ហាញអតីតកាលដ៏រុងរឿងដោយសកម្មភាពឧស្សាហកម្មតំបាញ ដ៏ធំសម្បើមមួយ ដែលធ្លាប់បានតាំងទីនៅកន្លែងនេះ។

នាថ្ងៃសៅរ៍នឹងអាទិត្យ ទូរទស្សន៍‹អិលទីស៊ី›បានធ្វើការផ្សាយបន្តរផ្ទាល់ពីពិធិតាំងពិពណ៌នេះចំនួន៤ម៉ោង ក្នុងមួយថ្ងៃ, សូបិន នាយកខ្មែរផុស ក៏បានចូលរួមជាពិធីករក្នុងកម្មវិធីនោះនាថ្ងៃសៅរ៍, ជាខ្មែរផង ជាពិធីករផង សូបិនបានធ្វើឱ្យសារធារណជនបរទេសជាពិសេស យល់ពីសហគមន៍ខ្មែរបានកាន់តែច្រើនជាលំដាប់ ហើយតួរនាទិជាប្រព័ន្ធផ្សព្វផ្សាយ ក៏មានការកត់ត្រាចងក្រងទុកជាការចងចាំបានយូរអង្វែងទៅអនាគត។ មិនដូចកាលពីឆ្នាំមុន ភ្ញៀវមិនបានមកកកកុញដូចឆ្នាំនេះទេ អ្នកជួលតូបតាំងផលិតផល ពេទ្យ សិល្បៈ សិក្សា អេឡិចត្រូនីក ម្ហូបអាហារ ឬទំនិញ ទំនងជាបានផលចំណេញគ្រប់ៗគ្នា..។ល។ក្រុមភ្លេងបាននៅកំដរភ្ញៀវរហូតដល់ម៉ោង៨យប់ នៃថ្ងៃអាទិត្យទទើបបានចប់សព្វគ្រប់ជាស្ថាពរ។

ព័ត៌មានទាក់ទង