វេសហ្វឺដ, ម៉ាសាឈូសេត៖ ការិយាល័យទេសចរណ៍ និងទស្សនកិច្ចសម្រាប់តំបន់ម៉ារីម៉ាក់វ៉ាលេ ឬ Greater Merrimack Valley Convention and Visitors Bureau (Greater Merrimack Valley CVB) បានបង្កើតកម្មវិធីពិសារអាហារពេលព្រឹក លើកទី២0 នៅឯសណ្ឋាគារ និងសាលសន្និសីទវេសហ្វឺដ កាលពីថ្ងៃទី២១ វិច្ឆិកា ឆ្នាំ២០១៣។
កម្មវិធីអាហារពេលព្រឹកខាងលើ បង្កើតឡើងក្នុងគោលបំណងចងទំនាក់ទំនងក្រុមហ៊ុន និងស្ថាប័ននានា ឲ្យបានកាន់តែប្រសើរឡើង ក្នុងគោលដៅបង្កើនការរីកចំរើនទាំងជំនួញ សេដ្ឋកិច្ច និងវិស័យទេសចរណ៍ក្នុងតំបន់។
ផ្អែកទៅលើទិន្នន័យដែលទទួលបានពីការិយាល័យទេស្សចរណ៍ និងទស្សនកិច្ចប្រចាំតំបន់ម៉ារីម៉ាក់វ៉ាលេ Greater Merrimack Valley Convention and Visitors Bureau (Greater Merrimack Valley CVB) បង្ហាញថា ទេសចរណ៍ក្នុងរដ្ឋម៉ាសាឈូសេតក្នុងឆ្នាំ២០១២ បាននាំចំណូលប្រមាណ ១៧កោដ និង៧លានដុល្លារសហរដ្ឋអាម៉េរិក($17.7 billion) និងបានជះឥទ្ធិពលដោយផ្ទាល់ដល់កំណើនសេដ្ឋកិច្ច ៤,៩% ពីលើឆ្នាំ ២០១១។ ចំណូលពីអ្នកទេសចរ
បានបង្កើតការងារច្រើនជាង ១២៦,៥០០ ការងារ សម្រាប់រដ្ឋម៉ាសាឈូសេត។ ក្នុងនោះដែរការិយាល័យទេសចរណ៍ និងទស្សនកិច្ចសម្រាប់តំបន់ម៉ារីម៉ាក់វ៉ាលេ ឬ Greater Merrimack Valley Convention and Visitors Bureau (Greater Merrimack Valley CVB)បានចូលរួមក្នុងសកម្មភាពទ្រទ្រង់វិស័យទេសចរណ៍អស់រយៈពេល២០ឆ្នាំមកហើយ។
ជាមួយគ្នានោះ គេឃើញមានភ្ញៀវសំខាន់ៗក្នុងកម្មវិធីតួយ៉ាង ក្រុមហ៊ុនទស្សនាវដ្តីទេសចរណ៍កម្សាន្តលក្ខណៈក្រុម (Group Tour Magazine) ទស្សនាវដ្តី បុសស្តុនហ្គ្លូប(Boston Globe) ទស្សនាវដ្តីយ៉ាំងគី (Yankee Magazine) ទស្សនាវដ្តីឡូវែលសាន់(Lowell Sun) ប្រព័ន្ធផ្សព្វផ្សាយមែដដិន(Madden Media) និង ទស្សនាវដ្តីម៉ារីម៉ាក់វ៉ាលេ (Merrimack Valley Magazine)។ ពិសេសជាងនេះ កម្មវិធីអាហារពេលព្រឹក ជាឳកាសដល់ភ្ញៀវចូលរួម និងស្ថាបន័នានាបានជួបអ្នកដឹកនាំសកម្មខាងវិស័យទេសចរណ៍ក្នុងតំបន់ តាមរយៈការប្រគល់រង្វាន់ជូន លោក ថូម៉ាស អេហ្វ ម៉ាក់ខេ ជាអគ្គរដ្ឋទូតទេសចរណ៍ប្រចំាឆ្នាំ។ ស្របគ្នាដែរ មានការថ្លែងសុន្ទរកថា ពីអ្នកតំណាងរដ្ឋ ថម ហ្គោលដិន(Tom Golden) ជាប្រធានគណៈកម្មការនាយកនៃការិយាល័យទេសចរណ៍ និងទស្សនកិច្ចសម្រាប់តំបន់ម៉ារីម៉ាក់វ៉ាលេ ឬ Greater Merrimack Valley Convention and Visitors Bureau (Greater Merrimack Valley CVB) លោកខរី អេតឃីន(Cory Atkins)សហប្រធានក្នុងគណៈកម្មការអភិវឌ្ឍទេសចរ សិល្បៈ និងវប្បធម៌(Committee on Tourism, Arts, & Cultural Development) ព្រមទាំងមតិពីនាយកស្រាវជ្រាវនៃការិយាល័យទេសចរណ៍និងកំសាន្ត លោកថូនី ឌី ហ្កូសធីណូ(Tony D’Agostino) និង មតិរបស់អ្នកស្រី ឌិប ប៊ីលែងជឺ (Deb Belanger) ជានាយកប្រតិបត្តិនៃការិយាល័យទេសចរណ៍ និងទស្សនកិច្ចសម្រាប់តំបន់ម៉ារីម៉ាក់វ៉ាលេ ឬ Greater Merrimack Valley Convention and Visitors Bureau (Greater Merrimack Valley CVB)។