Top Mobile Banner

តើកម្ពុជានឹងត្រូវរលាយមែនទេ?

អឺរ៉ុប ថ្ងៃទី០១ឱសភា២០២៤
ប្រទេសជាច្រើន បានត្រូវលុបចេញពីផែនទីពិភពលោក ដោយហេតុចាញ់សង្គ្រាម ឬទន់ខ្សោយពេក ត្រូវប្រទេសផ្សេងយកជារណប ឬដាក់ជាប្រទេសរបស់គេតែម្តង។ ប្រទេសចំប៉ាបានរលាយបាត់ខ្លួន រីឯប្រទេសឡាវជាដើម បានត្រូវគេពិពត៏នាថា«លែងជាម្ចាស់នៃប្រទេសខ្លួន»ទៅហើយ ។ រីឯប្រទេសកម្ពុជាវិញ មានការវិភាគជាច្រើនឲ្យយោបល់ថា«យោងតាមស្ថានភាពបច្ចុប្បន្ន ប្រទេសកម្ពុជាគេចមិនរួចពីការរលាយខ្លួន»នោះទេ នោះក៏ដោយសារ តាំងពីជំនាន់សម្តេច នរោត្តម ស៊ិហនុ នាឆ្នាំ១៩៥៤ មកដល់បច្ចុប្បន្ននេះ អ្នកនយោបាយកម្ពុជាតែងតែមានជំនឿ តែទៅលើប្រទេសចិន នឹងប្រទេសវៀតណាម ដែលប្រទេសទាំង២ សុទ្ធតែជាប្រទេសរប្រកាន់របបកុម្មុយនីស្ត ដែលថា«ចុងបញ្ចប់ប្រទេសកុម្មុយនិស្តនឹងឈ្នះ នៅជ្រោយឥណ្ឌូចិននេះ»។ តែការទស្សន៍ទាយនោះជាការឃោសនា ហើយប្រទេសទាំង២នោះ តែងប្រទាញឲ្យកម្ពុជា ដែលជាសម្ព័ន្ធមិត្តដែកថែប ទម្លាក់ទៅក្នុងភ្នក់សង្គ្រាម សម្លាប់មនុស្ស អស់ច្រើនលាននាក់ នៅក្នុងកម្ពុជា ដែលមានមនុស្សតិចទៅហើយស្រាប់ ។ ជំនាន់សាធារណរដ្ឋលោក លន់ នល់ ដែលធ្វើនយោបាយប្រជាធិបតេយ្យសេរីមិនច្បាស់លាស់ ក៏សុខចិត្តចរចាឲ្យ សម្តេច ស៊ីហនុ ជាអ្នកឈ្នះ តែកុម្មុយនិស្តឯណោះសោះ ជាអ្នកត្រឡប់មកយកកម្ពុជាសម្លាប់មនុស្សទៅវិញ, សូម្បីតែខ្មែរក្រហមខ្លួនឯង ដែលថាស្អប់យួនណាស់នោះ ក៏នៅតែធ្វើឲ្យកម្ពុជាធ្លាក់រឹតតែធ្ងន់ ទៅក្នុងកណ្តាប់ដៃវៀតណាមក្រហមដែរ… បណ្តាលឲ្យខ្មែរស្លាប់រង្គាល វាល់រាប់លាននាក់ ដោយភាពល្ងង់ខ្លៅ…ទាំងនោះមិនទាន់បានទូទាត់ សហគមន៍វៀតណាម ដែលកើនឡើងរាល់ថ្ងៃនៅកម្ពុជា នោះផង។ ចណែកឯស្ថានភាពភូមិសាស្ត្រវិញ ផែនទីខ្មែរសព្វថ្ងៃ បានត្រូវផ្លាស់ប្តូរតាំងពីឆ្នាំ១៩៨២មក ឲ្យចំណេញទៅវៀតណាម តែនៅប្រើផែនទីចាស់ដដែល បណ្តាលឲ្យមានជម្លោះដីធ្លី នៅតាមទល់ដែន រវាងពលរដ្ឋខ្មែរនឹងវៀតណាមរាល់ថ្ងៃ។ បើយ៉ាងនេះ តើកម្ពុជានឹងត្រូវរលាយមែនទេដឹង?
