ដោយ ពិន សំខុន
ថ្ងៃសំខាន់ដែលសម្រេចបញ្ចប់ការខ្វែងយោបល់យកទីតាំងវិទ្យាល័យឡូវែល ប្តូរទៅ‹ខលី›ឬក៏កែរលំអរនៅទីតាំងដដែល‹ដោនថោន›បានមកដល់, ថ្ងៃអង្គារទី២០មិថុនា២០១៧ ក្រុមប្រឹក្សាក្រុងឡូវែលនឹងធ្វើការបោះឆ្នោតជាប្រវត្តិសាស្ត្រ
បន្ទាប់ពីពន្យាលើកពេលច្រើនដងមក។ រាត្រីទី២០ វេលាម៉ោង១២អាធ្រាត សមាជិកក្រុមប្រឹក្សាក្រុងឡូវែល៩រូបបានបោះឆ្នោត សម្រេចបានលទ្ធផល‹ដោនថោន›បាន ៤សម្លេង(មានទាំងសម្លេងឆ្នោតចៅហ្វាយក្រុងខេណ្ណឺឌីផង) ទល់នឹង‹ខលី›បាន៥សម្លេង ដូច្នេះវិទ្យាល័យឡូវែលនឹងទៅសង់នៅខលី តាមសេចក្តីសម្រេចភាគច្រើនរបស់សមាជិកក្រុមប្រឹក្សាក្រុងឡូវែល។ លទ្ធផលនេះបានធ្វើឱ្យពលរដ្ឋឡូវែល ប្រមាណជា៣០០នាក់ ដែលបានមកចូលរួមស្តាប់កិច្ចប្រជុំ រហូតដល់ចប់នៅម៉ោង១កន្លះព្រឹក មានប្រតិកម្មខុសៗគ្នា ដោយសារការប្រកាន់យកទស្សនៈខុសៗគ្នាពីទីតាំងនៃការសង់ថ្មីនៅកន្លែងថ្មីស្របនឹងគំនិតវិទ្យាល័យនៃ‹សតវត្យទី២១› ឬ កែរលំអលើទីតាំងចាស់នៃ‹សំណង់ប្រវត្តិសាស្ត្រ›នោះ។
សម្លេងឆ្នោតប្រកាន់យកទីតាំងនៅ‹ខលី› មានលោកស្រីសមាជិកក្រុមប្រឹក្សា រីដា មើសៀ ដែលមានការប្រាកដប្រជាខ្លាំងខ្លាក្នុងការសម្រេចចិត្តយកទីតាំង‹ខលី›ប្រឈមមុខនឹងការទិទានឬគម្រាមពីអ្នកដែលចូលចិត្តយកទីតាំង‹ដោនថោន›, បន្ទាប់មកមានលោក រ៉តនី អេលិយ៉ុត ដែលទាមទារឱ្យអង្គប្រជុំប្រព្រឹត្តទៅដូចគម្រោងមិនឱ្យពន្យាពេលតទៅទៀត លោកមានការច្បាស់លាស់ក្នុងជំនឿ‹ខលី›គឺជាអនាគតរបស់ឡូវែលតាំងពីយូរមកហើយ, រួចមកមានលោក ជីម ឡេរី ដែលជាអ្នករើកកាយពីការខ្វះចន្លោះក្នុងការពន្យល់ពលរដ្ឋម្ចាស់ពន្ធទាំងខុសថាទីតាំង‹ខលី›បានបង្កើនចំណាយលើសពី‹ដោនថោន› ហើយលោកបានបន្ទោសវគ្មិនដែលឡើងមកសម្តែងមតិថា មិនមាននរណានិយាយពីផលប្រយោជន៍នៃសាលារៀនសម្រាប់កូនសិស្សសោះពីព្រោះនោះហើយជាបុព្វហេតុនាការសម្រេចចិត្តដ៏សំខាន់នារាត្រីនេះ, លោក ដាន់ រួក មានតួរនាទីជាចៅហ្វាយក្រុងរង មិនបាននិយាយអ្វីច្រើនទេ តែលោកបានបង្ហាញទស្សនៈលោកនៅក្នុងសារពត៌មានខ្មែរផុសរួចហើយ ពីហេតុផលរបស់លោកដែលបានសម្រេចយកទីតាំង‹ខលី›, រីឯអ្នកដែលបានធ្វើឱ្យក្រុម‹ដោនថោន›ខកចិត្តជាងគេគឺលោក កូរី បាឡិនជ័រ ជាសមាជិកក្រុមប្រឹក្សាទី៥ដែលបានធ្វើឱ្យសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាក្រុងឡូវែលឃ្លោងពី‹ដោនថោន›ទៅរក
