អ្នកធ្វើការតាមដងផ្លូវ UTEC Street Worker
This article appears in the November 22nd edition of KhmerPostUSA
ដោយសុខា
ក្រុងឡូវែល៖ មុខងារមួយនេះ ស្តាប់ទៅប្លែក ” អ្នកធ្វើការតាមដងផ្លូវ! ” ។ កិច្ចការនេះ ជាមួយក្នុងចំណោមបេសកកម្មសំខាន់ៗ ដែលជាសកម្មភាពក្នុងមជ្ឈមណ្ឌលយុវជនដើម្បីភាពស្មើគ្នា ឬ United Teen Equality Center (UTEC)។
ថ្ងៃពុធ ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០១៣ ក្រុមអ្នកធ្វើការតាមដងផ្លូវ UTEC Street Worker បានទៅធ្វើបទបង្ហាញពីសកម្មភាពរបស់ខ្លួន ដោយមានការសហការអញ្ជើញពីក្លឹបនិស្សិតថ្នាក់ក្រោយឧត្តមជំនាញសន្តិភាព និងការសិក្សាអំពីទំនាស់ (Peace and Conflict Studies Graduate Association Club) នៃសាកលវិទ្យាល័យរដ្ឋម៉ាសាឈូសេតឡូវែល(UMASS LOWELL)។
ផ្អែកលើសេចក្តីនៃបទបង្ហាញ អ្នកធ្វើការតាមដងផ្លូវរបស់យូធិច (UTEC) ជាអ្នកដែលធ្វើការដោយផ្ទាល់ជាមួយក្រុមយុវជនទំនើង ដែលជាទូទៅអ្នកផងពិបាកនឹងចូលទៅដល់ក្រុមទាំងអស់នោះ។ ស្រ្ទ៊ីតវឺកខឺ ឬអ្នកធ្វើការតាមដងផ្លូវ ធ្វើការពេញម៉ោង និងអាចជាការងារ 24/7 ព្រោះអ្នកធ្វើការតាមដងផ្លូវ UTEC Street Workerមិនត្រឹមតែព្យាយាមប្រាស្រ័យទាក់ទងជាមួយក្រុមក្មេង ឬយុវជនទំនើងប៉ុណ្ណោះទេ ខណៈមានការវាយតប់ បាញ់បោះ ឬ ឧបទ្ទហេតុផ្សេងៗ អ្នកធ្វើការតាមដងផ្លូវ UTEC Street Worker នឹងទៅដល់ ពិនិត្យ និងធ្វើការទៅតាមកាលៈទេសៈ អាចជាការជួយពន្យល់ សម្របសម្រួល គូទំនាស់ ឬ បង្ហាញខ្លួនដើម្បីកសាងទំនុកចិត្តពីក្រុមទំនើងទាំងអស់នោះ ព្រោះការចូលទៅជិតអ្នកញៀនថ្នាំ ហ្គាង ឬក្រុមបងតូច បងធំ ពុំមែនជារឿងងាយស្រួលឡើយ ហើយម្យ៉ាងវិញទៀត អ្នកទាំងអស់នោះតែងមិនទុកចិត្តក្នុងការទាក់ទងជាមួយអ្នកដទៃ ត្បិតបារម្មណ៍ថាខ្លួននឹងត្រូវរាយការណ៍ដល់ប៉ូលិសក្នុងការប្រព្រឹត្តផ្ទុយនឹងច្បាប់ទាំងឡាយ។
ផ្ទុយពីចំណុចបារម្មណ៍ដែលក្រុមទំនើងមានចំពោះអ្នកធ្វើការតាមដងផ្លូវ UTEC Street Worker
បេសកកម្មរបស់អ្នកធ្វើការតាមដងផ្លូវ UTEC Street Worker គឺដើម្បីជួយក្មេងទំនើងទាំងឡាយម្តងបន្តិចៗ ឲ្យដកខ្លួន ចៀសវាង និង កែប្រែខ្លួនពួកគេឲ្យក្លាយជាមនុស្សល្អ អាចត្រឡប់ទៅរៀននៅសាលាវិញ ឬទៅរៀនយកជី អ៊ី ឌី (GED) ជាមធ្យោបាយទៅអនាគត បំពេញការងារឲ្យក្លាយជាពលរដ្ឋល្អដូចគេឯង ហើយដែលចូលចុះក្នុងសង្គម និងសាធុជនទាំងឡាយ។
