ពីអឺរ៉ុប ថ្ងៃទី៥ខែសីហា២០២៤
តំបន់ត្រីកោណអភិវឌ្ឍន៍ខ្មែរ ឡាវ វៀតណាម ហៅថា«CLV» កំពុងតែរងការទិទាន នឹងប្រឆាំងយ៉ាងខ្លាំងខ្លា ចំពោះគម្រោងអភិវឌ្ឍន៍ត្រីកោណនោះ ពីសំណាក់យុវជនយុវនារីជានិស្សិតឬជាកម្មករកសិករ គ្រប់ទីកន្លែង ទាំងក្នុងនឹងក្រៅប្រទេស ទាមទារ ឲ្យដកកម្ពុជាចេញពីកិច្ចព្រមព្រាងទាំង៣ប្រទេស ពីព្រោះអ្នកទាំងនោះយល់ស្របគ្នាថា«ការដាក់ផ្ទៃដីរកស៊ីចូលគ្នាជាមួយនឹងវៀតណាម ខ្មែរនឹងបាត់បង់ទឹកដីទៅឲ្យវៀតណាមនៅថ្ងៃណាមួយជាមិនខាន» ដោយយោងតាមហេតុថា ពីអតីតកាលមក វាយ៉ាងដូច្នេះឯង។
លើកនេះ ក្រុមបាតុករមិនបានរង់ចាំមេដឹកនាំ ឬបក្សប្រឆាំងណាមកដឹកនាំគេទេ គេធ្វើដោយឆន្ទៈផ្ទាល់ៗខ្លួន ហើយយល់ស្របដូចគ្នា«ថាគ្រោះថ្នាក់មកដល់ប្រជាជាតិហើយ បើមិននាំគ្នាចាប់អារម្មពីគ្រោះថ្នាក់ពេលនេះទេ នឹងពុំមានពេលទៀតទេ»។ ហេតុអ្វី? ក្រុមអ្នកកាន់អំណាចនៅភ្នំពេញ មានទាំងក្រុមគណបក្សប្រជាជនគាំទ្រផង បានធ្វើឲ្យខូចឈ្នោះ ខូចកិត្តិយសពីព្រោះតែអំពើអកុសលពេញក្នុងប្រទេស យកទ្រព្យសម្បត្តិជាតិជាសម្បត្តិក្រុមខ្លួន ធ្វើឲ្យជាតិជំពាក់បំណុលបរទេស ចែកចាយតួរនាទីធំតូច ឲ្យឲ្យក្រុមគ្រួសារផ្ទាល់ខ្លួនឯង ធ្វើគម្រោងក្រៅប្រទេស តែងតែចាញ់ប្រៀបបរទេស គេយកបានទាំងទឹកបាត់ទាំងដី ជារៀងរាល់ថ្ងៃ គ្មាននរណាញញើតញញើម ពីកិច្ចព្រមព្រាងក្រុងប៉ារីស ដែលខ្លួនបានចុះហត្ថលេខានោះអ្វីបន្តិចទេ។
ថ្ងៃទី១១នេះនៅ ក្រុងសេអ៊ូល កូរ៉េខាងត្បូង ក្រុមបាតុករបានចេញមុខលែងខ្លាចគ្រោះថ្នាក់ រាប់ពាន់នាក់ កាន់ទង់ជ័យកម្ពុជាព្រោងព្រាត បានប្រមូលគ្នាមកបញ្ចេញមតី ច្រៀងបទស្នេហាជាតិរួមគ្នា ផ្សាយតាមបណ្តាញពត៏មាន ឲ្យសកលលោកបានដឹងឭ ។ គេបានទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ចាកចេញពីត្រីកោណអភិវឌ្ឍន៏ មានខ្លះទាមទាឲ្យរដ្ឋាភិបាលចុះចេញពីដំណែងផង។ ក្នុងពេលដដែល រដ្ឋលេខាធិការអ្នកនាំពាក្យខាងរដ្ឋាភិបាល បានឆ្លើយតបនឹងក្រុមបាតុករថា«ភិបាលបានរក្សាស្ថេភាពនឹងសន្តិសុខជូនប្រជាជាតិរួចហើយ សូមកុំឲ្យចាញ់បោកអ្នកញុះញុងមួយក្រុមតូច នឹងកុំធ្វើអ្វីឲ្យខុសច្បាប់ឲ្យសោះ»។ ក្រមអ្នកវិភាគវិញបានកត់សំគាល់ថា«រដ្ឋាភិបាលហាក់ដូចជាមិនយកចិត្តទុកដាក់លើវត្តមានអ្នកស្នេហាជាតិជំនាន់ថ្មីនៅឡើយទេ…»ទំនងជាមិនបានឃើញមានបាតុករជំនាន់ចាស់ នៅក្នុងបាតុកម្មថ្មីនេះ ជាមួយគ្នា ទើបលាបពណ៍ទំលាក់កំហុសតែម្តង ។
នៅថ្ងៃដដែលនោះ យើងដឹងថា មានបាតុកម្មខ្មែរ នៅច្រើនប្រទេសផ្សេងៗទៀត ដូចជានៅជប៉ុន(រាប់ពាន់នាក់) នៅអូស្ត្រាលី (រាប់រយនាក់) គ៏មានធ្វើបាតុកម្មក្នុងគំនិតដូចគ្នាដែរ គឺទាមទាឲ្យកម្ពុជាដកខ្លួនចេញពីប្រទេសអភិវដ្ឍន៏ត្រីកោណចេញ ។ ប្រជាពលរដ្ឋខ្មែរដែលចាកចេញពីស្រុកកំណើត ទៅរស់នៅប្រទេសសេរី អាចបញ្ចេញមតិយោបល់ នៅប្រទេសទាំងនោះ ដោយពុំមានទោសឬខុសនឹងច្បាប់ប្រការណាមួយឡើយ មិនតែប៉ុណ្ណោះដោយសារតែសិទ្ធីពលរដ្ឋ អាចតម្រូវឲ្យដំណាងរាជទូតខ្មែរប្រចាំប្រទេសទាំងនោះ ចេញមកទទួលពាក្យបណ្តឹង ឬសារពីប្រជាពលរដ្ខខ្លួនថែមទៀតផង។ មិនដូចគ្នានឹងបរិយាកាសនៅកម្ពុជាទេ គេអាចចោទប្រកាន់ថាធ្វើនេះ ឬធ្វើនោះខុសច្បាប់ ហើយអាចជាប់គុកដោយសារតែការនិយាយស្តី បានយ៉ាងងាយស្រួល ព្រោះប្រទេសនោះអនុវត្តន៍ ជាប្រទេសគ្រួសារនិយម ឬក៏ផ្តាច់ការនិយមតែម្តង យកលទ្ធិប្រជាធិបតេយ្យ គ្រាន់តែជាលេសសម្រាប់បំភាន់ភ្នែកអន្តរជាតិ តែប៉ុណ្ណោះ។
តាមពិតទៅ តំបន់អភិវឌ្ឍន៏ត្រីកោណនេះ មានអាយុកាល២៥ឆ្នាំទៅហើយ ពេលនោះកម្ពុជាបានដាក់បញ្ចូលខែត្ត៤ មានរតន៉គីរី ក្រចេះ ស្ទឹងត្រែង មណ្ដលគីរី ជាដើមទុន ភាគហ៊ុន តែគេសង្កេតឃើញខាងភាគីខ្មែរ មានចំនួនប្រជាពលរដ្ឋតិច គ្មានបានធ្វើវិនិយោគអ្វីបានជាដុំកំភួនទេ ផ្ទុយទៅវិញជនជាតិវៀតណាម គេបានដាក់លុយវិនិយោគ យកចំណេញចេញចូលនៅកម្ពុជា បានយ៉ាងកាក់កប។ ប្រជាជនវៀតណាមក៏ចូលមករស់នៅក្នុងដែនដីកម្ពុជា ក្នុងនាមជាអ្នកមកធ្វើការរដ្ឋបាល កសិកម្ម ជិកអណ្តូងរ៉ែ ឬធ្វើការជាកម្មករឱស្សាហកម្ម កាន់តែច្រើនឡើងៗ ជាលំដាប់ ។ ហេតុអ្វីក៏រឿងវៀតណាមយកដីខ្មែរ ផ្ទុះនៅពេលនេះ?