‹ខលី›វិញ ពីព្រោះលោកយល់ថាសកម្មភាពរបស់លោកតាំងពីច្រើនឆ្នាំមកហើយគឺបំរើការអភិវឌ្ឍន៍ឡូវែលដោយប្រឹងប្រែង ហើយបានឃើញឱកាសដែលឡូវែលកំពុងតែផ្លាស់ប្តូរស្របនឹងចក្ខុវិស័យពង្រឹងសេដ្ឋកិច្ចឡូវែលផង នឹងផ្តល់វិស័យអប់រំសតវត្យទី២១ដល់យុវជនឡូវែលផង ក្នុងគំនិតនេះលោកមិនខ្លាចនឹងការគម្រាមមិនបោះឆ្នោតឱ្យលោកនាខែវិច្ឆិការខាងមុខនោះទេ។
សមាជិកក្រុមប្រឹក្សាដែលបានបោះឆ្នោតយក‹ដោនថោន›មានលោកអភិបាលក្រុង អេដ ខេណ្ណឺឌី, មានលោកសមាជិកក្រុមប្រឹក្សាមេលីណាស្ហូ, លោក ប៊ីល សាម៉ារ៉ាស នឹងលោក ចន លីហ៊ីដែលមានមតិជាទូរទៅ ចង់រក្សាអគ៌ាជាប្រវត្តិសាស្ត្របន្តរមរតកនៃបុព្វបុរសកាលពី១សតវត្យមុនឱ្យនៅកន្លែងដដែលមក ។
នារាត្រីទី២០នោះ អ្នកគាំទ្រយកទីតាំង‹ខលី›បានបញ្ចេញយោបល់ថា ១-ឱកាសដែលរដ្ឋបញ្ចេញប្រាក់ជិត៤០០ លាន ដុល្លាមកឱ្យរៀបចំវិទ្យាល័យសាជាថ្មី ជាឱកាសដ៏កម្រខ្លាំងណាស់ គួរតែឆ្លៀតឱកាសរៀបចំវិទ្យាល័យនេះឱ្យស្របតាមសេចក្តីត្រូវការរបស់ការអប់រំនាសម័យសតវត្យទី២១ មធ្យោបាយមានតែ១ គឺគម្រោងថ្មីនៅនៅលើទីតាំងថ្មី ទើបអាចធ្វើទៅបាន ២-ការមិនយល់ស្របយកទីតាំងចាស់ គឺអាគារមានការទ្រុឌទ្រោមខ្លាំងណាស់ហើយ មានការជួសជុលច្រើនដង អស់ថវិការច្រើនសិបលានដុល្លាហើយនៅតែមិនអាចឆ្លងការត្រួតពិនិត្យរដ្ឋបាននៅឡើយ ដូច្នេះអាចនឹងមានការគ្រោះថ្នាក់បន្តរទៅទៀតនៅថ្ងៃមុខបាន, ទីធ្លាក៏មិនធំទូលាយសម្រាប់តែសាលារៀនទេ តែនៅក្នុងក្រុងទាំងមូលដែលមិនអាចធ្វើឱ្យសេដ្ឋកិច្ចក្រុងឡូវែល រីកចំរើនទៅបាន ដោយសារតែភាពចង្អៀតចង្អល់កាន់តែខ្លាំងឡើងនេះដែរ ៣-វិទ្យាល័យដែលនៅមិនឆ្ងាយពីលំនៅឋាន មានសិស្សអាស៊ីជាច្រើននាំគ្នាដើរពីផ្ទះ កាត់ក្រុង ដើម្បីទៅសាលារៀន តែវិធីនេះក៏មានមាតាបីតាជាច្រើនមានកង្វល់ថាៈ មិនផ្តល់សុវត្ថិភាពនឹងភាពងាយស្រួលដល់ការធ្វើដំណើររបស់សិស្សទេ ៤-បើមានការប្តូរទីតាំងសាលាទៅក្រៅក្រុង នៅ‹ដោនថោន›គេអាចកែរលំអ ពង្រីកទៅជាមណ្ឌលសេដ្ឋកិច្ចដែលអាចរកប្រាក់ចំណូលពន្ធដារបានច្រើនជាងមុន ដំបន់ទាំងមូលនឹងបានប្តូរមុខមាត់ផង – ម្យ៉ាងទៀតនៅពេល៤-៥ឆ្នាំនៃការសាងសង់សាលាថ្មី មិនរំខានដល់ការសិក្សារបស់នឹងការបង្រៀនរបស់គ្រូមួយជំនាន់នោះទេ។
នៅរាត្រិដដែលនោះអ្នកដែលគាំទ្រឱ្យសាលានៅ‹ដោនថោន›បានមើលឃើញហើយបញ្ចេញយោបល់ថាៈ ១- វិទ្យាល័យ ឡូវែល នៅលើទីតាំងចាស់បានបំពេញតួរនាទីរបស់ខ្លួនបានល្អឥតខ្ចោះ ទទួលកេរឈ្មោះល្អជាសាលាដែលនៅក្នុងចំណោមសាលាដែលមានឈ្មោះល្បីក្នុងប្រទេសផង ២-នៅកណ្តាលក្រុង វិទ្យាល័យបានអនុញ្ញាត្តឱ្យសិស្សគ្រប់ពណ៌សម្បុរមករៀនចម្រុះដោយគ្មានទំនាស់គ្មានការប្រកាន់គ្នា សិស្សក៏អាចដើរមកសាលារៀនបានទៅកន្លែងសិក្សាបន្ទាប់ម៉ោងរៀន ទៅបណ្ណាល័យរដ្ឋ ដោយទីទាំងនោះនៅមិននៅឆ្ងាយពីផ្ទះសម្បែងខ្លួនផង ៣-ចំណែកថវិការជួសជុលឱ្យទៅជាថ្មីវិញនោះ ក៏នឹងមិនធ្វើឱ្យអ្នកបង់ពន្ធធ្ងន់ធ្ងរឡើយ។ តែនារាត្រីថ្ងៃទី២០នោះ វាគ្មិនជាច្រើនដែលគាំទ្រ‹ដោនថោន›នាំគ្នាទាមទារមិនឱ្យសមាជិកក្រុមប្រឹក្សាជាអ្នកសម្រេចយកទីតាំងទេ បែរជាសុំឱ្យមានការបោះឆ្នោតជាសាធារណមួយជា‹អ្នកសម្រេចយកទីតាំង›នាពេលក្រោយទៅវិញ។
នៅលើសំណើរចុងក្រោយរបស់អ្នកគាំទ្រ‹ដោនថោន›នេះ លោកអភិបាលក្រុង ខេណ្ណឺឌី បានស្នើឱ្យអង្គប្រជុំក្រុមប្រឹក្សាក្រុងសម្រេច តែអង្គប្រជុំបានទាត់ចោលដោយសម្លេង៥ទល់នឹង៤ នៅម៉ោង១១,៤៥អាធ្រាត ពីព្រោះសំណើរដដែលនេះបានស្នើម្តងហើយ ដោយលោកសមាជិកក្រុមប្រឹក្សាក្រុង រ៉តនីយ អេលីយ៉ុត ដែលគាំទ្រ‹ខលី›កាលពិខែមុន ក៏បានត្រូវទាត់ចោលដូចគ្នា។
ថ្វីត្បិតតែសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាក្រុងឡូវែល បានប្រព្រឹត្តទៅអស់រយៈពេលរហូតដល់៦ម៉ោងក៏ដោយ ក្រុមប្រឹក្សាបានស្តាប់យោបល់វាគ្មិនទាំងអស់(ប្រមាណជិត៧០នាក់) យ៉ាងយកចិត្តទុកដាក់ ហើយបានផ្តល់សេចក្តីសម្រេចចិត្តយ៉ាងប្រុងប្រយ័ត្ន ប្រកបដោយការគោរពច្បាប់ នឹងគោរពស្មារតីនៃលិទ្ធិប្រជាធិបតេយ្យ គ្មានសល់ចន្លោះ រហូតដល់បានសេចក្តីសម្រេចចិត្តដ៏លំបាកមួយ ដែលការបែងចែកសង្គមជា២នៅជ្រងោពីមុខការទទួលខុសត្រូវនៃសមាជិកក្រុមប្រឹក្សាក្រុងឡូវែលទាំងអស់។