អ្នកធ្វើការតាមដងផ្លូវ UTEC Street Workerអាចចូលទៅជិតក្រុមជនទំនើងទាំងអស់នោះ តាមរបៀបជាច្រើន ដូចជាដោយលេងបាល់ជាមួយពួកគេ ទៅទីកន្លែងទាំងឡាយដែលពួកគេនៅ ទៅជួយដោះស្រាយបញ្ហា ការវាយតប់ បង្កើតភាពស្និទ្ធស្នាលជាមួយអ្នកទាំងនោះ។ ខណៈដែលអ្នកធ្វើការតាមដងផ្លូវ UTEC Street Workerអាចអន្ទងជនទំនើងបានហើយ អ្នកធ្វើការតាមដងផ្លូវ UTEC Street Worker នាំអ្នកទាំងនោះ ឲ្យចូលរួមវគ្គបណ្តុះបណ្តាល អប់រំ កែប្រែចិត្តគំនិតឡើងវិញ។ កិច្ចការនេះ ត្រូវចំណាយពេលយូរ តួយ៉ាង លោក មីហ្គែល ថូរេស៍(Miguel Torres) បានលើកឡើងក្នុងបទបង្ហាញថា ” That is not something you do over night, it takes time, months, years to build trust, relationship, and bring them to the center…” មានន័យថា ” វាមិនមែនជាការងារដែលយើងធ្វើតែមួយយប់ ហើយរួចរាល់ទេ គឺត្រូវការអាចដល់ខែ ឬឆ្នាំ ដើម្បីកសាងទំនុកចិត្តជាមួយក្មេងទំនើងទាំងអស់នោះ ចងមិត្តភាពជាមួយពួកគេ និងដឹកនាំពួកគេឲ្យមកទទួលការបណ្តុះបណ្តាលកែប្រែខ្លួននៅមជ្ឈមណ្ឌល។ ”
បេសកកម្មរបស់ អ្នកធ្វើការតាមដងផ្លូវ ឬ Street Worker ដែលផ្តល់ដោយ UTEC មានប្រសិទ្ធភាព ហើយបានចូលរួមជាប្រយោជន៍ជាច្រើនក្នុងការជួយកែប្រែជនទំនើងក្នុងសហគមន៍ ឲ្យចេះភ្ញាក់រលឹក ដឹងកំហុស ស្គាល់ខុសត្រូវ ចេះកែប្រែខ្លួនឲ្យក្លាយជាមនុស្សល្អ ដូចអ្នកផង។ ឧទាហរណ៍ជាក់ស្តែង UTEC បានជួយកែប្រែ អតីតយុវជនទំនើង និង ស្យត់ខលលឺ(Former Gang and Shot Caller) ឈ្មោះ ចននី ឆេង (Johny Chheng) ឲ្យបានក្លាយមនុស្សល្អមួយរូប លាលែងការប្រព្រឹត្តអំពើមិនល្អ ហើយបច្ចុប្បន្ន ចននី ឆេង (Johny Chheng) កំពុងបម្រើការងារ ជាអ្នកធ្វើការតាមដងផ្លូវ Street Worker នៅ UTECជួយនែនាំ កែប្រែយុជនទំនើងដទៃទៀតក្នុងសហគមន៍ យ៉ាងសកម្ម។ Johny Chheng ចននី ឆេង បានក្លាយជាយុវជនទំនើងពេញទីនៅអាយុ១៦ឆ្នាំ ធ្លាប់វាយតប់ បង្ករបួសស្នាមដល់អ្នកដទៃ ធ្លាប់ជាប់ពន្ធនាគារ និងបានចេញពីពន្ធធនាគារនៅអាយុ២៣ឆ្នាំ។ ខាងក្រុមការងារUTEC ធ្លាប់បានព្យាយាមទាក់ទង នែនាំ ចននី តាំងពីចននីអាយុ១៤ឆ្នាំ ប៉ុន្តែកិច្ចការទាំងអស់នេះ ប្រើពេលយូរទំរាំតែដល់ពេលដែលចននីចេញពីពន្ធធានាគារកាលពី៦ឆ្នាំមុន ហើយចននីបានទទួលស្គាល់ និងឲ្យតម្លៃ UTEC គេក៏ចាប់ផ្តើមកែខ្លួន និងក្លាយជាបុគ្គលិកសកម្មនៅ UTEC នាពេលបច្ចុប្បន្ន នៅអាយុ២៨ឆ្នាំ។