ដោយ សូបិន
ព្រឹកថ្ងៃអាទិត្យទី៣០មករាឆ្នាំ២០១៧ កន្លងទៅ ប៉ុណ្ណារ៉ូបានសុខចិត្តឱ្យម្តាយនាំខ្លួនទៅហាត់របាំខ្មែរនៅសមាគមអង្គរ ដែលឋិតនៅខាងត្បូង‹វិទ្យាល័យឡូវែល›។ កាលពីនៅអាយុ៣ឆ្នាំ ប៉ុណ្ណារ៉ូបានទៅសាកល្បងហាត់ម្តងហើយ តែគេនៅមិនទាន់មានការចាប់ចិត្តនៅឡើយ ឥឡូវអាយុជីត៧ឆ្នាំហើយ អាចនិយាយភាសាខ្មែរបានខ្លះៗផងនោះ ស្រាប់តែនៅពេលឃើញកូនខ្មែរឯទៀតៗហាត់ព្រោងព្រាត នៅមជ្ឈមណ្ឌលក៏ចង់ចូលហាត់នឹងគេ។ ជាកូនប្រុសនៅក្មេងផង គេបានណែនាំឱ្យហាត់របាំស្វា ជាមួយនឹងក្មេងឯទៀត៤-៥នាក់ ដែលមានអាយុប្រហែលប្រហែលគ្នា បានធ្វើឱ្យប៉ុណ្ណារ៉ូ មានសេចក្តីរីករាយពន់ពេក។
ភ្លេងខ្មែរទើបនឹងហាត់ចប់ នាវេលាម៉ោង១រសៀល អ្នកគ្រូបង្ហាត់ នឹងគ្រូជំនួយការច្រើនរូប ចាប់ប្តើមបង្ហាត់សិស្សស្រីៗ ២-៣ក្រុម នៅតាមផ្លូវចូលទៅបន្ទប់ យ៉ាងចង្អៀត តែរីករាយនឹងទទួលចំនេះដ៏ពិសេសពិសាលនេះ ដោយគ្មានធុញទ្រាន់។ នាយិការសមាគមអង្គរ អ្នកស្រី ដាវី ត្រាន ដែលចូលមកកាន់ការងារពាក់កណ្តាលពេល ក្នុងសមាគមនាឆ្នាំទី២ហើយ បានបោះបង់កាងារពេញពេលរបស់ខ្លួន មកទទួលយកកាងារនេះប្រកបដោយការពេញចិត្ត, នៅពេលដែលនាយិការមុន កញ្ញា លីនដា បានលាទៅចាប់យកកាងារ ជាអ្នកគ្រប់គ្រងឧទ្យានប្រវត្តិសាស្ត្រជាតិនៅឡូវែល នៅក្បែរនោះមក។ ក្នុងមុខងារថ្មីនេះ ដាវី បានធ្វើឱ្យគេឃើញនូវការភាពលះបង់ ដើម្បីសិល្បៈដែលជាឬសគល់នៃវប្បធម៌ខ្មែរ ផ្សារមនុស្សឱ្យជាប់ទៅនឹងរបាំដែលម្នាក់ៗមកខិតខំហាត់ហ្វឹកហ្វឺន ផ្សារបច្ចេកទេសឱ្យជាប់ជាមួយនឹងលំអជាធម្មជាតិ ជាពិសេសផ្សារដង្ហើមនៃវប្បធម៌របស់ជាតិសាស្ត្រមួយឱ្យបន្តររីកដុសដាលជាមួយសហគមន៍មួយដែលទាមទាររស់នៅជាខ្មែរជារៀងរហូតតទៅ។ ជាមួយនឹងដំណើរដ៏ច្បាស់លាស់នោះ គេមិនអាចនឹងមិនឃើញនូវការជ្រោមជ្រែងនៃចាស់ទុំម្នាក់ឈ្មោះ ធីម ធូ ដែលបានបានដឹកដៃចិញ្ចឹមបីបាច់ថែរក្សានឹងថ្នាក់ថ្នមសមាគមអង្គរនេះ តាំងពិកំណើត កាលពី២០ឆ្នាំមុន មកទល់នឹងពេលនេះ ដែលសមាគមអង្គរ មានកេរឈ្មោះបោះសម្លេងជាដំណាង ‹វប្បធម៌ខ្មែរអង្គរ›តែម្នាក់ឯងគត់ នៅរដ្ឋម៉ាសាឈូសិតនឹងតំបន់‹ញូឥនគ្លិន›នេះ។ ដាវី បាននិយាយថា សមាគមអង្គរ មានគ្រូឯកទេស៤រូប ដែលចេញមកពីសាកលវិទ្យាល័យវិចិត្រសិល្បក្រុងភ្នំពេញ ដែលថ្វីបើធ្វើការពាក់កណ្តាលពេលឱ្យសមាគម តែស្ម័ក្រចិត្តយកពេលបន្ថែម បង្ហាត់បង្រៀនសិស្សដែលចង់ចេះចង់ដឹង ប្រមាណ៧០នាក់ ដើម្បីសម្តែងឱ្យបានប្រសើរបំផុត ដោយគ្មាននឿយហត់បន្តិចឡើយ។ដាវី បន្តរថាៈ មកទល់ពេលនេះ សមាគមអង្គរ បានចេញសម្តែងឆាកធំៗរបស់ខ្លួនច្រើនហើយ ក៏ប៉ុន្តែសិស្សដែលហាត់យូរមកហើយៗមានទេពកោសលនឹងឈ្មោះល្បីថែមទៀតនោះនៅមិនទាន់ឡើងជាគ្រូបាននៅឡើយ ដោយសារដង្ហើមនៃក្បាច់និមួយៗនៅមិនទាន់រលាយចូលគ្នាជាមួយនឹងភ្លេងនៅឡើយ ត្រូវចេះសំគាល់ការប្រើសម្លឿកបំពាក់គ្រឿងឱ្យត្រូវនឹងរបាំរីឯពេលវេលាសម្រាប់ហាត់រៀនទៀតសោតក៏មិនមានគ្រប់គ្រាន់ដូចការសិក្សារបស់គ្រូៗ ដើម្បីឱ្យអាចទៅជាគ្រូបង្ហាត់របាំប្រពៃណីទេ។
នៅពេលយើងកំពុងពីភក្សាស្វែងយល់ពីសមាគមអង្គរ ប៉ុណ្ណារ៉ូក៏កំពុងហាត់តួរស្វាយ៉ាងជក់ចិត្ត ជាមួយកុមារឯទៀតៗដែលទើបនឹងបានស្គាល់គ្នា លុះហាត់ចប់ យើងនាំគ្នាត្រឡប់មកផ្ទះវិញរំលឹកពីដំណើរស្វារបស់ប៉ុណ្ណារ៉ូ គួរឱ្យចង់សើចពេកណាស់, អាទីត្យក្រោយប៉ុណ្ណារ៉ូនឹងទៅកន្លែងហាត់សមាគមអង្គរជាថ្មីម្តងទៀត។
(នៅមានត)