នៅក្នុងទំព័រនៃពត៌មានសង្គម នាថ្ងៃបន្ទាប់មក គេហាក់ពុំទាន់ឃើញឡូវែលត្រឡប់មករកការចុះសម្រុងគ្នា ដើរទៅរកការកសាង‹ខលី›នៅឡើយទេ, ខាង‹ដោនថោន›មានការអាក់អន់ស្រពន់ចិត្តចង់បន្តរសកម្មភាព ធ្វើឱ្យមានការប្តូរសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាក្រុង ដោយប្រកូកឱ្យពលរដ្ឋចុះហត្ថលេខាឱ្យបានច្រើនតវ៉ាឱ្យយកការបោះឆ្នោត ធ្វើសេចក្តីសម្រេចចិត្តមួយទៀតនៅខែវិច្ឆិការខាងមុខ ដោយសម្លេងឆ្នោតពលរដ្ឋឡូវែលវិញម្តង ។ បើធ្វើមិនបានទេ រដ្ឋនឹងចុះហត្ថលេខាប្រគល់ប្រាក់សំណង់មកឡូវែល នៅខែកុម្ភៈ២០១៨ ហើយប្តើមសំណង់‹ខលី›ជាបន្ទាប់ភ្លាមដែរ ។ បើសម្លឹងទៅខាងសមាជិកក្រុមប្រឹក្សាក្រុង គេមិនទាន់ឃើញមានសញ្ញាណាមួយថា បន្ទាប់ពិបោះឆ្នោតយក‹ខលី›រួចហើយ សមាជិកក្រុមប្រឹក្សាមានការបែកបាក់គ្នាទេ ភាពចុះសម្រុងគ្នា ឃើញត្រឡប់មកនៅមានដូចមុនដដែល៕
លោក អេដ ខេណ្ណឺឌី នៅបន្តរប្រតិកម្មទប់ទល់‹ខលី›
ថ្វីត្បិតតែការបោះឆ្នោតមិនបានលទ្ធផលនៅសាលាក្រុង ដូចសេចក្តីប្រាថ្នារបស់លោក អេដ ខេណ្ណឺឌី ក៏ដោយ លោក
អភិបាលក្រុង នឹងនៅតែបន្តរប្រតិកម្មនៅក្រុមប្រឹក្សាសាលារៀន(School committee)ថែមមួយទៀត ដោយសារលោកមានតួរនាទីជាប្រធានរបស់គណកម្មការនោះដែរ។ ទីប្រឹក្សាច្បាប់និយាយថា‹សាលាក្រុងមានអំណាចគ្រប់គ្រាន់នឹងធ្វើសេចក្តីសម្រេចបាន› ហើយបន្តរថាៈ គណកម្មការសាលារៀន‹គ្មានអំណាចធ្វើសេចក្តីសម្រេចលើទីតាំងវិទ្យាល័យនោះទេ› ប៉ុន្តែលោក អេដ ខេណ្ណឺឌី នៅតែបន្តរឱ្យមានការបោះឆ្នោត‹យកខលីឬដោនថោន›ក្នុងគណកម្មការសាលារៀន នៅថ្ងៃពុធខាងមុខនេះដដែល។ លោក អេដ ខេណ្ណឺឌី ពេលខែមុននេះសោះ ធ្លាប់ប្រឆាំងនឹងសំណើររបស់លោក រ៉តនី អេលីយ៉ុត នឹង កូរី បាឡិនជ័រ មិនឱ្យធ្វើ‹ប្រជាមតិ›នោះ ស្រាប់តែពេលនេះមិនបានរក្សាពាក្យរបស់លោក នឹង នៅតែតស៊ូបើទោះជាមិនស្របច្បាប់ក៏ដោយ៕