សំណាងល្អមួយដែរ ដែលសហគមន៍អន្តរជាតិ បានបោះដៃមកសង្គ្រោះពលរដ្ឋកម្ពុជា ដោយកិច្ចព្រមព្រាងសន្តិភាពនៅប្រទេសបារាំងឆ្នាំ១៩៩១, ប៉ុន្តែ មុនសន្ធិសញ្ញាក្រុងប៉ារីសចាប់កំណើត១ខែ ចិននឹងវៀតណាមបានព្រមព្រាងគ្នា នៅហាណូយ ដើម្បីបំផ្លាញដំណោះស្រាយសន្តិភាពនៅកម្ពុជា ដែលរៀបរាងដោយអង្គការសហប្រជាជាតិមួយនោះ ឲ្យទាល់តែបាន។
យើងនៅចងចាំគ្រប់គ្នានូវព្រឹត្តិការ «ឡាំប៉ា»នាពេលបោះឆ្នោត, គឺនយោបាយ«ឈ្នះឈ្នះ»ដោយល្បិច បានកើតឡើងពីពេលនោះទៅហើយ…មានការបណ្តេញ«អ៊ុនតាក់»ចេញពីកម្ពុជា, សម្តេច ស៊ីហនុ ឡើងសោយរាជ្យ រួចទៅបង្កើតសភាធម្មនុញ្ញនៅប៉េកាំង… បន្តរទៅទៀត សុទ្ធសឹងជាព្រឹត្តិការ ដែលរៀបចំឡើងដើម្បីតែ«ជ័យជំនះនយោបាយប៉េកាំងនឹងហាណូយតែម្ខាង» ទោះជាខ្លួនឯងចាញ់ឬឈ្នះក៏ដោយ។ ចាប់តាំងពីឆ្នាំ១៩៩៧ គណបក្សហ្វុនស៊ិនប៉ិច រួមនឹងគណបក្សអតីតអ្នកតស៊ូ បានត្រូវរបើករបាញ ដោយការព្យាបាទពីគណបក្សដែលវៀតណាមបានបន្តុបក្នុងអំណាច ក៏ខ្ទាតចេញពីអំណាច ខុសពីកិច្ចព្រមព្រាងអស់រលីង។ ឆ្នាំ២០១៣លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីអំណាចឯកបក្សផ្តាច់មុខ កណ្តាប់ដៃដែក នៅកម្ពុជា បានធ្វើឲ្យបក្សប្រឆាំង នឹងអ្នកតស៊ូមតិ រលាយស្ទើរតែទាំងអស់ បានរត់ចោលស្រុកដោយភ័យខ្លាច, ឆ្នាំ២០១៧គណបក្សប្រឆាំងសង្គ្រោះជាតិ ក៏បានត្រូវរំលាយចោល នៅសល់តែការតស៊ូមតិតិចតួច នៃក្រុមកម្មកររោងចក្រ នៃក្រុមអ្នកកាពារធម្មជាតិ នៃក្រុមតវ៉ាដីធ្លី… អំណាចនឹងការជួញដូរ ក្នុងនឹងក្រៅប្រទេស ប្រមូលទ្រព្យសម្បត្តិ ទៅពូននៅក្រុមអភិជននៃក្រុមគ្រួសារត្រកូលហ៊ុន នឹងបរិវាតែមួយគត់។ លទ្ធីប្រជាធិបតេយ្យនៅកម្ពុជា បានត្រូវរំលំ, រាស្ត្រតូចតាចរស់នៅក្រោមការភ័យខ្លាច ភាពអត់ឃ្លានឋិតនៅស្រទាប់ក្រីក្រ គ្មានសមភាពនឹងភាតរភាព នឹងសុចរឹតភាពក្នុងសង្គម, បណ្តាញភូតភរវិទ្យុ ឬទូរទស្សន៍ ឬទូរស័ព្ទ បានបំភ្លៃពត៏មាន កាពារជនទុច្ចរឹត។ ទាំងនោះសុទ្ធតែជាគោលដៅរបស់ប្រទេសជិតខាង ដែលរង់ចាំ ឲ្យតែកម្ពុជាចុះឱនថយនឹងទៅពឹងពាក់ពួកគេពេលណា គឺនៅពេលនោះហើយ ដែលការសម្លាប់រង្គាលនឹងបន្តរឡើងវិញ នៅកម្ពុជាសារជាថ្មី ។ តើរបបផ្តាច់ការខ្មែរមួយនេះ អាចរស់រានដល់ពេលអនាគតយ៉ាងម៉េចបាន?
