Top Mobile Banner

ទស្សនៈអ្នកក្រុងឡូវែលអំពីអាស៊ី

ខ្មែរ​ប៉ុស្តិ៍ ថ្ងៃទី ៣ ខែ មេសា ឆ្នាំ ២០១៥

ដោយ​ Richard P. Howe Jr.
ដោយ​ Richard P. Howe Jr.

មិន​ខុសពី​មនុស្ស​ភាគ​ច្រើន​ ដែល​កើត​នៅ​ក្រុងឡូវែល ក្នុង​ទសវត្ស​ឆ្នាំ ១៩៥០ និង ១៩៦០ ខ្ញុំធ្លាប់​​ដឹងតិចតួច​ណាស់អំពី​អាស៊ី។ ពី​មុន​មក ខ្ញុំ​មិន​សូវ​បាន​យល់ដឹង​ច្រើនអំពី​វប្បធម៌​ជាតិសាសន៍អាស៊ីនេះទេ។ ទើបតែឥឡូវនេះប៉ុណ្ណោះ ដែល​ខ្ញុំ​យល់ដឹង​ច្រើន​។ កាល​ពី​មុន ខ្ញុំ​មិន​សូវ​បាន​ដឹង​ ដោយសារ​ភាគច្រើន​នៃ​ជន​អន្តោប្រវេសន៍ ដែល​មក​រស់នៅ​ទីក្រុង​ឡូវែល កាល​មុន​ទសវត្ស​ឆ្នាំ ១៩៨០ គឺសុទ្ធតែ​អ្នក​មក​ពី​ប្រទេស​អឺរ៉ុប។ ម្យ៉ាង​ដោយ​សារ ទីក្រុង​ឡូវវែល​ស្ថិត​នៅ​តំបន់​ឆ្នេរ​ខាងកើត​នៃ​សហរដ្ឋ​អាមេរិក ម្ល៉ោះហើយ​អ្នក​ក្រុង​ឡូវែលដូចខ្ញុំ ​ចាប់អារម្មណ៍ប្រទេស​អឺរ៉ុបដោយស្វ័យ​ប្រវត្តិ។

ជាអកុសល ដោយសារ​ជម្លោះ​អន្តរជាតិ ដូចជា​សង្គ្រាម​លោក​លើក​ទី ២ សង្គ្រាម​កូរ៉េ ការ​ដួល​រលំ​នៃ​របប​កុម្មុនីស្ត​នៅ​ប្រទេសចិន និង សង្រ្គាម​វៀតណាម ទើប​ធ្វើ​ឲ្យ​ប្រជាជន​អាស៊ីមាន​គំនិត​អវិជ្ជមាន​មក​លើ​ជនជាតិ​អាមេរិក​ជាទូទៅ។ នេះ​ជារឿង​ធម្មតា​ ដ្បិតមនុស្ស​តែង​តែមាន​គំនិត​អរិភាព​ទៅលើគូ​បដិបក្ខ​ពេលធ្វើ​សង្គ្រាម។ ប៉ុន្តែ ការ​រើស​អើង​ពូជសាសន៍ ក៏ជា​កត្តា​បណ្តុះ​ឲ្យ​គំនិត​អរិភាព​នេះ​ដែរ។ ទោះបី​ជប៉ុន និង អាល្លឺម៉ង់ ធ្លាប់​ជា​គូសត្រូវ​របស់​អាមេរិកយ៉ាង​ណា​ក៏ដោយ ក៏ជន​ជាតិ​អាមេរិក​ ចាត់​ទុក​ជន​ជប៉ុន​ក្នុង​ផ្លូវ​អវិជ្ជមានខ្លាំងជាងជនជាតិ​អាល្លឺម៉ង់។ ជនជាតិ​អាមេរិក ៥ ម៉ឺន​នាក់​បាន​ស្លាប់​ក្នុង​សង្គ្រាម​វៀតណាម។​ ក្នុង​នោះ​មាន​អ្នក​ក្រុង​ឡូវែល ១៩ នាក់​ផងដែរ។ ប៉ុន្តែ រដ្ឋាភិបាល​អាមេរិក​នៅ​តែ​មិន​អាច​ពន្យល់​ឲ្យ​ប្រជាជន​អាមេរិកជឿបាន​នៅឡើយ ថាតើ​សង្គ្រាម​នោះមាន​សារប្រយោជន៍អ្វី​ខ្លាំង​ម្ល៉េះ រហូតដល់​ពលីជីវិត​មនុស្ស​ចំនួន​សន្ធឹក​យ៉ាង​ដូច្នេះ។

lowell

ការយល់ឃើញអំពី​អាស៊ី​ចាប់ផ្តើម​ផ្លាស់​ប្តូរ​ភ្លាមៗ បន្ទាប់ពី​សង្គ្រាម​វៀតណាម​រលត់​។ នៅមុន​នោះបន្តិច រាល់​ផលិតផល​ដែលនាំមកពី​ប្រទេសជប៉ុន និង ប្រទេស​អាស៊ី​ដទៃទៀត ត្រូវ​បាន​គេចាត់ទុកថាជា​របស់“អន់”។ មាន​ន័យ​ថា ផលិតផល​ទាំងនោះជា​ទំនិញថោក និង អន់​គុណភាព។ ទោះជាយ៉ាងនេះក្តី នៅ​ឆ្នាំ ១៩៧៤ មាន​បញ្ហា​ប្រឈម​មួយ​កើត​ឡើងពី​ការ​​ខ្វះ​ប្រេង​ឆៅ និង សាំង ដោយសារ​តែ​ប្រទេសនៅ​អារ៉ាប់​ដាក់ទណ្ឌកម្ម​ផ្នែក​នាំចេញ​ទំនិញ​មក​អាមេរិក។ ​ភ្លាមនោះ ស្រាប់តែរថយន្តតូច ដូចជា​ប្រភេទរថយន្ត តូយូតា​​ របស់​ជប៉ុន និង Datsun (សព្វថ្ងៃហៅថា នីសាន់) ចាប់ផ្តើម​មាន​ប្រជាប្រិយភាព ដោយសាររថយន្ត​ទាំងនេះ​ស៊ីសាំង​តិច និង​ ប្រើធន់មិន​ងាយ​ខូច។ ក្រុម​ហ៊ុន​អាស៊ី​ឯទៀត ដូចជា សូនី និង សាំស៊ុង ចាប់ផ្តើម​លក់ផលិតផលមាន​គុណភាពខ្ពស់ ក្នុង​តម្លៃសមរម្យ ក្នុង​ទីផ្សារ​អាមេរិក។

ប្រជាជន​អាស៊ី​អាគ្នេយ៍ដំបូងៗ ដែល​មកកាន់ទីក្រុង​ឡូវែល មិន​សូវ​ទទួល​បាន​ការចាប់អារម្មណ៍​ពី​សំណាក់​ប្រជាជន​អាមេរិក​ទេ។ ប៉ុន្តែ នៅ​ពេល​ជន​ជាតិ​អាស៊ី​ទាំងនេះ កាន់តែ​បន្ត​មក​ច្រើនឡើងៗ អ្នកស្រុក​ឡូវែល​ចាប់ផ្តើម​ចាប់អារម្មណ៍ទៅលើ​ពួកគេ។ អង្គការ​ ដូចជា Angkor Dance Troupe និង សមាគមខ្មែរ (CMAA) បាន​ខិត​ខំ​យ៉ាង​អនេក ដើម្បី​លើក​ស្ទួយ​វប្បធម៌ខ្មែរ និង អាស៊ី ដើម្បី​ឲ្យ​ប្រជាជន​ដទៃទៀត​នៅ​ក្រុង​ឡូវែល ដែល​មិន​មែនជា​ជនជាតិ​អាស៊ី បាន​យល់ដឹង​អំពី​វប្បធម៌ខ្មែរ និង អាស៊ី។ បច្ចុប្បន្ននេះ គេអាច​ស្វែង​យល់អំពី​ជនជាតិ​អាស៊ី និង វប្បធម៌អាស៊ី នៅ​តាម​សាលារៀន អគារពាណិជ្ជកម្ម និង ភោជនីយដ្ឋាន និង នៅ​តំបន់ ក្រុង​ឡូវែល។ ទាំងនេះ គឺជា​សមិទ្ធិ​ ដែល​កើត​ចេញ​ពីកិច្ច​ខិតខំ​ប្រឹងប្រែង​របស់​​ប្រជាជន​ខ្មែរក្នុង​ក្រុង​ឡូវែល ដែល​បាន​ជួយ​ឲ្យ​ទីក្រុងនេះ​ប្រែក្លាយ​ជា​ទីឋាន​គាប់​ប្រសើរ​មួយ​សម្រាប់​មនុស្ស​គ្រប់គ្នា៕

ព័ត៌មានទាក់ទង