ថ្មីៗនេះ បញ្ហាសង់ព្រែកជីហ្វូណន់ មានការចំរ៉ុងចំរ៉ាស់ជាមួយនឹងវៀតណាម ពុំដឹងមកពីហេតុអ្វី តែភាគីខាងខ្មែរវិញសម្រុកចង់តែសង់ ដោយមិនខ្វល់ពីកង្វល់វៀតណាមផងទេ, ជាមួយគ្នានោះ បញ្ហាគំនូសព្រំប្រទល់ដែនគ៏មិនទាន់ចប់សព្វគ្រប់ ដែលបញ្ហាដែនសមុទ្រប្រវត្តិសាស្ត្រក៏ហក់ចេញមកវិញ ជាមួយនឹងព្រែកជីកហ្វូណន់ នៅពេលជីកហើយ។ ការដែលក្រុមលោក ហ៊ុន សែន នឹងលោកកូន ហ៊ុន ម៉ាណែត មិនខ្វល់នឹងវៀតណាមមួយរយៈនេះ ក៏បានក្លាយទៅជាគ្រាប់ផ្ទុះផ្ទៃក្នុងប្រទេសខ្មែរ ដោយចង់ផ្គាប់ចិត្តអ្នកប្រឆាំងផង, បង្កជំលោះតបវិញដោយក្រុមគាំទ្ររដ្ឋាភិបាលផង, ឆ្លើយតបនឹង«ហ្វេសប៊ុក»ដែលខ្លួនធ្លាប់តែមើលងាយពីមុនមក, រៀបទ័ពឡើងគគ្រឹកគគ្រេងដូចជាភ័យខ្លាចគ្រោះថ្នាក់ធំណាមួយ នឹងផ្ទុះឡើងដើម្បីទម្លាក់រដ្ឋាភិបាល…, ទាំងនេះជាសញ្ញាស្លន់ស្លោដ៏សំខាន់មួយ របស់ប្រមុខរដ្ឋាភិបាល ដែលអាចជាលទ្ធផលនៃ«ការមិនខ្វល់នឹងកង្វល់របស់វៀតណាម» ដែលទង្វើដូចគ្នានេះ វៀតណាមធ្លាប់ដាក់ទណ្ឌកម្ម ព្រមានលោកអតីតនាយករដ្ឋមន្ត្រីច្រើនដងដែរហើយ។
ព្រឹត្តិការគម្រាមផង កំដរផងរបស់ក្រុមរដ្ឋាភិបាល ចំពោះក្រុមអ្នកប្រឆាំងនៅក្រៅប្រទេស អ្នកសង្កេតការក៏ច្រឡំបល់ ដោយមិនដឹងថានរណាមួយ ជាអ្នកខ្លួនចេញបញ្ជាពិតប្រាកដ នៅស្រុកខ្មែរ? តើរដ្ឋាភិបាលអាចនឹងរកដំណោះស្រាយសន្តិភាព ជូនប្រជាជាតិដែលកំពង់ខ្លាចបាត់ទឹកដីខ្មែរ ទៅវៀតណាម បានឬទេ?
មានរឿដដូចគ្នានេះ នៅប្រទេសអង់គ្លេស គេក៏ធ្លាប់ចូលជាសមាជិកសហភាពអឺរ៉ុបដែរ តែដល់ពេលមានការតវ៉ាច្រើន ហើយដល់ស្ទង់មតិទៅឃើញថា មានមតិភាគច្រើនគេមិនចង់បន្តរ នៅជាសមាជីកសហភាពអឺរ៉ុប តទៅទៀតនោះ គេក៏រៀបចំ«បោះឆ្នោតប្រជាមតិ» បានយោបល់ភាគច្រើន«ខាងអ្នកចង់ថយចេញ»បានឈ្នះ អង់គ្លេសក៏ប្រកាសដកខ្លួនចេញពីសហភាពអឺរ៉ុបទៅ ដោយគ្មានជំលោះជាមួយនឹងប្រទេសណាមួយឡើយ៕