មែនហើយ ពីភពលោកបានចូលមកជួយកម្ពុជា៣ដងរួចមកហើយ គឺនៅឆ្នាំ១៨៥០ម្តង ពេលបារាំងចូលមកធ្វើអានាព្យាបាលខ្មែរ បានបណ្តញយួននឹងសៀម ចេញពីស្រុកខ្មែរ, នៅឆ្នាំ១៩៥៤ម្តង នឹងឆ្នាំ១៩៨៨ម្តងទៀត ដោយបណ្តេញវៀតណាម ចេញពីទឹកដីកម្ពុជា, ជាញឹកញាប់ គេបានដាក់ដង្គាបលើសេដ្ឋកិច្ចប្រទេសចិនប៉េកាំង ផ្តាច់លទ្ធភាពគាបសង្កត់សេដ្ឋកិច្ចប្រទេសតូចតាច, គេឲ្យចុះហត្ថលេខាលើកិច្ចព្រមព្រាងក្រុងប៉ារីសឆ្នាំ១៩៩១ កាពារសន្តិភាពនឹងភាពរុងរឿងក្នុងតំបន់…ប៉ុន្តែពួគក្រហមទាំងនោះ នៅតែរកឃើញ ជនទុច្ចរឹតខ្មែរ មកធ្វើជាអាយ៉ងរបស់គេយ៉ាងរឹងមាំ ដំណាងផលប្រយោជន៏ពួកគេ បានដដែល។ ហេតុនេះហើយ ខ្មែរឆោតល្ងង់ ច្រើនខ្លាចពួកដៃដល់កុម្មុយនិស្ត ដែលនៅក្បែរខ្លួន តែមិនបានមើលឃើញថា មាន«ដៃប្រយោលនៃលោកសេរី»ដែលតែងតែទប់ស្កាត់មិនឲ្យរំលាយកម្ពុជា តាមរូបភាពកម្រោលបាននោះទេ។ ថ្នាក់ដឹកនាំខ្មែរខ្លះ បានសាកល្បងតោង«ដៃប្រយោល»នោះ ដូចជាសម្តេច ស៊ីហនុ នាអម្លុងឆ្នាំ១៩៦៨, ដូចជាលោក លន់ នល់ នាឆ្នាំ១៩៧០ តែគេមិនព្រមថ្ពក់ដៃតបមកវិញទាល់តែសោះ ដែលធ្វើឲ្យរបប ស៊ីហនុនិយមក្តី របប លន់ នល់ សាធារណរដ្ឋនិយមក្តី ក៏ដួលរលំយ៉ាងទាន់ហន់… ប៉ុន្តែជោគជ័យរបស់ពួកក្រហម បែរជាពុំបានទៅដល់ដៃប្រជាពលរដ្ឋខ្មែរ តែដដែល ។ ហេតុអ្វី បានជាលោកសេរីមិនព្រមជួយខ្មែរ?
ពីព្រោះក្រុម ស៊ីហនុនិយម នឹងក្រុម សាធារណរដ្ឋនិយម ជាថ្នាក់ដឹកនាំ «ប្រជាធិបតេយ្យសេរីក្លែងក្លាយ» ធ្វើ នយោបាយដោយគ្មានជំនឿច្បាស់លាស់ លើរបបដែលខ្លួនចង់បាន នេះរាប់ទាំងគណបក្សប្រឆាំងខ្មែរផង។ ប្រវត្តិសាស្ត្របានបង្ហាញថា លោកសេរីកំពុងតែជួយជប៉ុន ជួយចិនតាយវ៉ាន់ ជួយកូរ៉េខាងត្បូង ពីព្រោះគេជឿទៅលើ«សិទ្ទីនឹងសេរីភាពរបស់ពលរដ្ឋគេ»។ រីឯអ៊ុយក្រែនវិញ ជាប្រទេសចុងក្រោយបង្អស់ ដែលគេមានជំនឿយ៉ាងមុតមាំលើឯករាជ្យ សេរីភាព នឹងប្រជាធិបតេយ្យ នៃប្រទេសរបស់ខ្លួន គឺទូទាំងប្រទេសលោកសេរី គ្មានប្រទេសណាគេរួញរា នឹង«ធ្វើឲ្យអ៊ុយក្រែនឈ្នះប្រទេសកុម្មុយនិស្តរុស្សី»នោះទេ ។ នៅកម្ពុជាបច្ចុប្បន្ន ពួកលោកសេរី គេដាក់ទណ្ឌកម្មលើបក្សពួកផ្តាច់ការនិយម ហ៊ុន សែន តែគេទុកផ្លូវឲ្យក្រុមថ្មី នៃនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ងាករេទៅរកលទ្ធិប្រជាធិបតេយ្យ ឬក៏ហោចណាស់ ទៅរកការគោរពសិទ្ធិមនុស្សដែរ ប៉ុន្តែមរតកនៃរបបក្រុងប៉េកាំង នឹងក្រុងហាណូយ នៅបន្តរយ៉ាងជ្រាលជ្រៅនៅឡើយ ដោះដៃមិនទាន់រួចទេ។ អាស៊ានអាចជាស្ពាននៃការដកខ្លួនចេញពីសេដ្ឋកិច្ចកម្ពុជា ដកដង្ហើមកុម្មុយនិស្ត ប៉ុន្តែច្រកចេញដ៏ប្រសើរបស់កម្ពុជា នៅតែជារបបសេរីពហុបក្សដដែល ដែលប្រជាពលរដ្ឋខ្មែរបានបង្ហាញ នៅពេលណាដែលមានការបោះឆ្នោតត្រឹមត្រូវម្តងៗ ។ សុភាសិតខ្មែរមួយនិយាយថា «ត្រង់ស្លូតស្លាប់ វៀចវេមានភ័ព្វ អាយុយឺនយូរ» តែនេះជាផ្លូវសម្រាប់ អ្នកទន់ខ្សោយរកតែផ្លូវតេចពីឩប្បស័គ្គទេ តែអ្នកមានប្រាជ្ញាភ្លឺស្វាង ចេះឈឺចាប់ មិនយល់ថា ផ្លូវនោះត្រឹមត្រូវសម្រាប់រំដោះជាតិខ្មែរទេ៕

ព័ត៌មានទាក់ទង